(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវកម្មវិធី «ខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ដែលជាថ្នាក់ដឹកនាំនៃស្ថាប័នក្នុងរាជរដ្ឋាភិបាល អ្នកនាំចេញ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលជា សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ចំនួន ៣០០ នាក់។
គោលបំណងនៃការរៀបចំកម្មវិធី «ខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា» គឺដើម្បីឆ្លុះបង្ហាញពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ និងបង្កើននូវសាមគ្គីភាព មិត្តភាព និងបណ្ដាញពាណិជ្ជកម្ម ជាមួយសមាជិក និងដៃគូពាក់ព័ន្ធនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា៖ «ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ រោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល លើការបង្កើនភាពប្រកួតប្រជែង តាមរយៈយន្តការលើកលែងពន្ធគ្រប់ប្រភេទ សម្រួលសេវាប្រភេទសម្រាប់ការនាំចេញ និងប្រតិបត្តិការោងម៉ាស៊ីនកិនស្រូវ ការអន្តរាគមន៍ហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ការពង្រឹកហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត របស់រាជរដ្ឋាភិបាល ការផ្ដល់ការយកចិត្តទុកដាក់លើការដាំដុះ និងការពង្រឹងប្រព័ន្ធពូជសុទ្ធ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមូលដ្ឋានសំខាន់សម្រាប់ការធ្វើឱ្យដំណាំស្រូវ បានរីកចម្រើនកើនឡើងពីជាង ៨ លានតោន កើនដល់ជាង ១៤ លានតោន នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ដែលផ្ដល់លទ្ធភាពរក្សាបាននូវសន្តិសុខស្បៀង និងមានអតិរេកនាំចេញអង្ករជាង ៦៥ម៉ឺនតោន និងនាំចេញស្រូវចំនួនជាង ៥លានតោន នៅឆ្នាំ២០២៤ ផងដែរ»។
លោក សុខ ពុទ្ធិវុធ ប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា៖ «កត្តារីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងដោយឯកឯងបានទេ គឺកើតឡើងដោយចក្ខុវិស័យដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានតម្រង់ទិស និងបើកផ្លូវដោយថ្នាក់ដឹកនាំពីអាណត្តិមួយទៅអាណត្តិមួយ ហើយអ្វីដែលសំខាន់បំផុតមិនអាចខ្វះបាននោះ គឺកត្តាសាមគ្គីភាពផ្ទៃក្នុង កិច្ចសហប្រតិបត្តិការ ដូចជាគោលគំនិតសំខាន់ៗ ចំនួន២ ដែលបានដាក់ចេញ គឺទី១ ការរួមគ្នាជាធ្លុងមួយ ជាចង្កឹះមួយបាច់ទើបយើងខ្លាំង និងមិនមានអ្នកផ្ដួលយើងបាន និងទី២ គឺចៀសវាងការដណ្ដើមគ្នាពុះច្រៀកនំតែមួយបរិភោគ ប៉ុន្តែយើងជួយគ្នាគិតធ្វើនំឱ្យកាន់តែធំហើយកាន់តែច្រើន ដែលអាចធ្វើឱ្យអ្នកចង់បរិភោគតិច បរិភោគតិចបាន ហើយអ្នកចង់បរិភោគច្រើន ក៏អាចមាននំសម្រាប់បរិភោគច្រើនតាមចំណង់ចំណូលចិត្ត។ ភាពខ្លាំង ភាពរឹងមាំ ភាពជោគជ័យរបស់យើងទាំងអង់គ្នា គឺសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ដែលកត្តាទាំងនេះ ខ្ញុំសូមអំពាវនាវ និងស្នើឱ្យថ្នាក់ដឹកនាំគ្រប់អាណត្តិទៅខាងមុខទៀត រួមនឹងសមាជិក សមាជិកា ទាំងអស់ បន្តរក្សា និងអនុវត្តន៍នូវវប្បធម៌នេះជាបន្តទៅទៀត»។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា «ក្នុងរយៈពេល ១០ឆ្នាំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា មានសមាជិកសកម្មចំនួន ៣០១ ដែលក្នុងនោះមានក្រុមហ៊ុននាំចេញអង្ករចំនួន ៨៧ រោងម៉ាស៊ីនកិនស្រូវ ចំនួន ១២៥ សហគមន៍កសិកម្មចំនួន ៥៦ និងសហគ្រាសផ្សេងៗ ដែលទ្រទ្រង់ដល់វិស័យស្រូវអង្ករចំនួន ៣៣ ។ តាមរយៈសហគ្រាសទាំងនេះ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ៦.៥៩ លានតោន (២០១៤-២០២៤) ទៅកាន់ ១២៣ គោលដៅ។ ក្រៅពីការនាំចេញអង្ករ កម្ពុជា ក៏បាននាំចេញស្រូវប្រមាណជាង ២១.៤៥ លានតោន (២០១៨-២០២៤) ដែលនេះជាសមិទ្ធផលរបស់វិស័យស្រូវអង្ករកម្ពុជា ស្ថិតក្នុងយុគ្គសម័យសន្តិភាព ដែលបានដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយបានបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា»។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានរាយការណ៍ជូនអង្គកម្មវិធី នូវ សមិទ្ធផលធំៗ ដែលសហព័ន្ធស្រូវអង្ករកម្ពុជា សម្រេចបានក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះរួមមាន៖
* អភិបាលកិច្ច៖ ការរៀបចំបាននូវយន្តការអភិបាលកិច្ចមួយប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងប្រសិទ្ធភាព ដែលមានលេខាធិការដ្ឋានប្រកបដោយការទទួលខុសត្រូវ ការទទួលបាននូវវិញ្ញាបនបត្រ ISO 9001:2015 ការគ្រប់គ្រងហិរញ្ញវត្ថុដែលមានការធ្វើសវនកម្មដោយសវនករឯករាជ្យជាទៀងទាត់ និងការបង្កើតបាននូវការិយាល័យលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា ផ្ទាល់ខ្លួនជាអចិន្ត្រៃយ៍។
* ផលិតកម្មពូជស្រូវ និងផលិតកម្មស្រូវចំណី៖ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងមានការចូលរួមគាំទ្រពីកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ការសម្រាំងពូជ និងការធ្វើជម្រើសឯកត្តពូជស្រូវសែនក្រអូប ០១ ត្រូវបានបញ្ចេញឱ្យប្រើប្រាស់នៅឆ្នាំ២០១៩ ដែលជាប្រភេទពូជមានតម្រូវការនៅលើទីផ្សារ និងឆ្លើយតបទៅលើការប្រកួតប្រជែងជាមួយប្រភេទពូជរបស់បណ្តាប្រទេសដែលជាគូរប្រជែង។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ក្រោមគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ការវិនិយោគលើប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទបានជំរុញឱ្យផលិតកម្មស្រូវកម្ពុជាបានកើនឡើងសឹងតែទ្វេរដង ដែលនៅឆ្នាំ២០១១ ផលិតកម្មស្រូវមានត្រឹមតែប្រមាណជា ៧,៣ លានតោន បានកើនជាបន្តបន្ទាប់រហូតដល់ជិត ១៤លានតោន នៅឆ្នាំ២០២៤ ហើយនិន្នាការនិងបន្តកើនឡើងជាលំដាប់។
* កិច្ចសហប្រតិបត្តិការលើការផ្តល់ឥណទាន៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កញ្ចប់ថវិកាពិសេសត្រូវបានផ្តល់ជូនវិស័យស្រូវអង្ករកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រមាណជាជិត ៣០០ លានដុល្លារអាម៉េរិក សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងនិងឡសម្ងួត ក្នុងអត្រាការប្រាក់សមរម្យបំផុត និងបានបន្ថែមកញ្ចប់ថវិការជាបន្តបន្ទាប់សម្រាប់ជាទុនបង្វិល ដែលនៅឆ្នាំ២០២៤ កញ្ចប់ថវិកាចំនួន ៧០ លានដុល្លារអាម៉េរិក ត្រូវបានទម្លាក់បន្ថែម ព្រមជាមួយគ្នានេះដែរយន្តការនៃកិច្ចធានាដោយគ្មានទ្រព្យបញ្ចាំពីសាជីវកម្មធានាឥណទានកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយធនាគារឯកជនលើទំហំទឹកប្រាក់ជំហានដំបូងចំនួន ៣០ លានដុល្លារអាម៉េរិក និងជំហានទី០២ ចំនួន ១៥០ លានដុល្លារអាម៉េរិកបន្ថែម។
* ផលិតកម្មលើការកិនកែច្នៃ៖ ក្រោមគោលនយោបាយលើកទឹកចិត្ត ពីរាជរដ្ឋាភិបាលលើផ្នែកពន្ធដារផ្នែកប្រតិបត្តិការ ពន្ធអាករនាំចូលលើឧបករណ៍ ការសម្រួលដល់ប្រតិបត្តិការនានាពីផលិតកម្ម រហូតដល់នាំចេញ ការសម្រួលថ្លៃអគ្គិសនី បានជំរុញឱ្យវិស័យស្រូវអង្ករកាន់តែមានភាពប្រកួតប្រជែងនឹងមានលទ្ធភាព ក្នុងការធ្វើទំនើបកម្មនៃរោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៨០ រោងម៉ាស៊ីនមានលទ្ធភាពបំពាក់នូវបច្ចេកទេសចុងក្រោយបំផុត របស់ពិភពលោក ដែលឆ្លើយតបទៅតាមបទដ្ឋានស្តង់ដារ និងលក្ខខណ្ឌតម្រូវទីផ្សារអង្ករនាំចេញ និងមានលទ្ធភាពសម្ងួតស្រូវចន្លោះពី ៤៥.០០០ តោន ទៅ ៥០.០០០ តោន ក្នុងមួយថ្ងៃ និងមានលទ្ធភាពកិនកែច្នៃអង្ករស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិចំនួនជាង ៣ លានតោនក្នុងមួយឆ្នាំ។
* ការកាត់បន្ថយថ្លៃដើម៖ ដើម្បីបង្កើនភាពប្រកួតប្រជែងលើទីផ្សារ សហព័ន្ធស្រូវអង្ករកម្ពុជា បានខិតខំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនី លើការបញ្ចុះថ្លៃអគ្គិសនីសម្រាប់រដូវកាលប្រមូលផលដែលមានរយៈពេល ៤ខែ (ខែតុលា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥) ក្នុងតម្លៃ ៤៨០រៀល/គីឡូវ៉ាត់ម៉ោង ក្រុមហ៊ុន រ៉ូយាល់ រ៉េលវេរ លើការជំរុញការដឹកជញ្ជូនតាមផ្លូវដែកដែលមានតម្លៃទាប កំពង់ផែស្វយ័តភ្នំពេញ និងក្រុងព្រះសីហនុ លើការអនុគ្រោះលើថ្លៃ LOLO ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលបានជួយកាត់បន្ថយថ្លៃដើមតាមរយៈគណៈកម្មាធិការគោលនយោបាយ និងហរិញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លើគោលនយោបាយលើកទឹកចិត្តនានា និងការលើកលែង និងអនុគ្រោះពន្ធគ្រប់ប្រភេទ អនុគ្រោះសេវានាំចេញនានា របស់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម និង ស្ថាប័ននានា។
* លើកកម្ពស់ទីផ្សារ និងជំរុញការនាំចេញ៖ បន្ទាប់ពីការទទួលបានពានរង្វាន់អង្ករល្អបំផុត របស់ពិភពលោកនៅឆ្នាំ២០១២និងឆ្នាំ២០១៣ អង្ករកម្ពុជាក៏ទទួលបានពានរង្វាន់អង្ករល្អបំផុត របស់ពិភពលោកចំនួន ០៤ ដងបន្ថែមទៀត គឺឆ្នាំ២០១៤, ២០១៨, ២០២២,និងឆ្នាំ២០២៤ ព្រមទាំងទទួលបាននូវពានរង្វាន់មាសអង្ករសែនក្រអូប ចំនួន ០២ដង គឺឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ការធ្វើឱ្យកិត្តិនាមអង្ករកម្ពុជា កាន់តែមានភាពទាក់ទាញ និងការចាប់អារម្មណ៍ក្នុងការប្រើប្រាស់អង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិ ដោយបានចូលរួមនិងរៀបចំជាពន្លានៃសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងការតាំងពិព័រណ៍អន្តរជាតិ នានា ដូចជា ចូលរួមការតាំងពិព័រណ៍ Anuga 2023 ប្រទេសអាឡឺម៉ង មានសមាជិកចំនួន ៨ ក្រុមហ៊ុនបានចូលរួម, SAIL Paris 2024 ប្រទេសបារាំង មានសមាជិកចំនួន ១០ក្រុមហ៊ុន បានចូលរួម, Saudi Food Show 2024 ប្រទេសអារ៉ាបីតសាអូឌីត មានសមាជិកចំនួន ៤ ក្រុមហ៊ុនបានចូលរួម, Gulf Food 2023 សហរដ្ឋអារ៉ាប់រួម, World Expo 2022, Shangxi Import Export Fair 2015 និងព្រឹត្តការណ៍អន្តរជាតិជាច្រើនទៀត។ ក្រៅពីការចូលរួមព្រឹត្តការណ៍អន្តរជាតិ ព្រឹត្តិការណ៍ជាតិ ដូចជា វេទិកាស្រូវអង្ករកម្ពុជា ត្រូវបានរៀបចំឡើង ចំនួន ០៥ដង ផងដែរ។
ឆ្លងតាមរយៈព្រឹត្តិការណ៍ទាំងនេះ និងកិច្ចខិតខំប្រឹងប្រែងបើកទីផ្សារថ្មីរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយ ក្រសួងពាណិជ្ជកម្ម អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ១២៣ ដែលមានបរិមាណសរុបប្រមាណជាជាង ៦០ម៉ឺនតោនក្នុងមួយឆ្នាំ និងការនាំចេញស្រូវបានកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង ៥ លានតោនស្រូវសើមក្នុងឆ្នាំ២០២៤ ទៅកាន់ប្រទេសជាប់ព្រំដែនកម្ពុជា។
ដើម្បីធានាបាននូវនិរន្តរភាព និងគុណភាពនៃការផ្គត់ផ្គង់ សហព័ន្ធស្រូវអង្ករកម្ពុជា ដោយមានការជ្រោមជ្រែងពី ក្រសួងពាណិជ្ជកម្ម និងបណ្តាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ នានា ជាអាទិ៍រួមមាន៖ CAVAC, AFD, IFC, World Bank ។ល។ បានបង្កើតបាននូវម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» និងម៉ាកសមូហភាព «សែនក្រអូប SKO» និង «ដំណើបស្បៃមង្គល DMSK» ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០២២។
* ការតស៊ូមតិ និងការចរចាក្នុងស្រុក និងអន្តរជាតិ៖ ដើម្បីលើកកម្ពស់ផែ្នកវិស័យស្រូវអង្ករកម្ពុជា ឱ្យកាន់តែប្រសិទ្ធភាពការងារបន្ថែមទៀត និងមានភាពជាដៃគូពេញលេញ វិស័យស្រូវអង្ករកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលរៀបចំឱ្យមានយន្តការកិច្ចសន្ទនា របស់វេទិការាជរដ្ឋាភិបាល-ផ្នែកវិស័យឯកជន ហៅថាក្រុមការងារផ្នែកស្រូវអង្ករ (ក្រុម ឈ) ដែលមានសភាពាណិជ្ជកម្មកម្ពុជា ជាលេខាធិការសម្របសម្រួល តាមរយៈយន្តការនេះ បញ្ហាចំនួនប្រមាណជា ៣០ ត្រូវបានលើកមកពិភាក្សា និងដោះស្រាយ។ ក្រៅពីកិច្ចតស៊ូមតិថ្នាក់ជាតិ សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីការពារផលប្រយោជន៍សមាជិក ក៏ដូចជាវិស័យស្រូវអង្ករកម្ពុជាទាំងមូល បានធ្វើការប្តឹងជំទាស់លើសេចក្តីសម្រេចរបស់សភាសហគមន៍អឺរ៉ុប ទៅតុលាការសហគមន៍អឺរ៉ុប លើការដាក់វិធានរក្សាការពារអង្ករកម្ពុជា ក្នុងរយៈពេល ០៣ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ដោយគ្មានអង្គហេតុសមស្របដែលលទ្ធផល សាលដីការបញ្ចាក់ថាការដាក់វិធានរក្សាការពារ របស់សភាសហគមន៍អឺរ៉ុបមកលើអង្ករកម្ពុជា គឺមិនត្រឹមត្រូវ ដែលជាលទ្ធផលមួយបង្ហាញអំពីភាពជោគជ័យ របស់វិស័យស្រូវអង្ករកម្ពុជាលើកិច្ចតស៊ូមតិលើឆាកអន្តរជាតិ។
* ការឆ្លើយតបទៅនឹងការប្រែប្រួលបរិយាកាស៖ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សហព័ន្ធស្រូវអង្ករកម្ពុជាបានខិតខំធ្វើកិច្ចសហប្រតិបត្តិការនានា ជាមួយបណ្តាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនានា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយដ្ឋានកសិកម្ម បានដាក់ឱ្យដំណើរការនូវសាខាកម្មវិធីដំណាំស្រូវនិរន្តរភាព នៅកម្ពុជា (Sustainable Rice Platform-National Chapter Cambodia) នៅក្នុងឆ្នាំ២០២៣។
* កិច្ចសហប្រតិបត្តិការ និងការគាំទ្រ៖ ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ទទួលបានកិច្ចសហការយ៉ាងល្អប្រសើរពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងប្រៃសណីយស៍ និងទូរគមនាគមន៍ ធនាគារជាតិនៃកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នអន្តរជាតិនានា រួមមាន៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD , ទីភ្នាក់ងារអភិវឌ្ឍន៍អូស្រ្តាលីតាមរយៈ CAVAC និង CAPRED, Swiss Contact, WCS, World Food Program, FAO, សហគ្រិនខ្មែរ KE, សាជីវកម្មធានាឥណទានកម្ពុជា CGCC ។ល។
* សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមប្រជុំជាមួយ ប្រធានសហព័ន្ធស្រូវអង្ករចំនួន ៣ ប្រទេស ដែលមានដូចជា ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពផលិតកម្មស្រូវ និងនិន្នាការទីផ្សាររបស់វិស័យស្រូវអង្ករ នៅក្នុងតំបន់អាស៊ី។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ «នៅក្នុងនីតិកាលទី៧ នេះ ក្រោមកិច្ចដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី០១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងនៅក្នុងបញ្ចកោណទី០២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដែលក្រសួងពាណិជ្ជកម្មកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើពិពិធកម្មទីផ្សារ ទាំងក្នុងស្រុក និងនាំចេញ ដោយបានកំពុងរៀបចំយុទ្ធសាស្រ្តជំរុញពិពិធកម្មទីផ្សារលើការនាំចេញ ដែលការងារនេះនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ។ ការងារជំរុញការនាំចេញស្រូវអង្ករនេះ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងពាណិជ្ជកម្ម បានខិតខំ និងយកចិត្តទុកដាក់យ៉ាងខ្លាំងជាក់ស្ដែង ក្នុងរយៈកាលជិតមួយឆ្នាំនៃដើមនីតិកាលទី០៧ នេះ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមានការរៀបចំ និងបានចុះអនុស្សរណៈយោគយល់នាំចេញទៅប្រទេសចិនចំនួន ៥០ ម៉ឺនតោន ការបើកច្រកទីផ្សារនាំចេញទៅប្រទេសឥណ្ឌូនេស៊ី តាមរយៈក្រុមហ៊ុនហ្រ្គីន ត្រេដ របស់ក្រសួងពាណិជ្ជកម្មចំនួនជាង ២ ម៉ឺនតោន ការរៀបចំនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអារ៉ាប់រួម ដែលជាច្រកនាំចេញសំខាន់ សម្រាប់ការនាំចេញទំនិញកម្ពុជា រួមទាំងអង្ករផងដែរ ទៅកាន់មជ្ឈឹបូព៌ាទាំងមូល និងតំបន់អាហ្រ្វិកផងដែរ ហើយក្រសួងពាណិជ្ជកម្មក៏បាន រៀបចំនូវយុទ្ធសាស្រ្ត ពង្រឹងទីផ្សារដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ»។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរដល់ថ្នាក់ដឹកនាំ សហព័ន្ធស្រូវអង្ករកម្ពុជា ចាប់តាំងពីអាណត្តិទី០១ ដល់បច្ចុប្បន្ននេះអាណត្តិទី០៤ ដែលបានខិតខំដឹកនាំស្ថាប័នមួយនេះ ឱ្យបន្តនូវនិរន្តរភាព ពង្រឹងបាននូវសាមគ្គីភាព បង្កើតបាននូវសមិទ្ធផលជាច្រើន និងផ្ដល់អនុសាសន៍ថា «បន្តនូវសមិទ្ធផលដែលបានខិតខំបង្កើតឡើង និងបន្តពង្រីកវិសាលភាព នៃសកម្មភាពរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យបានកាន់តែល្អថែមទៀត និងក្លាយជាគម្រូនៃសហព័ន្ធ ឬសមាគមន៍ពាណិជ្ជកម្មនានា។ បន្តពង្រឹងស្ថាប័ននេះឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេស អភិបាលកិច្ចល្អ ការការធ្វើឱ្យមានសាមគ្គីភាពផ្ទៃក្នុង បង្កើតវប្បធម៌សន្ទនាជាមួយសមាជិក និងភាគីពាក់ព័ន្ធនៅក្នុងខ្សែច្រវាក់ផលិតកម្មដាំដុះ ការកិនកែច្នៃ។ បន្តធ្វើពិពិធកម្មទីផ្សារ និងផលិតផល ទាំងបរិមាណ និងគុណភាពដែលឆ្លើយតបទៅនិងនិន្នាការនៃតម្រូវការទីផ្សារអន្តរជាតិ ដោយបន្តកិច្ចសហប្រតិបត្តិការបានយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាលបច្ចេកទេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់»។
លើសពីនេះ ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិក សមាជិកា ទាំងអស់ នឹងបន្តនូវសាមគ្គីភាព និងសហប្រតិបត្តិការ ដើម្បីជ្រោមជ្រែងវិស័យស្រូវអង្ករកម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាព និងភាពប្រកួតប្រជែងឈ្នះជាដរាប»។
ស្របជាមួយគ្នានេះផងដែរ នៅក្នុងកម្មវិធី ខួប១០ឆ្នាំនៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា ក៏មានវេទិកាចែករំលែកអំពីបទពិសោធន៍ លើកិច្ចការគោលនយោបាយ និងការអាជីវកម្មផ្នែកស្រូវអង្ករ ដែលផ្ដល់ដោយវាគ្មិនសំខាន់ៗ ដែលមានបទពិសោធន៍ ទៅលើប្រធានបទចំនួនពីរ ដូចខាងក្រោម៖
* ប្រធានបទទី១៖ វឌ្ឍនភាពក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ ទស្សនៈលើការយល់ឃើញលើវឌ្ឍនភាព និងការប្រឈម។
* ប្រធានបទទី២៖ វឌ្ឍនភាពក្នុងរយៈពេល១០ឆ្នាំ ទៅមុខ ទស្សនៈលើការយល់ឃើញលើវឌ្ឍនភាព និងការប្រឈម។
កម្មវិធីប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើតឡើងនូវសហព័ន្ធស្រូវអង្ករកម្ពុជា បានសម្រេចដោយជោគជ័យ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយកម្មវិធីនេះក៏ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន RMA Cambodia PLC និងក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៧២ ក្រុមហ៊ុន/រោងម៉ាស៊ីនកិនស្រូវ ផងដែរ៕