(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា បច្ចុប្បន្ននេះ លំនៅដ្ឋានបែបបុរីបានសាងសង់លើសតម្រូវការ ដូច្នេះហើយក្នុងរយៈពេលមធ្យមពី៣ទៅ៥ ឆ្នាំ លោកមិនលើកទឹកចិត្តដល់វិនិយោគិនបណ្តាក់ទុនធំ លើការវិនិយោគសំណង់លំនៅដ្ឋានបុរីច្រើននោះទេ ដើម្បីបញ្ចៀសការខាតបង់។

លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «និយាយទៅយើងសល់បុរីច្រើន សល់ផ្ទះច្រើន ហើយបើចង់ដាក់ (វិនិយោគទុន) ត្រូវមើលទីតាំងឱ្យច្បាស់ថា ជុំវិញតំបន់នោះមានតម្រូវការ ឬអត់? ហើយបើយើងសង្ឃឹមថានឹងមានប្រជាពលរដ្ឋអាចនឹងផ្លាស់ពីតំបន់នេះ ទៅទិញយើងដល់នោះ ខ្ញុំគិតថា ឆាប់ៗនេះមិនអាចទៅរួចនោះទេ»

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីរូបនេះ បច្ចុប្បន្ននេះ សំណង់លំនៅដ្ឋានលក្ខណៈហាក់ មានការថយចុះ ប៉ុន្តែយ៉ាងនេះក្តីគម្រោងសាងសង់មិនបានថយចុះនោះទេ ព្រោះបើទោះបីជាគម្រោងលំនៅដ្ឋានថយចុះ ប៉ុន្តែកើនឡើងនៅសំណង់អគារផ្សេងៗ ដូចជារោងចក្រ អគារការិយាល័យជាដើម។

លោកបណ្ឌិត គឹម ហ៊ាង អ្នកជំនាញ និងជាអ្នកអភិវឌ្ឍលំនៅដ្ឋាន បានលើកឡើងថា ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគទៅលើសំណង់លំនៅ គឺអាស្រ័យទៅលើទីតាំង។ យ៉ាងនេះក្តីលោកលើកឡើងថា បើសិនជាសាងសង់នៅតាមខេត្ត ឬស្រុក មិនគួរវិនិយោគនោះទេ ដោយសារតែ ភាគច្រើនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមកប្រមូលនៅក្នុងទីក្រុង ដោយសារការងារ។

លោកលើកឡើងថា វិនិយោគិនគួរពិចារណា វិនិយោគទៅលើលំនៅដ្ឋាន ដែលប្រជាពលរដ្ឋមានតម្រូវការហើយមានលទ្ធភាពទិញ កុំវិនិយោគលើលំនៅដ្ឋានដែលគេចង់ទិញ ប៉ុន្តែគ្មានលទ្ធភាពទិញ។ ជាក់ស្តែងដូចជា ផ្ទះតម្លៃខ្ពស់ លើសពី១លានដុល្លារ អាចនឹងគ្មានតម្រូវការទៀតនោះទេ។ ជាមួយគ្នានេះ លោកកត់សម្គាល់ថា សម្រាប់លំនៅដ្ឋានប្រភេទខ្លះដូចជា ខុនដូរជាដើម ក៏លើសតម្រូវការដែរ៕