(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងផលិតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក បើទោះបីជាបិទការនាំចូលពីប្រទេសជិតខាង ខណៈបច្ចុប្បន្ននេះសមត្ថភាពនៃការផលិតរបស់កម្ពុជាមានការអភិវឌ្ឍន៍ច្រើន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់មិនមានបញ្ហាអ្វីចោទឡើយ។
លោក ហែម វណ្ណឌី ថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ ធ្វើឡើងក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ក្រោមមូលបទ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
លោក ហែម វណ្ណឌី បានបញ្ជាក់យ៉ាងដូច្នេះថា «ជាធម្មតាយើងជាសមាជិកអាស៊ាន សមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ។អ៊ីចឹងជាធម្មតានៅក្នុងសេដ្ឋកិច្ចដែលមានលក្ខណៈប្រទាក់ក្រឡាបែបនេះពិតប្រាកណាស់ថា យើងមានការពឹងផ្អែកគ្នាទៅវិញទៅមកប្រទេសយើងពឹងផ្អែកប្រទេស គេក៏ពឹងយើងទៅវិញទៅមក ក៏ប៉ុន្តែនិយាយអំពីសមត្ថភាព របស់យើងមកទល់ម៉ោងនេះ គឺយើងមានការវិវត្តច្រើន យើងក៏បានត្រៀមលក្ខណៈច្រើន កម្លាំងផលិតកម្មយើងក៏ធ្វើបានច្រើនដែរ ដូចដែលបងប្អូនយើងបានឃើញនៅក្នុងពិព័រណ៌ និងឯកសារជាច្រើន។អ៊ីចឹងបើឱ្យប៉ះពាល់វាពិតប្រាកដ មានការប៉ះពាល់ខ្លះ ប៉ុន្តែវានៅក្នុងសមត្ថភាពដែលយើងអាចគ្រប់គ្រងបានទាំងអស់។ខ្សែច្រវ៉ាក់ផ្គត់ផ្គង់មិនមានបញ្ហាចោទនោះទេ»។
លោកបានលើកឡើងបន្ថែមថា កន្លងមកក្រសួងឧស្សាហកម្មរួមនឹងក្រសួងពាក់ព័ន្ធទាំងអស់ បានខិតខំជួយ SME ក្នុងការអភិវឌ្ឍន៍ខ្លួន ហើយការជួយនេះមិនមែនតែពេលនេះនោះទេ ប៉ុន្តែរដ្ឋាភិបាលបានត្រៀមលក្ខណៈជាយូរមក តាមរយៈការកែលម្អសេវាមួយចំនួន ទៅតាមប្រព័ន្ធឌីជីថល ហើយក្រសួងនឹងខិតខំកែលម្អសេវាមួយចំនួនទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់បណ្តាសហគ្រាសទាំងនោះក្នុងការពង្រីកខ្លួន។ ការពង្រឹងខ្លួននេះ មិនមែនតែសម្រាប់ស្ថានភាពបច្ចុប្បន្ននោះទេ ខណៈកម្ពុជាក៏នឹងកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ផងដែរ។
ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ស្របពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ហើយឈានទៅបិទការនាំចូលទំនិញមួយចំនួនមកផ្គត់ផ្គង់នៅកម្ពុជា ដែលជាឱកាសសម្រាប់សហគ្រាសក្នុងស្រុកពង្រីកសមត្ថភាពនៃការផលិត។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញ និងលើកទឹកចិត្តដល់ សហគ្រាសធុនមីក្រូ, តូច, និង មធ្យម ត្រូវខិតខំម្ចាស់ការ និងប្រឹងប្រែងផលិត ពោលគឺត្រូវក្តាប់ឲ្យជាប់នូវកាលានុវត្តភាពដ៏មានតម្លៃពេលនេះ ខណៈស្មារតី ស្នេហាជាតិ និងចលនារួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា រដ្ឋាភិបាលតែងតែការលើកកម្ពស់ការទទួលហិរញ្ញប្បទាន និងឥណទាន ដល់SEM តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank), ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម ហើយតទៅមុខ នឹងបន្តពិនិត្យលទ្ធភាព វិភាជកញ្ចប់ថវិកាជូនធនាគារទាំងពីរនេះ បន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សហគ្រាសធុនមីក្រូ, តូច, និង មធ្យម ក្នុងការទទួលបានកម្ចី ក្នុងទំហំសមស្រប និង សម្រាប់រយៈពេលវែងជាងមុន។ ព្រមទាំងជួយគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញ ការលើកកម្ពស់ស្តង់ដាផលិតផល កែលម្អបរិយាកាសធុរកិច្ច តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួច និងចំទិសដៅ។
អគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា «សហគ្រាសធុនមីក្រូ, តូច, និង មធ្យម មានចំនួនច្រើនលើសលប់ និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាន និង កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងមុខរបរ, ការបង្កើនប្រាក់ចំណូល, ការកាត់បន្ថយភាពក្រីក្រ, និងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព, បរិយាបន្ន, និង ភាពធន់។ ហេតុនេះហើយ, ទើបរាជរដ្ឋាភិបាល តែងផ្តោតការយកចិត្តទុកខ្ពស់ លើការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច, និង មធ្យម តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីរស់រវើក និង គ្រប់ជ្រុងជ្រោយ ដើម្បី ផ្តល់ការគាំទ្រលើទិដ្ឋភាពសំខាន់»។
យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិត៣លាននាក់ ក្នុងនោះមានស្រ្តី ៦០%។ វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍៕