(ភ្នំពេញ)៖ លោកស្រី ឈិត ចម្រើន ប្រធានក្រុមហ៊ុន PGL Import Export បានលើកឡើងថា ស្មារតីជាតិនិយម និងគិតសុខភាព ប្រជាជពលរដ្ឋមានការជឿជាក់លើគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើខ្មែរ ទោះតម្លៃលើសផលិតផលនាំចូលបន្តិចក្តី។
លោកស្រី ឈិត ចម្រើន បានថ្លែងឲ្យដឹងថា «បច្ចុប្បន្ននេះនិយាយអំពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ គឺមានការជឿជាក់ខ្លាំង លើការប្រើប្រាស់បន្លែ ផ្លែឈើសុវត្ថិភាពរបស់ខ្មែរ ទោះបីជាតម្លៃបន្លែ ផ្លែឈើនេះ មានថ្លៃលើសផលិតផលនាំចូលបន្តិចក្តី។ ក្នុងនាមជានាយកប្រតិបត្តិបន្លែមួយរូប ខ្ញុំសូមលើកឡើងថាបន្លែ ផ្លែឈើធម្មជាតិ សុវត្ថិភាព គឺដាំដុះលក់ពុំច្រាលទីផ្សារនោះឡើយ»។
លោកស្រីបានបន្ដថា សម្រាប់បន្លែរបស់ក្រុមហ៊ុន PGL Import Export បច្ចុប្បន្ននេះគឺផ្គត់ផ្គង់ពុំគ្រប់នោះឡើយ មិនថាទៅតាមផ្សារទំនើបនានា ទោះបីជាពេលកំពុងមានវិបត្តិសេដ្ឋកិច្ចក្ដី ក៏ការផ្គត់ផ្គង់ពុំគ្រប់គ្រាន់ ព្រោះថា ប្រជាពលរដ្ឋភាគច្រើនគាំទ្រ និងពេញនិយម ក្នុងការទទួលទានបន្លែផ្លែឈើធម្មជាតិ។ និយាយចំពោះបន្លែនាំចូលវិញ គឺសព្វថ្ងៃនេះសម្រាប់បន្លែនាំចូល គឺនាំចូលតែបន្លែណា ដែលមានតម្រូវការប៉ុណ្ណោះដូចជា ការ៉ុត ដោយសារតែយើងពុំមានការដាំដុះការ៉ុតានច្រើននោះទេ។
លោកស្រីបានបញ្ជាក់ថា សម្រាប់ប្រជាជនខ្មែរភាគច្រើន គឺចូលចិត្តទទួលទានបន្លែ ផ្លែឈើធម្មជាតិ នេះក៏ជាឱកាសមួយ សម្រាប់ប្រជាកសិករ ក្នុងការប្រកបររបរដាំដុះបន្លែ សម្រាប់អតិថិជនដូចគ្នានៅពេលដែលដឹងថា ផលិតផល បន្លែ ផ្លែឈើនេះជាផលិតផលរបស់ខ្មែរ ដាំដុះដោយដៃខ្មែរ បើទោះបីជាតម្លៃថ្លៃបន្ដិចមែន ក៏នៅតែមានអ្នកគាំទ្រ និងទទួលទិញ។
សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឈិត ចម្រើន ក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ដំណោះស្រាយបញ្ហាកសិផល ក្នុងគ្រាដែលមានវិវាទព្រំដែនកម្ពុជា-ថៃ» ទាំងស្រុង៖