(ភ្នំពេញ)៖ លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ថ្លែងក្នុងនាមតំណាងឱ្យសមាជិក-សមាជិការបស់សមាគមដែលចំនួន ១២៨រូប បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការខិតខំប្រមូលទិញត្រីនៅក្នុងស្រុកឱ្យអស់លទ្ធភាព រួមទាំងតម្រូវការនាំចូលមួយចំនួន ដើម្បីធានាបានការផ្តត់ផ្គង់ក្នុងស្រុក និងឆ្លើយតបបានសម្រាប់តម្រូវទីផ្សារ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបញ្ហាប្រឈមរបស់ក្រុមអ្នកនាំចូលធនធានវារីសត្វ របស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី នាង សុវណ្ណារី បានថ្លែងឱ្យដឹងថា ជុំវិញការផ្គត់ផ្គង់ត្រីសាច់នេះ សមាជិករបស់សមាគមទាំងអស់បានចូលរួម ចំណែកយ៉ាងសំខាន់នៃការផ្គត់ផ្គង់ស្បៀងនៅកម្ពុជា តាមរយៈការប្រមូលទិញត្រីក្នុងស្រុក និងការនាំចូលផងដែរ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារដូចជា ការប្រមូលទិញពីតំបន់ផ្សេងៗនៅកម្ពុជា យកមកលក់លើទីផ្សារ និងការនាំចូល ដើម្បីចូលរួមរក្សានូវតម្លៃឱ្យមានស្ថិរភាព និងឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្រី នាង សុវណ្ណារី បានបន្ថែមថា ជុំវិញការប្រមូលទិញត្រីក្នុងស្រុក ក៏ដូចជាការនាំចូលនេះកន្លងមក សមាជិករបស់សមាគមទាំងអស់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រមូលទិញ ក្នុងគោលដៅស្វែងរកប្រាក់ចំណូលសម្រាប់ខ្លួនឯងផង និងការជំរុញផ្គត់ផ្គង់ឱ្យឆ្លើយបតទៅនឹងតម្រូវការទីផ្សារផងដែរ។

ក្នុងនាមតំណាងឱ្យសមាជិក-សមាជិកា របស់សមាគមដែលចំនួន ១២៨រូប លោកស្រីបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តផែនការ និងសកម្មភាពរបស់សមាគមឱ្យស្របតាមយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល គាំទ្រសន្តិសុខស្បៀងក្នុងស្រុក ឆ្លើយតបទៅនិងវិបត្តិ និងបញ្ហានានាដែលកើតឡើងជាយថាហេតុ ដើម្បីកាត់បន្ថយភាពក្រីក្រ និងការពង្រឹងភាពធន់ក្នុងវិស័យម្ហូបអាហារនៅកម្ពុជា។

លោកស្រី នាង សុវណ្ណារី ក៏បានស្នើសូមឱ្យមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្ថែម ក្នុងការជួយសម្របសម្រួលបន្ថែម ដល់ការប្រមូលទិញត្រីនៅក្នុងស្រុក និងការនាំចូលនូវនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បីជំរុញការធ្វើអាជីវកម្មលើផ្នែកនេះឆ្លើយ តបទៅនិងទីផ្សារ។

លោកស្រី បញ្ជាក់ថាទាក់ទងការប្រមូលទិញនេះ ប្រសិនបើក្រសួងមានការរឹតបណ្តឹងខ្លាំង អាចធ្វើឱ្យការផ្គត់ផ្គង់ត្រីលើទីផ្សារមានការខ្វះខាត ឬក៏អាចឡើងថ្លៃជាដើម៕