(ភ្នំពេញ)៖ លោក មៀវ សុខទ្រី ប្រធានសមាគម អ្នក ផលិត ចំណីអាហារកម្ពុជា លើកឡើងថា កន្លងមកប្រជាពលរដ្ឋកម្ពុជាតែងតែយល់ថាផលិតផលនាំចូលពីក្រៅប្រទេស មានគុណភាពជាងផលិតផលខ្មែរ ហើយស្របពេលដែលមានការផ្សព្វផ្សាយពីរូបភាពមិនល្អពីផលិតផលខ្មែរ ជាដើមហេតុដែលធ្វើឱ្យពលរដ្ឋខ្មែរមិនគាំទ្រ និងបរិភោគផលិតផលខ្មែរ។
ហើយជាមួយគ្នានេះ ការប្រព្រឹត្តិរបស់មន្រ្តីមួយចំនួនតូច ដែលដើម្បីតែផលប្រយោជន៍ខ្លួនឯង សុខចិត្តធ្វើឱ្យម្ចាស់អាជីវកម្មរងផលប៉ះពាល់។ លោកលើកទឹកចិត្តឱ្យមានការចុះត្រួតពិនិត្យគុណភាពទំនិញ តែសូមធ្វើ ដោយសុឆន្ទៈ និងបរិសុទ្ធ ដើម្បីគាំទ្រដល់ទីផ្សារផលិតផលក្នុងស្រុក។
យ៉ាងនេះក្តី លោកកត់សម្គាល់ថា បច្ចុប្បន្ននេះផលិតផលខ្មែរ ផលិតមានស្តង់ដារ និងមានគុណភាព បើមិនដូច្នេះទេ ផលិតផលខ្មែរមិនអាចនាំចេញទៅក្រៅប្រទេសបានឡើយ។
ជាមួយគ្នានេះ លើកឡើងថា នៅពេលអ្នកខ្លះគាត់ចាប់ផ្តើមសាកល្បងមកទទួលទានផលិតផលខ្មែរ បានធ្វើឱ្យជាប់ចិត្តជាមួយរសជាតិ និងកាន់តែមានទំនុកចិត្តថាផលិតផលខ្មែរ ផលិតមានស្តង់ដារ គុណភាពមិនចាញ់ផលិតផលនាំចូលនោះទេ។
លោក មៀវ សុខទ្រី លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋាន ធានា សន្តិសុខ ស្បៀងកម្ពុជា ក្នុង ស្ថានការណ៍ ជំនួសទំនិញនាំចូល»៕
សូមទស្សនាការលើកឡើងបន្ថែមរបស់ លោក មៀវ សុខទ្រី៖