(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដានេះបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូ ឈើកៅស៊ូ និងផ្គត់ផ្គង់ជ័រកៅស៊ូ ដល់រោងចក្រផលិតសំបកកង់ឡានក្នុងស្រុក គិតជាទឹកប្រាក់ ៣០៤លានដុល្លារ កើនឡើង ៤១.៦១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។
បើតាមរបាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូក្នុងបរិមាណ ១១២ ៥៩៥តោន បានចំណូល ២០៨ ៦៣៣ ៨២៦ដុល្លារ, នាំចេញឈើកៅស៊ូចំនួន ៩៩៤៣ ម៉ែត្រគូប បានចំណូល ២ ៣៥៥ ៤៣៨ដុល្លារ និងលក់ជ័រកៅស៊ូសម្រាប់រោងចក្រក្នុងស្រុក ៥៣ ៣៦១តោន បានចំណូល ៩៣ ៥៤១ ៨៣៣ដុល្លារ។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨.% និងផ្ទៃដីថែទាំមានចំនួន ៩៥ ១៨៤ហិកតា ស្មើនឹង២២%។
ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូជាង ៦៧១លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕