(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍កំណើនបៃតងសកលប្រចាំប្រទេសកម្ពុជា (GGGI) បានរៀបចំសិក្ខាសាលាស្តីពី «សញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព (SLBs)» បញ្ជា្របចំណេះដឹងដល់ភាគីពាក់ព័ន្ធ និងជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងទស្សនវិស័យដល់អ្នកចូលរួមនូវផ្នែកសំខាន់ៗរបស់ SLBs, ជំហានគន្លឹះនៅក្នុងការអនុវត្ត និងវិធីសាស្រ្តដើម្បីកំណត់សូចនាករគន្លឹះ (KPIs) និងគោលដៅចីរភាពដែលនឹងត្រូវសម្រេចឱ្យបានដែលអាចជឿទុកចិត្តបាន (SPTs) ព្រមទាំងព័ត៌មានអំពីជំនួយបច្ចេកទេស ដើម្បីគាំទ្រដល់ការបោះផ្សាយ SLBs ដែល SLBs គឺជាសញ្ញាបណ្ណមួយប្រភេទដែលមានលក្ខណៈហិរញ្ញវត្ថុអាស្រ័យលើការសម្រេចបាននូវគោលដៅចីរភាពដែលបានកំណត់ទុកជាមុន ដោយជួយបុគ្គលបោះផ្សាយកៀរគរមូលនិធិដើម្បីគាំទ្រដល់ស្ថាប័នក្នុងការធ្វើអន្តរកាលឆ្ពោះទៅជាធុរកិច្ចដែលបញ្ចេញឧស្ម័នកាបូនទាប។
ថ្លែងក្នុងសិក្ខាសាលានេះ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក បានគូសបញ្ជាក់ថា«វឌ្ឍនភាពនៃហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់កម្ពុជា ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលបង្កើតឡើងដោយកិច្ចសហប្រតិបត្តិការក្នុងចំណោមនិយ័តករ ដៃគូអភិវឌ្ឍន៍ និងអ្នកចូលរួមក្នុងទីផ្សារ។ តាមរយៈការបោះផ្សាយសញ្ញាបណ្ណបរិស្ថានសង្គម និងអភិបាលកិច្ច (ESG) និងការដាក់ឱ្យដំណើរការនូវ SLBs ជាឧបករណ៍ហិរញ្ញវត្ថុថ្មី ន.ម.ក. កំពុងតម្រង់ទិសទីផ្សារមូលបត្រឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអាទិភាពជាតិ។ គំនិតផ្តួចផ្តើមទាំងនេះ រួមចំណែកដល់ភាពធន់នៃសេដ្ឋកិច្ច និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះកំណើនដែលប្រកបដោយភាពធន់ និងបរិយាបន្ន។ ជាមួយនឹងការបន្តគាំទ្រ និងកិច្ចសហការជាយុទ្ធសាស្រ្ត យើងកំពុងកសាងប្រព័ន្ធអេកូឡូស៊ីទីផ្សារមូលបត្រ ដែលជំរុញបរិយាកាសធុរកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍរយៈពេលវែងនៅក្នុងសេដ្ឋកិច្ច»។
លោកស្រី Deanna Morris មន្ត្រីកិច្ចការសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) បានគូសបញ្ជាក់ថា«ESCAP មានមោទនភាពចំពោះកិច្ចគាំទ្រដល់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណចីរភាពរបស់កម្ពុជា តាមរយៈកម្មវិធី«ការជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)»។ តាមរយៈភាពជាដៃគូនេះ យើងបានគាំទ្រដល់ការបោះផ្សាយសញ្ញាបណ្ណប្រកបដោយភាពជោគជ័យចំនួនពីរ ហើយគម្រោងនៃការបោះផ្សាយសញ្ញាប្រកបដោយចីរភាពប្រមាណ៩០លានដុល្លារអាម៉េរិក នឹងដាក់ចេញនាពេលខាងមុខ។ នៅចុងខែនេះ យើងនឹងដាក់ឱ្យដំណើរការនូវដំណាក់កាលបន្ទាប់នៃ CSBA ដែលនឹងបន្តផ្តល់ជំនួយបច្ចេកទេស ការលើកកម្ពស់ឥណទាន និងការភ្ជាប់ទៅវិនិយោគិនដល់បុគ្គលបោះផ្សាយ។ ខណៈពេលដែលយើងស្វាគមន៍សញ្ញាបណ្ណប្រកបដោយចីរភាពគ្រប់ទម្រង់ និងដោយដោយទទួលស្គាល់ពីសក្តានុពលរបស់ SLBs នៅក្នុងការជំរុញការផ្លាស់ប្តូរផ្នែកបរិស្ថាន និងសង្គមទាំងកម្រិតក្រុមហ៊ុន និងវិស័យយើងពិតជាចាប់អារម្មណ៍ចូលរួមគាំទ្រដល់ការបោះផ្សាយ SLBs នៅក្នុងជុំបន្ទាប់នៃ CSBA នេះ»។
បន្ថែមពីនេះ លោកស្រី Shomi Kim នាយិកាវិទ្យាស្ថានអភិវឌ្ឍន៍កំណើនបៃតងសកលប្រចាំ ប្រទេសកម្ពុជាបានសង្កត់ធ្ងន់ថា «ទិដ្ឋភាពហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់កម្ពុជា កំពុងវិវត្តយ៉ាងឆាប់រហ័ស ដោយទឹកប្រាក់ទំហំជាង៦០ លានដុល្លារអាម៉េរិក ត្រូវបានកៀរគរ តាមរយៈសញ្ញាបណ្ណបៃតង និងចីរភាព ក្រោមកម្មវិធី «ការជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)»។ កម្មវិធីនេះ ត្រូវបានដាក់ឱ្យដំណើរការក្រោមភាពជាដៃគូរវាង ន.ម.ក., GGGI, ESCAP, មូលនិធិធានាឥណទាន និងជំរុញការវិ-និយោគ(CGIF) និងក្រុមហ៊ុន GuarantCo នៅក្នុងឆ្នាំ២០២៣ បានកសាងសន្ទុះទីផ្សារដ៏រឹងមាំ និងការត្រៀមខ្លួនរួចរាល់របស់បុគ្គលបោះផ្សាយ។ ខណៈពេលដែលយើងរៀបចំដាក់ឱ្យដំណើរការ ជំហានបន្ទាប់នៃកម្មវិធី CSBA GGGI នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការបោះផ្សាយសញ្ញាបណ្ណ Thematic ដែលអាចទុកចិត្តបាន បង្កើនទំនុកចិត្តរបស់វិនិយោគិនលើហិរញ្ញវត្ថុចីរភាព និងការដាក់ឱ្យដំណើរការនូវឧបករណ៍ចីរភាពថ្មី ដូចជា SLBs ដើម្បីឱ្យទីផ្សារមូលបត្រស្របជាមួយនឹងគោលដៅអាកាសធាតុ និងការអភិវឌ្ឍរបស់កម្ពុជា»។
លោកស្រី Kelly Hattel លោកស្រី Kelly Hattel អ្នកជំនាញផ្នែកវិស័យហិរញ្ញវត្ថុជាន់ខ្ពស់របស់ ADBបានថ្លែងថា «សិក្ខាសាលានេះគឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយក្នុងការកសាងសន្ទុះសម្រាប់ការបោះផ្សាយ SLBs នៅកម្ពុជា។ តាមរយៈកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយ ន.ម.ក. ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ យើងអាចបង្ហាញសក្តានុពលនៃ SLBs ជាមួយនឹង KPIs ដែលអាចទុកចិត្តបាន និងប្រកបដោយមហិច្ឆតាក្នុងការគាំទ្របុគ្គលបោះផ្សាយ ដើម្បីធ្វើពិពិធកម្មប្រភពមូលនិធិ និងជំរុញកំណើនប្រកបដោយសមធម៌ និងចីរភាពសម្រាប់ប្រទេសកម្ពុជា»។
សូមជម្រាបថា សិក្ខាសាលានេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ម.ក., អ្នកតំណាងមកពី ADB, ESCAP, GGGI, ធនាគារជាតិនៃកម្ពុជា, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងអគ្គ-នាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្សារមូលបត្រកម្ពុជា, សមាគមធនាគារនៅកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, សាជីវកម្មធានាឥណទានកម្ពុជា, ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក, ធនាគារពាណិជ្ជ, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ, ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ, ក្រុមហ៊ុនបោះផ្សាយសក្តានុពល និងក្រុមហ៊ុនធានារ៉ាប់រង ព្រមជាមួយវាគ្មិនដែលជាអ្នកជំនាញ និងមានបទពិសោធន៍ទាក់ទងនឹង SLBs មកពី ADB, ESCAP, GGGI, ក្រុមហ៊ុន S&P Global Ratings និង CGIF ដោយមានអ្នកចូលរួមផ្ទាល់សរុប ចំនួន ៧៨ រូប។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕