ឆមាសទី១ កម្ពុជានាំចេញទៅអាមេរិក សម្រេចបានទឹកប្រាក់ ៥ ៥២៦លានដុល្លារ កើនជាង ២៥%
17-07-2025 16:38
(ភ្នំពេញ)៖ របាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដានេះបានបង្ហាញថា ចាប់ពីខែកមរា ដល់ខែមិថុនា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា និងអាមេរិក សម្រេចបានទឹកប្រាក់ ៥ ៦៩១លានដុល្លារអាមេរិក កើនឡើងជាង២៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ មានត្រឹមតែ ៤ ៥២៩លានដុល្លារ។
របាយការណ៍បន្តថា រយៈពេល៦ខែកន្លងមកនេះ កម្ពុជាបាននាំចេញទៅអាមេរិក សម្រេចបានទឹកប្រាក់ ៥ ៥២៦លានដុល្លារកើនជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានទឹកប្រាក់ ៤ ៤០១លានដុល្លារ។ សម្រាប់ការនាំចូលពីអាមេរិកវិញ មានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើន ២៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានទឹកប្រាក់ជាង ១២៧លានដុល្លារ។
តួលេខនេះបង្ហាញថា អាមរិកជាទីផ្សារនាំចេញផលិតផលកម្ពុជាច្រើនជាងគេស្មើនឹង៣៧% នៃការនាំចេញសរុប។ ការនាំចេញសរុបរបស់កម្ពុជា ក្នុងរយៈពេល៦ខែឆ្នាំ២០២៥ ដែលមានទឹកប្រាក់ជាង ១៤ ៧២៥លានដុល្លារ។
មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
តែយ៉ាងណា បញ្ហាពន្ធថ្មីរបស់អាមេរិកលើទំនិញកម្ពុជា បានបង្កក្តីបារម្ភចំពោះការនាំចេញទៅកាន់ទីផ្សារអាមេរិក។
កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ៤៩% ដែលកម្រិតខ្ពស់មួយ។
បន្ទាប់ពីកម្ពុជា បានធ្វើការចរចាជាបន្តបន្ទាប់រួចមក នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ត្រា តាមរយៈលិខិតផ្ញើ ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ពីការសម្រេចរបស់សហរដ្ឋអាមេរិក ដោយទម្លាក់អត្រាពន្ធបដិកាលើកម្ពុជាពី ៤៩% មកនៅ ៣៦%។
ទោះបីអត្រាពន្ធនេះធ្លាក់ចុះគួរឱ្យគត់សម្គាល់ក្តី កម្ពុជានៅរក្សាជំហរបន្តចរចាពន្ធបដិកាជាមួយអាមេរិកបន្ថែមទៀត ដើម្បីទម្លាក់អត្រានេះឱ្យទាបជាង ៣៦%។ ការចរចាមានរយៈពេល មុនថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
នៅឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០.១៨ពាន់លានដុល្លារ កើនឡើង១១.២% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ ៩.៩ពាន់លានដុល្លារ កើនឡើង ១១.៤% ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤.១៤លានដុល្លារ៕