(ភ្នំពេញ)៖ ពានពាក់កណ្ដាលអាជីព Keller Williams Cambodia League 2019 កាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៥ ពិសេសកម្មវិធីប្រកួតសប្ដាហ៍បន្ទាប់ ដ្បិតក្រុមខ្លាំងៗមួយចំនួនបន្ដទទួលបានជ័យជម្នះ ដូចជាក្រុម Khmer United-A, ក្រុម ISI United និងក្រុម Reil Phnom Penh ជាដើម។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញលើទីលានចំនួន២ មានកីឡដ្ឋានវេស្ទើន និងទីលាន KMH Park កាលពីម្សិលមិញ ជាលទ្ធផលរួមមាន ក្រុម Khmer United A លត់ក្រុម Anvaya ៦-០ ខណៈក្រុម ISI United ឈ្នះក្រុម Khmer United B ៨-០, ក្រុម Reil PP ឈ្នះក្រុម Sniper FC ៧-០, ក្រុម Bayon Wanderers ឈ្នះក្រុមទន្សោង ៩-១, ក្រុម Avatar ឈ្នះក្រុម Home Sport ១៧-១, ក្រុម Mambo PP ឈ្នះក្រុម Khmer United U22 ២-១, ក្រុម ATK ឈ្នះក្រុម Sen Sok Empire ១៤-៣ និងក្រុមបាសាក់ ឈ្នះក្រុមតាំងគោក ៥-២។

តាមរយៈលទ្ធផលខាងលើ គេឃើញក្រុម Khmer United-A, ក្រុម ISI United និងក្រុម Reil Phnom Penh បានរក្សាកំណត់ត្រាឈ្នះ និងមាន ១៥ពិន្ទុពេញ ហើយតាមពីក្រោយដោយក្រុម Avatar, Bayon Wanderers និងក្រុមបាសាក់ ដែលមាន ១២ពិន្ទុស្មើគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀត គឺកម្មវិធីប្រកួតសប្ដាហ៍ទី៦ ដោយក្រុមខ្លាំងៗ ត្រូវប្រឈរមុខដាក់គ្នា ដូចជាក្រុម Khmer United-A ប៉ះក្រុម ISI United, ក្រុម Avatar ប៉ះ Bayon Wanderers និងក្រុមបាសាក់ ជួបក្រុម Mambo PP ជាដើម ព្រោះសុទ្ធតែជាក្រុមខ្លាំង ប៉ះខ្លាំង ហើយត្រូវការឈ្នះ ដើម្បីប្រជែងកៅអីកំពូលតារាងថែមទៀត។

គួរបញ្ជាក់ថា ពាន Keller Williams Cambodia League រដូវកាលថ្មីនេះ គឺមាន ១៦ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុវិលជុំ ១ជើង។ បន្ទាប់ពីចប់ការប្រកួតសន្សំពិន្ទុ ក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជើងឯក អមដោយប្រាក់រង្វាន់ ៦,០០០ដុល្លារ។ ឯក្រុមឈរលេខ២ ដល់លេខ៥ ត្រូវប្រកួតខ្វែងគ្នា ដើម្បីរកក្រុមឈ្នះ ជួបគ្នាដណ្ដើមជើងឯកពាន Keller Williams Cambodia Cup មួយទៀត។ ពាននេះបង្កើតឡើងដោយលោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន WK Cambodia ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ និងបំផុសចលនាមហាជន ចូលរួមលេងកីឡា ដើម្បីសុខភាព និងមិត្តភាពជាដើម៕