(ភ្នំពេញ)៖ កីឡាករក្នុងក្រុមជម្រើសជាតិកម្ពុជា ហុង ផេង បានលើកឡើងថា ការត្រៀមខ្លួនរបស់សមាជិកនៃក្រុមបឹងកេតអែហ្វស៊ី​ក្នុងប៉ុន្មានប្រកួតដំបូងនេះ គឺបានល្អហើយ ប៉ុន្តែក្នុងបាល់ទាត់ ពេលខ្លះត្រូវការសំណាងឱ្យនៅខាងយើងថែមទៀត។

ប្រធានបឹងកេតរូបនេះ បានអះអាងក្រោយដឹកនាំក្រុមយកឈ្នះលើគូប្រជែងខេត្តកំពង់ចាម ក្នុងលទ្ធផល ៧-០ នាល្ងាចថ្ងៃអាទិត្យកន្លងទៅនេះថា ស្ថានភាពរបស់ក្រុមនឹងត្រឡប់ទៅរកភាពល្អឡើងវិញ។ លទ្ធផលនេះ ថ្វីដ្បិតតែពួកយើងឈ្នះលើក្រុមដែលទើបបង្កើតថ្មី ប៉ុន្តែវាគឺជាលទ្ធផលដ៏ល្អ ដែលកីឡាកររបស់យើងពុំមើលងាយលើគូប្រកួត ហើយតែងតែព្យាយាមពេញ ៩០នាទី។

ហុង ផេង បានបន្ថែមទៀតថា ចំពោះយុវជន និងកីឡាករថ្មីៗដែលមកចូលរួមជាមួយពួកយើងក្នុងរដូវកាលថ្មីនេះ ភាគច្រើនគឺពួកគាត់អាចយល់ និងចាប់បាននូវអ្វីដែលជាការចង់បានរបស់គ្រូបង្វឹក និងក្រុម។ ក្រោយប្រកួតសប្តាហ៍ទី៤ នេះ បឹងកេត មាន ៧ពិន្ទុ និងឈរនៅចំណាត់ថ្នាក់លេខ៦ ពីការប្រកួតឈ្នះភ្នំពេញក្រោន ៣-២ ចាញ់ អគ្គិសនីកម្ពុជា ១-០ ស្មើអង្គរថាយហ្គឺរ ១-១ និងឈ្នះកំពង់ចាម ៧-០៕