(ភ្នំពេញ)៖ ការប្រកួតប្រដាល់អធិរាជគុនខ្មែរ ISI Palm រដូវកាលទី២ បានចាប់ផ្តើមហើយក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដោយក្នុងនោះមានបេក្ខភាពមាន ១៦រូប (ខ្មែរ ៨រូប និងថៃ ៨រូប) ប្រកួតជម្រុះដំបូង ចាញ់-ធ្លាក់ រួមមានកីឡាករថៃ ឃុមភីឈិត បានឡើងទៅវគ្គបន្តក្នុងការប្រជែងយកខ្សែក្រវាត់ប្រាក់-មាស ក្រោយយកឈ្នះកីឡាករ ម៉ន សាម៉េត របស់កម្ពុជា ដោយពិន្ទុចំនួន ៥ទឹក នាថ្ងៃអាទិត្យ ទី០៥ ខែកមរា ឆ្នាំ២០២០ នៅសង្វៀន PNN។
សម្រាប់កម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI Palm រដូវកាលទី២ ស្ថិតក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាមបានចាប់ផ្តើមប្រកួតនៅថ្ងៃទី០៥ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដោយមានកីឡាករ ១៦រូបចូលរួម ដែលមានអ្នកប្រយុទ្ធគុនខ្មែរ ៨នាក់ ក្នុងនោះមានកីឡាករ ពេជ្រ ម្ទេសខ្មាំង, វ៉ាន់ វឿន, អេលីត ចំរើន, ឃួន ឡាំកូស៊ីន, អេ ណារ័ត្ន, ប៊ុន សុធា និង លៀប រដ្ឋា ខណៈកីឡាករ ម៉ន សាម៉េត អស់ឱកាសឡើងទៅវគ្គបន្តហើយ បន្ទាប់ពីប្រកួតចាញ់កីឡាករថៃ ឃុមភីឈិត ដោយពិន្ទុនៅថ្ងៃបើឆាកប្រកួតជម្រុះ រឺឯកីឡាករថៃទាំង ៨នាក់ រួមមានកីឡាករ ឃុមផ្សាក់, ផៃងិន, ភិតឈុមផុន, កាំឡៃយោគ, ចៅផាហ៊ីន, ណាខនលួង, ផ្សាក់អ៊ីនស៊ី គ្រាដែលកីឡាករ ឃុមភីឈិត បានឡើងទៅវគ្គបន្ត រង់ចាំប្រកួតដណ្តើមខ្សែក្រវាត់ប្រាក់តែម្តង។
ព្រឹត្តិការណ៍ខាងលើនេះដែរ ត្រូវបានរៀបចំឡើងដើម្បីការស្វែងរកជើងខ្លាំង ១រូប ដែលមានសមត្ថភាពអាចដណ្តើមខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់ ៤០លានរៀល (១០,០០០ដុល្លារអាមេរិក) និង ៤លានរៀលសម្រាប់ម្ចាស់ខ្សែក្រវាត់ប្រាក់ទាំង៤ ក្នុងវគ្គជម្រុះ។ កាលពីរដូវកាលទី១ ទឹកប្រាក់ដ៏ច្រើននេះបានធ្លាក់ទៅលើកីឡាករ ឡៅ ចិត្រា និងខ្សែក្រវាត់មាស ដែលបានប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម៕