(ភ្នំពេញ)៖ យោងតាមការសម្រេចរបស់រដ្ឋាភិបាល ដែលបានហាមប្រាមមិនឲ្យពលរដ្ឋ ធ្វើដំណើរឆ្លងពីភ្នំពេញទៅខេត្ត ឬពីខេត្តមួយទៅខេត្តមួយទៀត រឺ ពីស្រុកមួយទៅ ស្រុកមួយទៀត គឺជាជម្រើស ដ៏សមស្របបំផុត ដែលមិនអាចជៀសវាងបានឡើយ នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងក្នុងទស្សនៈ «ការពារប្រសើរជាងព្យាបាល»។ ជាមួយគ្នានេះ ប្រជាជនខ្មែរមានការពេញចិត្តជាខ្លាំង ចំពោះបទបញ្ឆានេះ ដោយក្នុងនោះក៏មានតារាសម្តែងស្រីកញ្ញា មាន សូនីតា ផងដែរ ដោយនាងបានបង្ហាញនូវការគាំទ្រ ថែមទាំងចួលរួមអំពាវនាវដល់បងប្អូនខ្មែរ ជាពិសេសកម្មករកម្មកានីរោងចក្រ សុំផ្អាកការធ្វើដំណើរទៅស្រុកកំណើត ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតកូវីដ១៩។

ក្នុងបណ្តាញទំនាក់ទំនងសង្គម កញ្ញាមាន សូនីតា បានបង្ហោះរូបភាពមួយសន្លឹង ក្នុងសម្លៀកបំពាក់ច្នៃពីក្រមាខ្មែរ លើកដៃសំពះ ភ្ជាប់ជាមួយនឹងសារថា

«សូមលើកដៃសំពះគោរពដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ជាពិសេសបងៗកម្មករកម្មកានីរោងចក្រទាំងអស់ បើអាច សុំផ្អាកការធ្វើដំណើរទៅស្រុកកំណើតនេះទៅ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាចង់ជួបជុំ ក្រុមគ្រួសារ ពុកម៉ែ បងប្អូន សាច់ញាតិ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ តែមិនបានជួបឆ្នាំនេះ មិនមានន័យថាមិនបានជួបរហូតនោះទេ។ អាចថាជួបលើកនេះសំណាងមិនល្អអាចជានាំគ្រោះទុក្ខសោកឬក៏អាចជាជំងឺទៅដល់ពួកគាត់វិញទេ...។ ចុងក្រោយសូមបងប្អូនទាំងអស់ពិចារណាឡើងវិញ ហើយគោរពតាមគោលការណ៍រាជរដ្ឋាភិបាលវិញទៅ»

ពិតហើយ មួយឆ្នាំមានម្តង សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានការជួបជុំគ្រួសារ មិត្តភ័ក្ត គឺជាពិធីដ៏សប្បាយរីករាយបំផុត។ ដូច្នេះការខកខានមិន បានជួបជុំក្នុងពេលបុណ្យចូលឆ្នាំ ពិតជាការខកចិត្តមួយ។ ប៉ុន្តែបើយើងសាកល្បងគិតថា ក្រោយពីពិធីជួបជុំបុណ្យចូលឆ្នាំដ៏ សប្បាយរីករាយទៅ ស្រាប់តែ កូវិដ-១៩ផ្ទុះឡើងនៅគ្រប់ទិសទី។ ឪពុកម្តាយ បងប្អូន ជីដូនជីតា យើងស្រាប់តែឆ្លង មេរោគនេះ តើយើងមានអារម្មណ៍បែបណា? វាពិតជា រឿងសោកសង្រេងខ្លាំងណាស់ គឺខ្លាំងជាងការខកខានមិនបានទៅជួបជុំគ្នារាប់រយរាប់ពាន់ដងឯណោះ។ ហើយជួនកាល វិប្បដិសារីនេះនឹងកើតមានសម្រាប់ខ្លួនយើងពេញមួយជីវិតក៏ថាបាន។ ដូច្នេះផ្អាកការធ្វើដំណើររយៈពេលខ្លី គឺជារឿងដ៏សំខាន់បំផុតដែលត្រូវអនុវត្ត ដើម្បីសេចក្តីសុខរយៈពេលវែង៕