(បរទេស)៖ បន្ទាប់ពីមានការប្តឹងផ្តល់ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខ្នាតយក្ស Apple កាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងអាយុកាលថ្មនៅលើ iPhone ដែលបញ្ឈប់ការប្រើប្រាស់មុនកាលកំណត់ ក៏ដូចជាបញ្ហាលើអាគុយសម្រាប់រថយន្តអគ្គិសនី ពេលនេះសហភាពអឺរ៉ុបបានព្រាងច្បាប់ថ្មី សម្រាប់ក្រុមហ៊ុនផលិតបច្ចេកវិទ្យាទាំងនោះហើយ ពោលគឺរាល់ថ្មដែលផលិតគឺទាមទារឱ្យដាក់អាយុកាលផុតកំណត់ជាក់លាក់ ដើម្បីជៀសវាងការបំភាន់អតិថិជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា សេចក្តីណែនាំថ្មីរបស់សហភាពអឺរ៉ុបនេះគឺផ្តោតទៅលើគុណភាពថ្ម ក្នុងនោះរួមមានការវេចខ្ជប់ថ្មឱ្យបានត្រឹមត្រូវជៀសវាងប៉ះពាល់បរិស្ថាន និងការផ្សាយពាណិជ្ជកម្ម ជាពិសេសសម្រាប់អាគុយរថយន្តអគ្គិសនីត្រូវបញ្ជាក់«អព្យាក្រឹត្យអាកាសធាតុ និងបរិស្ថាន» អោយបានត្រឹមត្រូវដោយក្រុមហ៊ុនផលិត។ សេចក្តីព្រាងច្បាប់នេះក៏បានព្យាករណ៍ពីការដាក់ស្លាកច្បាស់លាស់សម្រាប់តម្លៃនៃការជួសជុលផលិតផល និងការរឹតបន្តឹងការជួសជុលដែលអាចកើតមានដោយក្រុមហ៊ុនផលិតផងដែរ។
ដោយឡែកចំពោះសេចក្តីប្រកាសព័ត៌មានដែលបានភ្ជាប់មកជាមួយរបាយការណ៍នេះក៏បានលើកឡើងផងដែរថា ច្បាប់បាប់ថ្មីនឹងផ្តល់សិទ្ធិធ្វើអន្តរប្រតិបត្តិការជាមួយគ្រឿងបន្លាស់ភាគីទីបីដូចជាឆ្នាំងសាក និងគ្រឿងបន្លាស់ ដើម្បីដំណើរការជាមួយឧបករណ៍ និងមិនកំណត់មុខងាររបស់ពួកគេឡើយ។
គួរជម្រាបដែរថា សេចក្តីព្រាងច្បាប់នេះ បានអនុម័តរួចហើយដោយមានការចរចាររវាងសភាសហភាពអឺរ៉ុប និងប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ហើយគ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ៕