(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២៣ (AFF U23 Championship 2023) ដែលគ្រោងធ្វើការប្រកួតពីថ្ងៃទី១៧-២៧ ខែសីហាខាងមុខ បានផ្លាស់ប្ដូរទីតាំងប្រកួតថ្មី ពីខេត្តឈុនបុរី មករៀបចំការប្រកួតនៅខេត្តរយ៉ងវិញ។

នេះបើយោងតាមកម្មវិធីប្រកួតចុងក្រោយ ដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានជូនដំណឹងកាលពីថ្មីៗ ព្រមទាំងការកំណត់ពេលវេលាប្រកួតផ្លូវការ សម្រាប់ពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាននេះផងដែរ។

គួរដឹងថា ពានរង្វាន់ AFF U23 Championship 2023 នេះ គឺមាន ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U23 កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា។ ឯពូលB មានក្រុម U23 ទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងពូល C មានវៀតណាម ហ្វីលីពីន និងឡាវ។

ចំពោះកម្មវិធីប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U23 ប្រ៊ុយណេមុនគេ នាម៉ោង ៤ល្ងាច ថ្ងៃទី១៧-សីហា មុនបន្ដជួបក្រុម U23 មីយ៉ាន់ម៉ា នាម៉ោង ៤ល្ងាចដូចគ្នា នៅថ្ងៃទី១៩-សីហា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះថៃ នាម៉ោង ៨យប់ ថ្ងៃទី២១-សីហា នៅកីឡដ្ឋានរយ៉ងទាំង ៣ប្រកួតតែម្ដង៕