(ភ្នំពេញ)៖ លោក ស ចាន់ធី ប្រធានសាខាបក្ស «ខ៣»​ នៃគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ព្រមទាំងសមាជិកសមាជិកាទាំងអស់ បានចេញសារថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរ លើអង្គព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

នៅក្នុងសារថ្កោលទោសជនក្បត់ជាតិ សម រង្ស៉ី បានគូសបញ្ជាក់ថា យើងសូមថ្កោលយ៉ាងដាច់អហង្ការចំពោះការប្រមាថ និងការចោទប្រកាន់ ឥតព្រំដែនម្តងហើយម្តងទៀតរបស់ សម រង្ស៉ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ»។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់និង រត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែល បានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅក្រៅប្រទេស ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្កាដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ» និងចោទថា «អត់មានមនសិការជាតិ»។

ការប្រមាថយ៉ាងធ្ងន់ធ្ងរ និងគឃ្លើនរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ បានធ្វើឱ្យថ្នាក់ដឹកនាំ ស្ថាប័នជាតិ អ្នកនយោបាយ និងប្រជាពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង និងចេញមុខថ្កោលទោសជាបន្តបន្ទាប់៕