(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ពីសកលវិទ្យាល័យ «ពោធិសាស្ត្រា ផ្លរិដា យូអេសអេ» របស់អាមេរិក និងបានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសារព័ត៌មានជូនជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។
ក្រោមការដឹកនាំរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៉ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
ឯកឧត្តម បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យកាន់តែប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ដោយការផ្លាស់ប្តូរការផ្សាយពីអាណាឡូកទៅឌីជីថល និងបានយកចិត្តទុកដាក់ខ្ពស់ លើវគ្គបណ្តុះបណ្តាល អ្នកសារព័ត៌មាន ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត បំពុលសង្គម ជំរុញឱ្យអ្នកសារព័ត៌មានគោរពច្បាប់សារព័ត៌មាន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគិតគូរពីសុវត្ថិភាពអ្នកសារព័ត៌មាន ដោយបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ការពារអ្នកសារព័ត៌មាន និង បានជំរុញឱ្យមានការបង្កើតសមាគមអ្នកសារព័ត៌មាន ដើម្បីជួយអ្នកសារព័ត៌មានផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ក្រោមអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្ដម និងលោកជំទាវ ព្រមទាំងបុត្រ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕