(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរព័ត៌មានរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានតម្រុយដែលប្រមូលផ្តុំលើតម្លៃមួយ ឬពីររបស់ «5Ws and H» ដែលបំណងរបស់វាគឺក្ដោបសំខាន់ ឬវាយចំ ចំណុចសំខាន់នៃសាច់រឿង។
នៅចំពោះមុខសិក្ខាកាមក្នុងថ្នាក់សិក្សា លោក ម៉ារ យ៉ារិទ្ធិ បានបន្ដថា Summary lead គឺជាតម្រុយសាមញ្ញធម្មតាបំផុត និងជារបៀបប្រពៃណីហើយរបស់អ្នកកាសែតទូទៅ។ តម្រុយនេះ គឺជាតម្រុយដែលបូកសរុបរបស់ «5Ws and H» ជួនកាលថែមទាំង How បន្ថែមទៀត។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមជាមួយឱកាសក្នុងការហាត់ការជាមួយបណ្ដាញព័ត៌មាន Fresh News ផងដែរ៕