(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយសារលិខិត ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវកតវេទិតាដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបព្រះរាជសុខភាពល្អពេញបរិបូរណ៌ ព្រះពលានុភាពមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្ដ្រជ្រកកោន ជាភិយ្យោភាពតរៀងទៅ។

ក្នុងអភិបាលលក្ខិតសម័យមហាវិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវកតវេទិតាដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងតែលះបង់ព្រះកាយពលដ៏ធំធេង និងព្រះរាជគតិបណ្ឌិតវាងវៃ ក្នុងព្រះរាជបូជនីយកិច្ចជាតិ-អន្ដរជាតិដ៏ឧត្ដុងឧត្ដម ទាំងក្នុងពុទ្ធចក្រ និងអាណាចក្រប្រកបដោយព្រះរាជហឬទ័យទសពិធរាជធម៌ ដើម្បីសុខសន្ដិភាព និងវឌ្ឍនភាពជាតិ មាតុភូមិ យាងតាមគន្លងព្រះរាជវីរៈគំរូនៃ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសប្រោសព្រះរាជនូបត្ថម្ភគាំទ្រ ក្នុងព្រះរាជសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ជួយដោះស្រាយទុក្ខលំបាករបស់ប្រជានុរាស្ដ្រដែលជួបគ្រោះមហន្ដរាយនានា នៅទូទំាងព្រះរាជាណាចក្រកម្ពុជា។

ក្នុងវរោកាសដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមលំឱនកាយ លើហត្ថប្រណមឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជៈបារមីនៃវត្ថុស័ក្កសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតារក្សាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្ដេចទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕