(ភ្នំពេញ)៖ ការថ្វាយព្រះពរ ថ្វាយព្រះមហាក្សត្រ សម្តេចព្រះវររាជមាតា ជាតិ ខ្មែរ និងការជូនពររវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទូទៅជាកាយ វិការមួយត្រូវបានប្រកាន់យក និងប្រកបដោយសីលធម៌ខ្ពស់មួយក្នុង សង្គម ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម បើទោះបីបច្ចុប្បន្នខ្លួនត្រូវរស់នៅ ក្រោមការគ្រប់គ្រងរបស់វៀតណាម តែទឹកព្រះទ័យ និងដួងចិត្តនៅតែ តម្កល់ ការគោរពចំពោះព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិកម្ពុជា ជាព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរបស់ខ្លួនផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ព្រះអគ្គធម្មោបណ្ឌិត យ័ញអ៊ុក ព្រះលេខាសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុងរ៉ាច់យ៉ា ព្រះចៅអធិការវត្តកែវមុនីវង្សាជ្រុងយោង ខេត្តក្រមួនស ខ្មែរកម្ពុជាក្រោម បានផ្ញើសារលិខិតជាជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រះអគ្គធម្មោបណ្ឌិត យ័ញអ៊ុក សូមប្រសិទ្ធពរបវរមហាប្រសើរ និងបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្តីជ័យ មង្គលវិបុលសុខ មហាប្រសើរជូន សម្តេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅៗទាំងអស់ សូមបាន ប្រកបដោយសុខភាពបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ព្រមទាំងពរ ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ :និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕