(ភ្នំពេញ)៖ ការជូនពររវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ​ទូទៅ​ជា​កាយ​​វិការមួយត្រូវបានប្រកាន់យក និងប្រកបដោយសីល​ធម៌​ខ្ពស់​មួយ​ក្នុង​សង្គម​ខ្មែរ​នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម បើទោះបីបច្ចុប្បន្នខ្លួន​ត្រូវរ​ស់​នៅ​​ក្រោមការគ្រប់គ្រងរបស់វៀតណាម តែទឹកព្រះទ័យ និងដួងចិត្ត​នៅ​តែ​​តម្កល់ថ្នាក់ដឹកនាំរបស់កម្ពុជា ជាថ្នាក់ដឹកនាំរបស់ខ្លួនផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ព្រះធម្មវិមានត្ថេរ ថាច់ ញុឹក ព្រះចៅអធិការវត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដែលពលរដ្ឋខ្មែរ​ស្គាល់​ជា​ទូទៅថា ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម ​បានផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងសារលិខិតនោះ ព្រះធម្មវិមានត្ថេរ ថាច់ ញុឹក បានគូសរំលេចថា ព្រះអង្គផ្ទាល់ ព្រមទាំងព្រះសង្ឃវត្តស្វាយសៀមថ្មីគ្រប់អង្គ ពិតជា​មាន​ក្តីសោមនស្សរីករាយចំពោះសកម្មភាពរបស់សម្ដេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ​របស់​ប្រជាជនទូទៅក្នុងប្រទេស។ ជាពិសេស ក្នុងកាលកន្លង​មក​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំដង្ហែអង្គកឋិនទានសាមគ្គីមហា​គ្រួ​សា​រខ្មែរមកកាន់វត្តស្វាយសៀមថ្មី នៅស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែល​ព្រះសង្ឃទូទាំងខេត្តតែងតែនឹករឭកជានិច្ច។

ក្នុងសារជូនពរ ក៏បានគូសរំលេចពីការប្រគេនព្រះត្រៃបិដក និងវចនានុក្រមតម្កល់ទុកក្នុងវត្តអារាមព្រះពុទ្ធសាសនា ក្នុងគោលបំណងថែរក្សាព្រះពុទ្ឋសាសនា និងអក្សរសាស្ត្រជាតិផងដែរ។

ព្រះធម្មវិមានត្ថេរ ថាច់ ញុឹក បានបួងគុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាមគោរាគៈទេវី ជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕