(ភ្នំពេញ)៖ ព្រះភិក្ខុ សុវណ្ណញ្ញាណោ ជាតិ មុនី ព្រះចៅអធិការស្តីទី ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គវត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជា​ក្រោម បានផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ។

វត្តសាមគ្គីរង្សី ជាវត្តមួយរបស់ព្រះសង្ឃខ្មែរក្រោម ស្ថិតនៅក្នុង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។ ក្នុងសារលិខិតជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ព្រះភិក្ខុ សុវណ្ណញ្ញាណោ ជាតិ មុនី ព្រមទាំងព្រះសង្ឃក្នុងវត្តទាំងអស់ សូមប្រសិទ្ធពរជ័យជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកបនូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន រួចចាកផុតពីរោគាព្យាធិនានា បញ្ញាក្លៀវក្លា និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ចកិច្ចរីកចម្រើនឥតឈប់ឈរ។

ព្រះភិក្ខុ សុវណ្ណញ្ញាណោ ជាតិ មុនី ព្រមទាំងព្រះសង្ឃក្នុងវត្តទាំងអស់ ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាមនុស្សលោក និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ តាមអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗ បានសមប្រកបដោយពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕