(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារអបអរសាទរ និងសម្ដែងនូវមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង នាឱកាសដែលឯកឧត្តម ឯក សំអុល ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។

តាមរយៈសារលិខិត សម្ដេចបានមានប្រសាសន៍ដូច្នេះថា៖

តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា រីករាយយ៉ាងក្រៃលែង និងអំណរសាទរយ៉ាងជ្រាលជ្រៅក្នុងឱកាសដែល ឯកឧត្តម ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៥/៥២៧ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។

ការទទួលបាននូវឋានៈតួនាទីដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុតចំពោះគុណវុឌ្ឍ និងគុណ បំណាច់ដ៏ធំធេងរបស់ ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីមិន ខ្លាចនឿយហត់ និងបានធ្វើពលិកម្មជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដើម្បី ជាឧត្តមប្រយោជន៍ដល់សង្គមជាតិឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ បូរណភាពទឹកដី និងការ ពង្រឹងនិតិរដ្ឋ ជាពិសេស ឯកឧត្តម មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក និងការពារដាច់ខាតនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម ឯកឧត្តម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅ អំពីយើងខ្ញុំទាំងអស់គ្នា៕