(ភ្នំពេញ)៖ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាប្រធានកិត្តិយសសមាគម និងឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានសមាគម ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សមាជិកសមាជិកា ជនមានពិការភាពភ្នែក និងកាយសម្បទា ចំនួន៧០០នាក់ នៅសមាគមតន្ត្រីសំនៀងជនពិការ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដ៏វិសេសវិសាលនៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។

យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរដ៏ស្មោះ ចំពោះដំណើរជីវិតអាពាហ៍ពិពាហ៍ដ៏ឧត្តមរបស់ សម្តេចពិជ័យសេនា និងលោកជំទាវ ដែលសមិទ្ធផលនៃចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល ភាពជាគំរូនៃគូព្រេងព្រឹទ្ធ និងប្រសូត្របានជាកូន ជាចៅ ដែលជាធនធានមនុស្សដ៏ល្អ និងមានតម្លៃសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ មហាប្រសើរជូនចំពោះសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពស្រឡាញ់ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕