(ភ្នំពេញ)៖ ពិតណាស់តារាចម្រៀងស្រីរូបស្រស់ ពេជ្រ សូលីកា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ស្ទើរមួយចំហៀងប្រទេសចាប់អារម្មណ៍ បន្ទាប់ពីស្ងាត់ៗស្រាប់តែនាងសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយបុរសជាកូនអ្នកមានម្នាក់ ក្រោយវិលចូលសិល្បៈវិញមួយប្រាវទៀត។រឿងភ្ជាប់ពាក្យមិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ពេលនេះគូដណ្តឹងរបស់តារាស្រីរូបនេះ ស្រាប់តែទម្លាយរូបភាពឆ្លុះអេកូ បង្ហាញថា ពេជ្រ សូលីកា កំពុងពពោះកូនដំបូង ក្រោមដំណក់ឈាមរួមគ្នា ទាំងមិនទាន់ចូលរោងការ តាមប្រពៃណីខ្មែរ។
តាមរយៈបណ្តាញសង្គម Instagram របស់លោក Khim han ដែលមហាជនស្គាល់យ៉ាងច្បាស់ថា ជាគូដណ្តឹងរបស់ ពេជ្រ សូលីកា បានបង្ហោះរូបភាពឆ្លុះអេកូមួយសន្លឹក ភ្ជាប់ជាមួយនឹងសារ បង្ហាញពីភាពសប្បាយរីករាយ រំភើបពេលខ្លួនបានក្លាយជាប៉ារបស់គេឆាប់ៗនេះ។ តែយ៉ាងណាក្នុងសារនោះ លោក Khim han មិនបានបញ្ជក់នោះទេ ថា ពេជ្រ សូលីកា កំពុងពពោះកូនក្នុងផ្ទៃប៉ុន្មានខែ ហើយជាកូនប្រុសឬស្រី។
ជាមួយនឹងដំណឹងភ្ញាក់ផ្អើលនេះ មហាជនជាច្រើនហាក់សម្តែង នូវអារម្មណ៍នឹកស្មានមិនដល់ ថាគូស្នេហ៍មួយគូនេះសម្រេចចិត្តយកកូនឆាប់ៗ ព្រោះអ្នកទាំងពីរមិនទាន់ចូលរោងការ តាមប្រពៃណីខ្មែរនោះឡើយ។ ទោះនេះជារឿងឯកជនរបស់ ពេជ្រ សូលីកា និងគូដណ្តឹងក្តី តែមហាជនបានលើកឡើងថា វាហាក់បីដូចជាមិនសមទាល់តែសោះ ក្នុងនាមជានារីខ្មែរ ដែលមានកូនទាំងមិនទាន់ក្រាបក្បាលដល់កន្ទេល ខណៈដែលនាងគឺជាតារាល្បី ជាមនុស្សរបស់មហាជន និងជាអ្នកមានមុខមាត់កិត្តិយសក្នុងសង្គម៕