(ភ្នំពេញ)៖ ខ្សែការពារសញ្ជាតិជប៉ុន Takaki Ose បានក្លាយជាកីឡាករបរទេសទី៤ របស់ក្លិបភ្នំពេញក្រោន ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២១ ដែលផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ។

Takaki Ose ផ្ដើមអាជីពបាល់ទាត់ នៅឆ្នាំ២០១៨ ជាមួយក្លិប Pieta Hotspurs FC នៃលីគទី១របស់ប្រទេស Malta បន្ទាប់មកបានផ្លាស់ទៅលេងជាមួយក្លិប Ahli Sidab Club នៃលីគទី២ របស់ប្រទេសអូម៉ង់ Oman នៅឆ្នាំ២០១៩ មុនផ្ទេរមកកាន់ទឹកដីអង្គរ ដោយចូលរួមជាមួយក្លិបអង្គរថាយហ្គឺរ ក្នុងឆ្នាំដដែល។

ខ្សែការពារវ័យ ២៥ឆ្នាំរូបនេះ គឺជាកីឡាករបរទេសចំណូលថ្មីទី៣ តែជាកីឡាករបរទេសទី៤ របស់ក្រុមសិង្ហក្រហម សម្រាប់ត្រៀមរដូវកាលក្រោយ បន្ទាប់ពីភ្នំពេញក្រោនបាននាំចូលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Matheus Souza ពីក្លិបសូលទីឡូអង្គរ, ខ្សែបម្រើជប៉ុន Yudai Ogawa ពីក្លិបអង្គរថាយហ្គឺរ និងបន្ដកុងត្រាខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Andres Nieto។

អ្វីដែលគួរឲ្យកត់សម្គាល់ សម្រាប់ការរុះរើសកីឡាករបរទេសរបស់អតីតក្រុមជើងឯក ៦សម័យកាលឆ្នាំនេះ ខុសប្លែកពីឆ្នាំមុនៗ ដោយពួកគេនាំចូលតែកីឡាករបរទេសបានប្រកបអាជីពនៅកម្ពុជាកាលពីឆ្នាំមុន មិនមានការនាំចូលថ្មីពីក្រៅប្រទេសនោះទេ។ យ៉ាងណាក្ដី ភ្នំពេញក្រោន នៅសល់កៅអីកីឡាករបរទេសម្នាក់ទៀត សម្រាប់បំពេញកូតាត្រៀមការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១៕