(បាងកក)៖ ចាប់តាំងពីឆ្នាំ១៩៣២មក ថៃដែលជាប្រទេសប្រកាន់របបរាជានិយមផ្តាច់ការ បានប្រែខ្លួនឲ្យក្លាយជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានស្តេចសោយរាជ្យក្នុងនាមជានិម្មិតរូបនៃការឯកភាពជាតិ។ ប្រទេសនៅភូមិភាគអាស៉ីអាគ្នេយ៍មួយនេះ ល្បីខ្លាំងណាស់ខាងធ្វើរដ្ឋប្រហារដោយយោធា ដើម្បីដណ្តើមអំណាចពីនាយករដ្ឋមន្ត្រីមកកាន់កាប់ ពោលគឺថៃត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសនានាលើពិភពលោក ដែលធ្វើរដ្ឋប្រហារយោធាញឹកញាប់ជាងគេ។
គេនៅចាំបានថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-Cha) ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន (គិតត្រឹមឆ្នាំ២០២០) ក៏កើតឡើងពីការធ្វើរដ្ឋប្រហារយោធា ដណ្តើមអំណាចពីលោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ត្រា (Yingluck Shinawatra) ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៤ ផងដែរ។ តើអ្នកដឹងទេថា គិតត្រឹមអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា ថៃមានការធ្វើរដ្ឋប្រហារដោយយោធាប៉ុន្មានលើកមកហើយ?
តាមឯកសារជាច្រើនដែល Fresh News Plus ទទួលបាន គឺបញ្ជាក់ថាប្រវត្តិនៃការធ្វើរដ្ឋប្រហារដោយយោធានៅថៃ មានដូចខាងក្រោម៖
* លើកទី១ នៅឆ្នាំ១៩៣២
នៅឆ្នាំ១៩៣២ ព្រះរាជាណាចក្រសៀមបានកើតមានបដិវត្តន៍លើកដំបូង ដើម្បីផ្លាស់ប្តូររបបរាជានិយមផ្តាច់ការដែលមានអាយុកាលជាង ៧០០ ឆ្នាំមកហើយនោះ ឱ្យមកជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញ។ កាលណោះ រាជបល្ល័ង្ករបស់ព្រះចៅប្រជាធីប៉ុក (King Prajadhipok) ត្រូវបានផ្ដល់រំលំដោយបដិវត្តន៍យោធាមួយក្រុម ដែលគេហៅថា Four Musketeers ឬបដិវត្តន៍សៀម។ ការធ្វើបដិវត្តន៍ដោយ Four Musketeers នេះ ត្រូវបានប្រវត្តិវិទូយកចិត្តទុកដាក់កត់ត្រាយ៉ាងខ្លាំង ប៉ុន្តែសូមកុំច្រឡំ Four Musketeers ដែលជាខ្សែភាពយន្តរបស់បារាំង។
* លើកទី២ នៅឆ្នាំ១៩៣៣
បន្ទាប់ពីធ្វើបដិវត្តន៍នៅឆ្នាំ១៩៣២ ថៃបង្កើតរដ្ឋធម្មនុញ្ញដំបូងរបស់ខ្លួន និងមាននាយករដ្ឋមន្ត្រីដឹកនាំប្រទេសដំបូងឈ្មោះថា ព្រះពញា ម៉ានុផាកន នីទីតាដា (Phraya Manopakorn Nititada)។ នាយករដ្ឋមន្ត្រីដំបូងរបស់ថៃរូបនេះ ឡើងកាន់តំណែងមិនទាន់បានមួយឆ្នាំស្រួលបួលផង ក៏ត្រូវពួកកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចតែម្តង។ អ្នកដឹកនាំធ្វើរដ្ឋប្រហារនេះមានឈ្មោះថា ព្រះពញា ផាហន (Phraya Phahon) ហើយក៏បានក្លាយជានាយករដ្ឋមន្ត្រីទី២។
* លើកទី៣ នៅឆ្នាំ១៩៤៧
នៅឆ្នាំ១៩៤៧នេះ ពួកកងទ័ពបានធ្វើរដ្ឋប្រហារទម្លាក់ចៅចមពលនាវា ថាវណ្ណ ថាមរង្គនាវាសុវត្ថិ (Thawan Thamrongnawasawat) ដែលជាបុគ្គលត្រូវបានគេចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយច្រើនពេក។ ក្រោយការធ្វើរដ្ឋប្រហារនេះ គណបក្សប្រឆាំងបានដឹកនាំរដ្ឋាភិបាលវិញម្តង។ ក្រុមធ្វើរដ្ឋប្រហារបានតែងតាំងលោក ឃួង អភ័យវង្ស (Khuang Aphaiwong) ស្ថាបនិកនៃគណបក្សប្រជាធិបតេយ្យ ឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
* លើកទី៤ នៅឆ្នាំ១៩៥១
ការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៥១នេះ មិនទ្រហឹងអឺងកងអ្វីនោះទេ តែជាការធ្វើរដ្ឋប្រហារយោធាដោយស្ងប់ស្ងាត់ ក្នុងពេលដែលស្តេចថៃ ព្រះចៅ ភូមិពល អតុល្យតេជៈ (Bhumibol Adulyadej) ទ្រង់គង់នៅប្រទេសស្វីស។ ក្រោយការធ្វើរដ្ឋប្រហារនេះ ពួកយោធាបានតែងតាំងលោកសេនាប្រមុខ ភ្លែក វិបុលសង្គ្រាម (Plaek Phibunsongkhram) ឱ្យធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលបន្ត។
* លើកទី៥ នៅឆ្នាំ១៩៥៧
អំឡុងពេលលោកនាយករដ្ឋមន្ត្រី វិបុលសង្គ្រាម កំពុងសោយសុខក្នុងតំណែងជានាយករដ្ឋមន្ត្រី ស្រាប់តែមានកុប្បកម្មជាច្រើនបានកើតឡើងនៅរាជធានីបាងកក។ បន្ថែមលើនេះ ព្រះចៅ ភូមិពល អតុល្យតេជៈ ក៏មិនពេញព្រះទ័យជាមួយមេទ័ពដែលជានាយករដ្ឋមន្ត្រីនោះដែរ។ ព្រះអង្គក៏ពន្យុះឱ្យកងទ័ពធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី វិបុលសង្គ្រាម នោះថែមទៀត។ ប្រការនេះ បានជួយឱ្យលោកសេនាប្រមុខ សំរឹទ្ធ ឋានរដ្ឋ (Sarit Thanarat) ធ្វើរដ្ឋប្រហារបានសម្រេច ហើយលោក ផូត សារ៉ាស៉ីន (Pote Sarasin) ដែលជាឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ក៏ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។
* លើកទី៦ នៅឆ្នាំ១៩៥៨
លោក សំរឹទ្ធ ឋានរដ្ឋ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់លោក ផូត សារ៉ាស៉ីន ពីតំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងគោលបំណងចង់កែទម្រង់ប្រព័ន្ធនយោបាយនៅប្រទេសថៃ។ ក្រោយព្រឹត្តិការណ៍នេះ ប្រទេសថៃបានឈានដល់សម័យកាលថ្មីមួយដែលគេបានកត់សម្គាល់ថា សម័យផ្តាច់ការថ្មីមួយនៅក្នុងនយោបាយថៃ។ គួរចាប់អារម្មណ៍ថា លោកសេនាប្រមុខ សំរឹទ្ធ ឋានរដ្ឋ កើតនៅរាជធានីបាងកក តែចម្រើនវ័យឡើងនៅឯស្រុកកំណើតរបស់ម្តាយស្ថិតនៅក្នុងតំបន់ឦសាន ដែលអាចនិយាយភាសាលាវ។ ឪពុករបស់គាត់គឺជាមន្ត្រីកងទ័ពដែលមានឈ្មោះល្បីល្បាញខាងបកប្រែពីភាសាខ្មែរទៅភាសាថៃ។
* លើកទី៧ នៅឆ្នាំ១៩៧១
ដោយសារមានតម្រូវការក្នុងការកម្ចាត់ពួកកុម្មុយនីស្ត លោកសេនាប្រមុខ ថាណម គតិកាឆន (Thanom Kittikachorn) បានធ្វើរដ្ឋប្រហាររដ្ឋាភិបាលខ្លួនឯង និងរំលាយសភាចោល។
* លើកទី៨ នៅឆ្នាំ១៩៧៦
នោះជាពេលដែលលោក សេនី ប្រាម៉ូច (Seni Pramoj) កាន់តំណែងជានាយករដ្ឋមន្ត្រី។ ដោយសារមានបញ្ហាជាប់គាំងផ្នែកនយោបាយ ទើបពួកកងទ័ពថៃធ្វើរដ្ឋប្រហារទម្លាក់លោក សេនី ចេញពីតំណែង។ ជិត៨ខែបន្ទាប់ពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលមិនបានសម្រេច យោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់តំណែងនាយករដ្ឋមន្ត្រី សេនី ប្រាម៉ូច។ តាមព័ត៌មានរបស់បណ្តាញផ្សព្វផ្សាយជាតិ បានឱ្យដឹងថា លោក សាងហ្កាត ចាលយូ (Admiral Sangad Chaloryu) បានប្រកាសខ្លួនឯងជាអ្នកទទួលបន្ទុកក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលជាតិដែលទើបបង្កើត ដែលអាចត្រួតពិនិត្យច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស។ សូមជម្រាបថា នេះជារដ្ឋប្រហារយោធាមួយដែលធ្វើឱ្យលោក វិបុលសង្គ្រាម បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីវិញ។
* លើកទី៩ នៅឆ្នាំ១៩៧៧
នោះជាពេលដែលលោក ថានីន ក្រៃវិឆាន (Thanin Kraiwichian) កាន់ក្បាលម៉ាស៉ីនដឹកនាំរដ្ឋាភិបាលថៃ។ ដឹកនាំប្រទេសទើបតែបានមួយឆ្នាំ លោក ថានីន ក៏ត្រូវធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ដោយលោក សាងហ្កាត ចាលយូ ជាមនុស្សម្នាក់ដែលធ្លាប់ផ្ចុងផ្តើមឱ្យលោកកាន់តំណែងនាយករដ្ឋមន្ត្រីនេះ។ លោក ថានីន គឺជាសាស្ត្រាចារ្យផ្នែកច្បាប់ អតីតចៅក្រម និងជាអ្នកនយោបាយថៃ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីរវាងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧។ ក្រោយមក លោកបានធ្វើជាក្រុមប្រឹក្សារាជសម្បត្តិថៃរហូតដល់ឆ្នាំ២០១៦។
* លើកទី១០ នៅឆ្នាំ១៩៩១
លោកនាយករដ្ឋមន្ត្រី ឆាត់ធីឆ័យ ឈួនហាវណ្ណ (Chatichai Choonhavan) ត្រូវបានចាប់ខ្លួនពេលធ្វើដំណើរតាមផ្លូវទៅគាល់ស្តេច ភូមិពល អតុល្យតេជៈ ដើម្បីទួលសុំទ្រង់ធ្វើជាអនុរដ្ឋមន្រ្តីការពារជាតិម្នាក់ ដែលត្រូវបានគេមើលឃើញថាជាគូប្រជែងនឹងឥស្សរជនយោធាម្នាក់ទៀត។ នាយឧត្តមសេនីយ៍ ស៊ូនថន គង់សំពង្ស (Sunthorn Kongsompong) បានកាន់អំណាចជាប្រធានអង្គភាពថែរក្សាសន្តិភាពជាតិ (National Peacekeeping Guard)។
* លើកទី១១ នៅឆ្នាំ២០០៦
អំឡុងពេលលោក ថាក់ស៉ីន ស៉ីណាវ៉ាត់ត្រា (Thaksin Shinawatra) កាន់តំណែងជានាយករដ្ឋមន្ត្រី កងកម្លាំងប្រដាប់អាវុធបានធ្វើសកម្មភាពបណ្តេញរដ្ឋាភិបាល និងកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧ របស់ប្រទេស។ ពេលនោះ លោក ថាក់ស៉ីន ក្នុងដំណើរទស្សនកិច្ចនៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ប្រកាសពីភាពអាសន្ននៅទីក្រុងបាងកក បន្ទាប់ពីមានព័ត៌មានអំពីរដ្ឋប្រហារ។
* លើកទី១២ នៅឆ្នាំ២០១៤
លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-Cha) អគ្គមេបញ្ជាការកងទ័ព បានប្រកាសធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីមានវិបត្តិនយោបាយរ៉ាំរ៉ៃអស់ពេលជាច្រើនខែ។ លោក ប្រាយុទ្ធ គឺជាមនុស្សស្និទ្ធនឹងស្តេច បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ត្រា (Yingluck Shinawatra) ប្អូនស្រីរបស់លោក ថាក់ស៉ីន ដែលត្រូវរបបយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចកាលពីថ្ងៃឆ្នាំ២០០៦។
សូមបញ្ជាក់ផងដែរ ក្រៅពីមានការធ្វើរដ្ឋប្រហារយោធាជាច្រើនដងនោះ នៅថៃមានព្រឹត្តិការណ៍សម្លាប់យ៉ាងមនុស្សយ៉ាងព្រៃផ្សៃ និងធ្វើសកម្មភាពរំលោភបំពានសិទ្ធិមនុស្សជាច្រើនទៀត ដែលធ្វើឱ្យជនស៉ីវិលជាច្រើនរូបបានរងគ្រោះ។ ចំពោះការធ្វើរដ្ឋប្រហារវិញ ក្រុមអ្នកតាមដាននយោបាយថៃបានលើកឡើងចំៗថា ការដែលរដ្ឋប្រហារយោធាថៃកើតឡើងច្រើនបែបនេះ ក៏ដោយសារមានការអនុញ្ញាតពីស្តេចខ្លួនឯងឱ្យរៀបចំឡើង។ ត្រង់ចំណុចនេះគេចង់បង្ហាញថា ទោះបីថៃប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក៏ដោយ ក៏ប្រទេសមួយនេះនៅតែឱ្យអំណាចទៅ ឬនិយាយម្យ៉ាងទៀតថាជារបបរាជានិយមផ្តាច់ការ ដែលអាចធ្វើឱ្យស្តេចជ្រៀតចូលនយោបាយគ្រប់ពេលវេលាជានិច្ច៕
រដ្ឋប្រហារយោធាថៃលើកទី១ ឬបដិវត្តន៍សៀម
លោក Phraya Phahon អ្នកដឹកនាំរដ្ឋប្រហារយោធាថៃលើកទី២
លោក Khuang Aphaiwong បានកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៣
លោក Phibunsongkhram កាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៤
លោក Pote Sarasin បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៥
លោក Sarit Thanarat ដែលជាអ្នកដឹកនាំរដ្ឋប្រហារយោធាលើកទី៦
លោក Thanom Kittikachorn អ្នកធ្វើរដ្ឋប្រហារយោធាលើកទី៧
លោក Seni Pramoj ដែលត្រូវគេធ្វើរដ្ឋប្រហារយោធាលើកទី៨
លោក Sangad Chaloryu អ្នកដឹកនាំធ្វើរដ្ឋប្រហារយោធាលើកទី៩
លោក Chatichai Choonhavan ដែលត្រូវគេធ្វើរដ្ឋប្រហារយោធាលើកទី១០
លោក Thaksin Shinawatra ដែលត្រូវគេធ្វើរដ្ឋប្រហារយោធា លើកទី១១
លោក Prayut Chan-O-Cha អ្នកធ្វើរដ្ឋប្រហារយោធា លើកទី១២