(ភ្នំពេញ)៖ ជំងឺខ្សោយក្រពេញកចំពោះទារក ( Hypothyroïdie du Nouveau-né) គឺជាការថយចុះនូវការផលិតអ័កម៉ូនទីរ៉ូអីត (hormone thyroïdes) ឬអាចមានតាំងពីកំណើត។ ក្នុងនោះមានទារកចន្លោះពី ២០០០-៣០០០នាក់ អាចមានម្នាក់កើតជំងឺនេះ។

តាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ធី សាម៉ីឌី ឯកទេសរោគកុមារ និងទារក នៃមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ពីមូលហេតុ រោគសញ្ញា ការព្យាបាល និងផលវិបាកមួយចំនួន ដែលទារកនឹងជួប្រទះ ដែលដូចខាងក្រោមនេះ៖

១៖ មូលហេតុ៖
* ម្ដាយខ្វះជាតិ អ៊ីយ៉ូត (carence en iode)
* គ្មានក្រពេញទីរ៉ូអីត (thyroide), ការលូតលាស់របស់ក្រពេញមិនល្អ ឬមិនគ្រប់លក្ខណៈ.
* ការប្រើប្រាស់ថ្នាំ មិនបានត្រឹមត្រូវ
* មានអង់ទីករ របស់ម្ដាយប្រឆាំងជាមួយកូន
* ករណីកម្រគឺក្រពេញ Hypophyse ខ្សោយ។

២៖ រោគសញ្ញា៖
* ទារកនៅស្ងៀម, មិនសូវមានចលនា
* ទារកមិនសូវបៅ
* ស្បែក និងភ្នែកលឿង (ictère)
* ស្បែកស្ងួត
* កម្លាំងសាច់ដុំខ្សោយ
* ទល់លាមក
* បង្ហើយខាងមុខធំ,ក្របិទជិត
* អណ្ដាតធំ
* ចង្វាក់បេះដូងដើរយឺត
* មានផ្ចិតប៉ោង( hernie ombilical)។

៣៖ ការកំណត់ស្វែងរកជំងឺ៖
* ការធ្វើតេស្តកែងជើងចំពោះទារក ក្រោយកើត ( អាយុចាប់ពី ៤៨ម៉ោងឡើង)
* តាមការមើលឈាមទារក ( TSH, T3,T4)
* តាមការមើលអេកូសាស្រ្ត រឺក៌ scintigraphie

៤៖ ការព្យាបាល៖
* ការប្រើថ្នាំ អ័រម៉ូនទីរ៉ូអីត ( Hormone thyroïde)
* ការព្យាបាល ទាមទារឱ្យបានលឿន ដើម្បីកាត់បន្ថយពិការភាពរបស់ខួរក្បាល។

៥៖ ផលវិបាក៖
* ប៉ះពាល់ដល់ការលូតលាស់ (ទាប)
* ប៉ះពាល់ដល់ការស្ដាប់
* ប៉ះពាល់ដល់ខួរក្បាល(ខ្សោយបញ្ញា និងស្មារតី, ទន់ដៃទន់ជើង)៕