(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ដំណើរការកម្មវិធី KHQR Code ដេីម្បទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
KHQR Code ជាស្តង់ដារ QR Code តែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តាមរយៈ ACLEDA Mobile កម្មវិធីបាគង និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន។
ធនាគារ អេស៉ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវ សេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃ កម្ពុជា។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា ដោយសង្កេតឃើញថា នៅតាមបញ្ជរហាងទំនិញ និងអ្នកផ្តល់សេវាកម្មនានា បានដាក់ QR Code សម្រាប់ទូទាត់ របស់គ្រឹះ ស្ថាន ធនាគារ និងហិរញ្ញវត្ថុជាច្រើន មានភាពចង្អៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការលំបាកក្នុងការ ជ្រើសរើស ដើម្បីទូទាត់។
លោកបណ្ឌិតបានបន្ដថា ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សរុបចំនួន៥៤ បានធ្វើការអភិវឌ្ឍរួមគ្នានូវសេវា «KHQR» ដែលជាប្រព័ន្ធទូទាត់ស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវ ឃ្យូអរកូត សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីធ្វើប្រតិបត្តិការទូទាត់រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិក សំដៅផ្តល់នូវភាពងាយស្រួល ជូនអ្នកប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាព ទាន់សម័យ មានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ។
លោកបណ្ឌិត អ៉ិន ចាន់នី បានបន្ថែមថា ការបង្កើត «KHQR» ក្នុងវិស័យធនាគារនេះ ស្ថិតក្រោមគំនិតផ្តួចផ្តើម និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា ជាពិសេស លោកស្រីបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងជាស្ថាបនិក ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង និងប្រើបច្ចេកវិទ្យា Blockchain។
លោកស្រីបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុ បានផ្តល់ឱកាស និងជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដាក់ចេញនូវឧបករណ៍ និងសេវាទូទាត់ប្រកបដោយនវានុវត្តន៍ដល់សាធារណជនដូចជា ការទូទាត់តាមប្រព័ន្ធអ៊ីនធើណែត តាមទូរស័ព្ទចល័ត និងតាមឃ្យូអរកូត ជាដើម។
លោកស្រីបានបន្ដថា ទោះជាយ៉ាងនេះក៏ដោយ ការទូទាត់តាម QR Code កន្លងមក នៅពុំទាន់មានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជននៅឡើយ ព្រោះអតិថិជនមិនអាចធ្វើការទូទាត់សងប្រាក់ឆ្លងគ្រឹះស្ថានទៅវិញទៅមកបាន។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ និងដើម្បីអនុវត្តស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវប្រកាសស្តីពី គំរូបរិច្ឆិនភាពបច្ចេកទេស KHQR Code សម្រាប់ទូទាត់សងប្រាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កន្លងមក។
ធនាគារជាតិនៃកម្ពុជា សូមអបអរសាទរ ចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍ និងដាក់ឲ្យដំណើរការសេវាទូទាត់តាម KHQR Code ដែលនឹងផ្តល់ភាពងាយស្រួលដល់អិតិថិជន អាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មបានយ៉ាងឆាប់រហ័ស តាមកម្មវិធីបាគង (Bakong App) កម្មវិធីអេស៊ីលីដាម៉ូបាល (ACLEDA Mobile) និងកម្មវិធីម៉ូបាលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ផ្សេងៗ ទៅវិញទៅមកបាន។
លោកស្រីបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ការដាក់ឲ្យដំណើរការសេវាទូទាត់តាម KHQR Code នេះ នឹងចូលរួមលើកកម្ពស់នវានុវត្តន៍ប្រព័ន្ធទូទាត់សងប្រាក់ ជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថាន កាត់បន្ថយចំណាយប្រតិបត្តិការ និងពង្រីកសុវត្ថិភាពប្រព័ន្ធទូទាត់សងប្រាក់នៅក្នុងប្រទេសកម្ពុជា»៕