(ភ្នំពេញ)៖ ជាផ្នែកមួយនៃយុទ្ធនាការលើកកម្ពស់សុខុមាលភាពរបស់បុគ្គលិក ខណៈពេលមានជំងឺកូវីដ ១៩ កម្មវិធី «រត់ជាមួយវីង» ដោយធនាគារ វីង (ខេមបូឌា) ម.ក បានឈានមកដល់ជុំចុងក្រោយ កាលពីចុងសប្តាហ៍មុន។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីង ដែលបានចូលរួមក្នុងកម្មវិធីរត់ បានថ្លែងថា «ខ្ញុំលើកទឹកចិត្តឲ្យអ្នករាល់គ្នាធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីរក្សារាងកាយឲ្យមាំមួន និងសុខភាពផ្លូវចិត្ត។ លោកអ្នកអាចហាត់ប្រាណនៅផ្ទះជាលក្ខណៈបុគ្គល ឬជាមួយក្រុមគ្រួសារ។ វាមានប្រយោជន៍ខ្លាំងណាស់ ហើយក៏ ជួយពង្រឹងទំនាក់ទំនងក្នុងគ្រួសារផងដែរ»

ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១មក មានអ្នករត់ជាង ១០០ នាក់ មកពីធនាគារ វីង បានធ្វើការហ្វឹកហាត់សម្រាប់ការរត់នេះ។ ពួកគេត្រូវបានណែនាំដោយគ្រូបង្វឹក តាមអនឡាញ ដើម្បីធានាថាពួកគេអាចសម្រេចបាននូវ ចម្ងាយគោលដៅរបស់ពួកគេ។ អ្នករត់អាចជ្រើសរើសចម្ងាយគោលដៅផ្សេងៗគ្នាដូចជា៖ ការរត់ចម្ងាយ ២១ គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ឬ ៥គីឡូម៉ែត្រ។

លោក អ៊ុន នរ៉ា ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សស់ធនាគារវីង ដែលដឹកនាំកម្មវិធីរត់នេះ បានឲ្យដឹងថា «ការរត់ និងកីឡាផ្សេងៗ មានប្រយោជន៍ជាពិសេស ក្នុងការបំបាត់ការភ័យខ្លាច និងការថប់បារម្ភ ក៏ដូចជារក្សារាងកាយឲ្យមានសុខភាពល្អ ដែលរួមចំណែកដល់សុខភាពផ្លូវចិត្ត និងប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ»។

ដោយសារជំងឺកូវីដ ១៩ កំពុងបន្តកម្មវិធីរត់នេះ ត្រូវបានធ្វើឡើងជាក្រុមតូចៗ យោងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បុគ្គលិកត្រូវបានលើកទឹកចិត្ត ឲ្យរត់ជាមួយគ្រួសារ ឬតាមកម្មវិធីអនឡាញ។

លោក អ៊ីន លីអុន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកហានិភ័យឥណទានរបស់ធនាគារវីង ឲ្យដឹងថា «ការរត់ជាមួយក្រុមការងារ ក្នុងអំឡុងពេលហ្វឹកហាត់តាមអនឡាញ ពិតសប្បាយរីករាយណាស់។ យើងមានអារម្មណ៍ជិតស្និតនឹងគ្នា ទោះបីជាមិត្តរួមការងារខ្លះត្រូវធ្វើការពីផ្ទះ ដោយសារជំងឺរាតត្បាតក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ យើងបានរៀនពីវិធីផ្សេងៗ ក្នុងការរត់ដើម្បីឲ្យសុខភាពកាន់តែប្រសើរ ហើយរត់បានចម្ងាយឲ្យឆ្ងាយ»

មុនពេលមានជំងឺរាតត្បាត ក្នុងអំឡុងពេលដែលមនុស្សគ្រប់គ្នា ត្រូវបានអនុញ្ញាតឲ្យធ្វើការនៅការិយាល័យជាមួយគ្នា ធនាគារ វីង បានរៀបចំឲ្យមានលំហាត់យោហ្កា ប្រចាំសប្តាហ៍ដល់បុគ្គលិក ដើម្បីឲ្យរាងកាយមានសុខភាពល្អ និងពង្រឹងទំនាក់ទំនងក្នុងចំណោមបុគ្គលិក។ ពួកគេខ្លះ ក៏នៅតែបន្តហាត់យូហ្កាដោយខ្លួនឯងនៅផ្ទះ។

ចាប់តាំងពីឆ្នាំមុនមក ធនាគារវីង បានដាក់ចេញនូវយន្តការផ្សេងៗ ដើម្បីធានាថា បុគ្គលិកអាចបំពេញការងារប្រកបដោយសុវត្ថិភាព និងមានការការពារ។ បុគ្គលិកត្រូវបានចាក់ថ្នាំបង្ការយ៉ាងពេញលេញ ហើយការប្រជុំ និងកម្មវិធីជួបជុំភាគច្រើន ត្រូវបានផ្លាស់ប្តូរទៅជាកម្មវិធីអនឡាញ៕