(ភ្នំពេញ)៖ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ឃើញថាអត្រាកំណើននៃជនបរទេសដែលចូលមកដើម្បីស្នាក់នៅ មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ នៅក្នុងចំណោមជនបរទេសទាំងនោះ មានជនមួយចំនួនបានចូលមកដើម្បីធ្វើសកម្មភាពជាអាទិ៍ ដូចជា ការចូលមកវិនិយោគ ទេសចរណ៍ និងការចូលមកប្រកបការងារផ្សេងៗដែលមានចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោក ។ ការណ៍នេះបានទាញជាផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងចំណូលរបស់ពលរដ្ឋខ្មែរផងដែរ។
ទន្ទឹមនឹងនេះសង្កេតឃើញថាជនបរទេសមួយចំនួន បានបង្កើតនូវទំនាក់ទំនងជាមួយនឹងពលរដ្ឋខ្មែររហូតមានចំណងអាពាហ៍ពិពាហ៍នឹងគ្នា។ ប្រជាជនទូទៅភាគច្រើន ពុំទាន់បានយល់ច្បាស់លាស់ថាតើនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសមានលក្ខណៈយ៉ាងដូចម្ដេចខ្លះនោះទេ។
ដូច្នេះដើម្បីឱ្យបានជ្រាបច្បាស់ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទថ្មីមួយទៀតស្តីពី «ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស» មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ។
ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស អាចមានពីររូបភាពគឺ៖ ទីមួយការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសនៅបរទេស និងទីពីរ គឺការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជា។
ចំពោះការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសនៅបរទេសអាចមានជម្រើសពីរ គឺការប្រើប្រាស់នីតិវិធីដែលមានចែងនៅក្នុងច្បាប់ នៃប្រទេសដែលសាមីខ្លួនស្នាក់នៅ ឬប្រើប្រាស់នីតិវិធីដែលមានចែងនៅក្នុងច្បាប់កម្ពុជា។ ចំណែកឯការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជា គឺត្រូវអនុវត្ដតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមច្បាប់កម្ពុជា ដើម្បីឱ្យជនបរទេសអាចរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ជាមួយពលរដ្ឋកម្ពុជាបាន នោះត្រូវគោរពតាមលក្ខខណ្ឌ ២ គឺ៖ (១) លក្ខខណ្ឌគ្រឹះ និង(២) លក្ខខណ្ឌទម្រង់នៃការរៀបអាពាហ៍ពិពាហ៍។
* លក្ខខណ្ឌគ្រឹះ
នេះគឺជាលក្ខខណ្ឌដាច់ខាតដែលតម្រូវដោយច្បាប់ក្នុងការរៀបអាពាហ៍ពិពាហ៍ដែលរួមមានលក្ខខណ្ឌភេទ អាយុដែលអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ និងលក្ខខណ្ឌទាក់ទងនឹងសមត្ថភាពរបស់គូភាគី (សមត្ថភាពខាងឆន្ទៈ ដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ឬបោកប្រាស់នោះទេ ហាមដាច់ខាតតាមរយៈភ្នាក់ងាររើសគូស្រករ ឈ្មួញកណ្តាល ឬការបោកបញ្ឆោត ក្នុងគោលបំណងកេងប្រវ័ញ្ចពលកម្ម ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ជាអាទិ៍) និងលក្ខខណ្ឌទាក់ទងនឹងទំនាក់ទំនងញាតិរវាងគូភាគី (ច្បាប់ហាមឃាត់មិនឱ្យមានការរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិតក្នុង៦ ថ្នាក់ និងញាតិពន្ធក្នុង៣ ថ្នាក់ជាដើម)។
* ចំពោះលក្ខខណ្ឌទម្រង់
សាមីភាគី ត្រូវបំពេញបែបបទ និងសំណុំឯកសារមួយចំនួនជាចាំបាច់ ស្របតាមនីតិវិធីដែលមានកំណត់នៅក្នុងអនុក្រឹត្យ ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសលេខៈ១៨៣ អនក្រ.បក,ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលកំណត់នូវនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍នេះជាពីរដំណាក់កាលដូចខាងក្រោម៖
១៖ ដំណាក់កាលរដ្ឋបាល៖ ដំណាក់កាលនេះតម្រូវឱ្យជនបរទេសដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ចាំបាច់ត្រូវមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីមកបំពេញបែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍ នៅក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា។
ឯកសារចាំបាច់ដែលត្រូវភ្ជាប់ជូនក្រសួងពិនិត្យមានដូចជា៖ ១. ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ២. លិខិតឆ្លងដែនដែលមានទិដ្ឋាការចូលក្នុងប្រទេសកម្ពុជាមានសុពលភាព (ថតចម្លង) ៣. លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ (ចេញដោយប្រទេសសាមី) ៤. លិខិតបញ្ជាក់សុខភាព ៥. លិខិតថ្កោលទោស (ចេញដោយប្រទេសសាមី) ៦. លិខិតបញ្ជាក់អំពីមុខរបរពិតប្រាកដ (ចេញដោយប្រទេសសាមី) ។ ក្រោយពីក្រសួងការបរទេសទទួលបានឯកសារគ្រប់ចំនួន នោះគេនឹងធ្វើការពិនិត្យផ្តល់យោបល់លើសំណុំឯកសាររបស់សាមីខ្លួនដែលដាក់ពាក្យសុំ ដោយត្រូវចំណាយរយៈពេលយ៉ាងយូរ ០៥ថ្ងៃនៃថ្ងៃធ្វើការ។
បន្ទាប់ពីទទួលសំណុំឯកសារពីក្រសួងការបរទេស ក្រសួងមហាផ្ទៃក៏ចូលរួមចំណែកក្នុងដំណើរការនេះដែរ ពោលគឺត្រូវពិនិត្យអំពីភាពត្រឹមត្រូវតាមផ្លូវច្បាប់ រួចបញ្ជូនសំណុំឯកសារទៅសាមីខ្លួនបរទេសវិញ យ៉ាងយូរ ០៥ថ្ងៃនៃថ្ងៃធ្វើការ និងត្រូវបញ្ជូនមកមន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរអំពីការដាក់ពាក្យសុំនេះ។
២. ដំណាក់កាលនៃការចុះបញ្ជីអាពាហ៌ពិពាហ៌៖ នៅក្នុងដំណាក់កាលនេះ គឺតម្រូវឱ្យសាមីភាគីបន្ទាប់ពីបានទទួលការពិនិត្យ និងផ្តល់យោបល់លើការស្នើសុំរួចហើយ សាមីខ្លួនត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនជាពលរដ្ឋខ្មែរ ។ ក្នុងនោះផងដែរ សាមីខ្លួនដែលជាពលរដ្ឋខ្មែរក៏ត្រូវបំពេញនូវឯកសារចាំបាច់មួយចំនួនដូចជា៖ ១. ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ២. សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ៣. លិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយ ដែលចេញដោយមេឃុំ ឬចៅសង្កាត់ ៤. លិខិតបញ្ជាក់សុខភាពចេញដោយមន្ទីរពេទ្យ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។
ចំពោះរាល់ឯកសារនៃការស្នើសុំរៀបអាពាហ៍ពិពាហ៍ របស់ជនបរទេស និងពលរដ្ឋខ្មែរ ត្រូវដាក់ស្របពេលគ្នាទៅមន្រ្តីអត្រានុកូលដ្ឋាន ដើម្បីអនុវត្តតាមទម្រង់នីតិវិធីនៃការងារអត្រានុកូលដ្ឋាន ។ ក្រោយពីបានដាក់ពាក្យស្នើសុំរួចរាល់ មន្ត្រីអត្រានុកូលដ្ឋានមានភារកិច្ចពិនិត្យ និងសម្រេចលើពាក្យសុំរបស់សាមីខ្លួនដែលបានដាក់ពាក្យសុំបុរស និងនារី យ៉ាងយូរក្នុងរយៈពេល ០៣ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីពិនិត្យអំពីភាពត្រឹមត្រូវតាមគោលការណ៍ច្បាប់រួចហើយ មន្ត្រីអត្រានុកូលដ្ឋានត្រូវរៀបចំប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដោយមានវត្តមានសាមីខ្លួនបុរស និងនារីនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនជាពលរដ្ឋខ្មែរ។
ចំពោះប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ត្រូវបិទផ្សាយជាសាធារណៈនៅស្ថានទូត ឬស្ថានតំណាងនៃប្រទេសសាមីខ្លួនជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅលំនៅដ្ឋានអចិន្ត្រៃយ៍ និងនៅសាលាឃុំ សង្កាត់នៃសាមីខ្លួនពលរដ្ឋខ្មែរ រយៈពេល ១០ថ្ងៃ។ ផុតរយៈពេលនេះ ប្រសិនបើគ្មានការប្តឹងតវ៉ា ឬប្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍ទេ នោះទើបសាមីខ្លួនបុរស និងនារីអាចរៀបអាពាហ៍ពិពាហ៍បាន ។ ម្យ៉ាងវិញទៀត អាពាហ៍ពិពាហ៍ដែលនឹងមានអនុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែ សាមីខ្លួនបុរស និងនារីបានទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍(អេតាស៉ីវិល) ដោយផ្ទាល់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ដោយនាំមកនូវសាក្សីដែលមានអាយុគ្រប់ការចំនួន ០២រូបផង ដែលស្របទៅតាមទម្រង់បែបបទ និងនីតិវិធីនៃការងារអត្រានុកូលដ្ឋាន។
សរុបមក ចំពោះជនបរទេសដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរដោយស្របច្បាប់ គឺអាចដាក់ពាក្យសុំដូចដែលបានរៀបរាប់ខាងលើ និងលំហូរនៃនីតិវិធីរបស់ប្រទេសកម្ពុជា ដែលមិនមានភាពស្មុគស្មាញនោះទេ ប្រសិនបើសាមីខ្លួនបានរៀបចំខ្លួនរួចជាស្រេចនូវឯកសារ ដែលតម្រូវចាំបាច់ក្នុងការដំណើរការនីតិវិធី ។ ការរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ជាមួយជនបរទេស ពិតជាបង្ហាញពីទំនាក់ទំនងរវាងកម្ពុជាទៅជុំវិញពិភពលោកកាន់តែទូលំទូលាយ និងបានជាផលប្រយោជន៍ក្នុងការទាក់ទាញពិភពលោកឱ្យស្គាល់ពីកម្ពុជាផងដែរ។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕