(ភ្នំពេញ)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសពីការចាប់ផ្តើមសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ដែលមានឈ្មោះថា «FTB Tower» នៅក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ដែលបានរៀបចំឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំ ដែនដី នគរូប នីយកម្ម និង សំណង់ ។

ជាមួយផ្ទៃអគារសរុប ៧៧,៥៩៣ ម៉ែត្រការ៉េ អគារ FTB Tower នឹងមានកម្ពស់សរុបចំនួន២៨ជាន់ ហើយនិងមានជាន់ក្រោមដីចំនួន ៤ជាន់ សម្រាប់ធ្វើជាចំណត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។ អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗ នៅចំកណ្តាលទីក្រុងភ្នំពេញ។

ការសាងសង់អគារ «FTB Tower» នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារ FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេ ក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧៩។ ធនាគារ FTB បានផ្តល់សេវាកម្មធនាគារ ដល់អតិថិជនអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ហើយនៅតែបន្តខិតខំដើម្បីអត្ថប្រយោជន៍ និងការពេញចិត្តរបស់អតិថិជនទាំងអស់ នៅក្នុងវិស័យធនាគារ ដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស។

ជាមួយនឹងការវិនិយោគសរុបចំនួន១១២ លានដុល្លារអាមេរិក អគារ FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់ និងនៅមានចំនួនតិចតួចនៅឡើយ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ អគារការិយាល័យកម្រិត A នេះត្រូវបានគូសប្លង់ និងរចនារូបរាងឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Aedas ជាក្រុមហ៊ុនស្ថាបត្យកម្មឆ្នើមកំរិតអន្តរជាតិ និងសាងសង់ឡើងដោយក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd (CCM) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China State Construction Engineering ដែលជាប់ចំណាត់ថ្នាក់ទី១៣ ចេញផ្សាយដោយ The Fortune Global 500 ក្នុងឆ្នាំ២០២១។

ការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារទំនើបៗ រួមទាំងបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្ម សុវត្ថិភាពអគ្គិភ័យ ការសន្សំសំចៃថាមពល និងការការពារបរិស្ថាន ស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិ និងតំបន់។ សម្រាប់រូបរាងអគារត្រូវបានរចនាឡើង ក្នុងគំនិតនាំយកមកនូវអគារទំនើប ដែលរូបរាងអគារជា និមិត្តសញ្ញារបស់ធនាគារ FTB មានរូបព្រះព្រហ្ម ហើយក៏ជានិមិត្តរូបមួយដែលបង្ហាញពី «ភាពរឹងមាំ និងបំណងប្រាថ្នាអនាគតច្បាស់លាស់»

អគារ FTB Tower ក៏ដើរតួនាទីក្នុងការ កំណត់ គោល ដៅ នៃ និរន្តរភាព និងជា អគារ ការិយាល័យ ទំនើប ដែលជាការដាក់បញ្ចូលគ្នារវាងវប្បធម៌កម្ពុជា និងស្ថាបត្យកម្មសហសម័យ។ គម្រោងសំណង់អគារ FTB Tower គ្រោងនឹងប្រើរយៈពេលជិតបីឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ ហើយអគារនេះ នឹងក្លាយជាទីស្នាក់ការកណ្តាលថ្មី របស់ធនាគារ FTB ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលសំខាន់ក្នុងការបង្កើត និងការពង្រីកផលិតផល និងសេវាកម្ម ប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ធនាគារផងដែរ។ ក្រៅពីក្លាយជាសាខា និងទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារ FTB ទីតាំងទំនេរផ្សេងទៀត របស់អគារក៏នឹងត្រូវបានដាក់ជួលជាការិយាល័យកម្រិត A។

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១ នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុ ជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។

មួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារ ដែលបានកើនឡើងដល់ ១.៧១ពាន់លានដុល្លារអាមេរិក ទំហំឥណទានកើន ១.១៥ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុបកើនឡើងជាង១.៤ពាន់លានដុល្លារអាមេរិក ធនាគារ FTB បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយ ក្រោមចក្ខុវិស័យ ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd (CCMC) ដែលក្រៅពីទទួលបានការសាងសង់គម្រោង FTB Tower នេះក៏ជាក្រុមហ៊ុន ដែលកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នឹងខិតខំឲ្យក្លាយជាយីហោសំណង់ដ៏ពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជា ហើយពួកគេនឹងបន្តផ្តល់សេវាកម្ម គ្រប់គ្រងការសាងសង់ដ៏ល្អបំផុត សម្រាប់វិស័យសំណង់នេះ ក្នុងប្រទេសកម្ពុជា៕