(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបន្ដជួបក្រុមហុងកុងនាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 Qualifiers Final Round នៅកីឡដ្ឋាន VYBK នាទីក្រុងកុលកាតា ប្រទេសឥណ្ឌា។
នេះគឺជាការប្រកួតទី២ របស់ក្រុមទាំងពីរនៅក្នុងពូល D ក្នុងនោះប្រកួតទី១ របស់កម្ពុជា បានចាញ់ម្ចាស់ផ្ទះឥណ្ឌា ២-០ ខណៈហុងកុង បានយកឈ្នះអាហ្វហ្គានីស្ថាន ២-១ កាលពីថ្ងៃពុធកន្លងទៅ។ តាមរយៈលទ្ធផលនេះបានធ្វើឲ្យលោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា ចាត់ទុកការប្រកួតល្ងាចនេះ គឺជាជំនួបដ៏សំខាន់។
លោក Ryu Hirose បានលើកឡើងក្នុងសន្និសីទមុនការប្រកួតថា «គ្រប់គ្នាបានដឹងហើយថា ការប្រកួតដំបូងរបស់យើងធ្វើមិនបានល្អ ប៉ុន្ដែពេលនេះ យើងផ្ដោតសំខាន់ទៅលើការប្រកួតបន្ទាប់ជាមួយហុងកុង ព្រោះវាជាការប្រកួតដ៏សំខាន់របស់យើង ហើយសម្រាប់ការរៀបចំក្រុម យើងនឹងមានបត់បែនទៅតាមដៃគូប្រកួតរបស់យើង»។
ដោយឡែកលោក Jorn Andersen គ្រូបង្វឹកហុងកុងវិញថា កម្ពុជាមិនមែនជាក្រុមងាយស្រួលយកឈ្នះនោះទេ ដូច្នេះលោកគិតថា នេះជាការប្រកួតមួយដ៏លំបាក ស្របពេលកូនក្រុមរបស់ខ្លួនមួយចំនួនមានបញ្ហា។ យ៉ាងណាក្ដី លោកនៅតែសង្ឃឹមថា ហុងកុង នឹងអាចធ្វើបានល្អ ដើម្បីស្វែងរកជ័យជម្នះបន្ថែមទៀត។
សូមបញ្ជាក់ថា បន្ទាប់ពីជួបហុងកុងល្ងាចនេះ កម្ពុជា នឹងត្រូវធ្វើការប្រកួតបញ្ចប់ពូល ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕