(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានក្លាយជាទីតាំងដ៏ល្អប្រសើរ សម្រាប់បណ្តាអាជីវករទូទៅ ជាពិសេសសម្រាប់អាជីវកម្មប្រភេទទិញ-លក់សម្ភារៈ និងមុខទំនិញគ្រឿងអេឡិចត្រូនិចយ៉ាងសម្បូរបែប និងកំពុងផ្តល់ភាពងាយស្រួលដល់ការទទួលបានអតិថិជនយ៉ាងច្រើន។
ជាមួយនឹងកិច្ចដំណើរការយ៉ាងរលូន និងមានប្រជាពលរដ្ឋក្នុង និងក្រៅតំបន់ផ្តល់ការគាំទ្រគួរឱ្យកត់សម្គាល់ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ កំពុងបង្ហាញពីប្រជាប្រិយភាព និងភាពទាក់ទាញយ៉ាងខ្លាំង ដែលបានផ្តល់ឱកាស និងភាពងាយស្រួលដល់បណ្តាអាជីវករ ក្នុងការលក់ទំនិញគ្រប់ប្រភេទ ក៏ដូចជាសម្ភារៈផ្នែកអេឡិចត្រូនិកផងដែរ។
លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានប្រាប់ឱ្យដឹងថា នៅក្នុងផ្សារបោះដុំមួយនេះ ត្រូវបានអភិវឌ្ឍឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងនាមជាទីតាំងផ្គត់ផ្គង់នូវរាល់មុខទំនិញ និងសម្ភារៈផ្សេងៗដែលជាតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ក៏ដូចជាអ្នកដែលរស់នៅតំបន់ជុំវិញ។
លោកបានបន្តទៀតថា «នៅទីនេះ មានលក់ និងផ្គត់ផ្គង់មុខទំនិញគ្រប់ប្រភេទ ជាពិសេសប្រភេទគ្រឿងអេឡិចត្រូនិកតែម្ដង ដែលក្នុងនោះភាគច្រើនជាគ្រឿងទូរស័ព្ទតែម្ដង ហើយបងប្អូនដែលជាអាជីវករលក់ដូរ បានបង្ហាញពីភាពរីករាយក្នុងការលក់ដូរប្រចាំថ្ងៃ ខណៈដែលពួកគាត់ទទួលបានអតិថិជន និងចំណូលច្រើនគួរសម»។
លោក សោម កែវ ម៉ាលីដា បានបន្តទៀតថា ជាធម្មតានៅតំបន់ណាមួយដែលមានប្រមូលផ្តុំនូវផលិតផល និងសម្ភារៈចំរុះ គឺមានអតិថិជនសម្រុកទៅជាមិនខាន ហើយនៅពេលដែលមានមនុស្ស ឬអតិថិទៅច្រើន អាជីវករប្រាកដជាលក់ដាច់ និងទទួលបានចំណូលច្រើន។ ជាក់ស្ដែង នៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនាពេលបច្ចុប្បន្ននេះ គឺមានប្រមូលផ្តុំទៅដោយផលិតផលចម្រុះយ៉ាងច្រើន ជាពិសេសសម្ភារៈផ្នែកគញរឿងអេឡិចត្រូនិកតែម្ដង ដូច្នេះសម្រាប់អ្នកដែលមានអាជីវកម្មផ្នែកគ្រឿងអេឡិចត្រូនិកស្រាប់ ជាពិសេសសម្រាប់អ្នក ដែលកំពុងមានបំណងបង្កើតអាជីវកម្មថ្មី ក្នុងវិស័យគ្រឿងអេឡិចត្រូនិក អាចមកកាន់ទីតាំងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដើម្បីដំណើរការអាជីវកម្មប្រកបដោយភាពរលូន និងទទួលបានផលចំណេញច្រើន។
លោក កិន សីហា ជាងជួសជុលទូរស័ព្ទម្នាក់ ស្ថិតនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងមានអតិថិជនចូលមកតូបរបស់លោកជាប់ជាប្រចាំ ដែលក្នុងនោះមានអ្នកខ្លះយកទូរស័ព្ទដៃមកអ៊ុតស្គ្រីន (ស្គ្រីនពេញ ស្គ្រីនថ្លា ឬស្គ្រីន private) ខ្លះយកមកជួសជុស ឬប្ដូរអេក្រង់ ខ្លះទៀតយកទូរស័ព្ទមកបិតតុបតែងលម្អផ្សេងៗ ហើយក៏មានអ្នកខ្លះយកទូរស័ព្ទមកលក់ និងទិញប្ដូរស៊េរីផងដែរ។
លោកបានបន្ត «ជាទូទៅ ចំពោះតម្លៃបិតស្គ្រីនមានចន្លោះពី ១-៥ដុល្លារ អាស្រ័យលើប្រភេទស្គ្រីន ដែលបងប្អូនយើងចង់បាន ក៏ដូចជាម៉ូដទូរស័ព្ទជាដើម។ ជាប្រចាំថ្ងៃ យ៉ាងហោចណាស់ខ្ញុំអាចរកចំណូលបានប្រមាណ ៣០ដុល្លារពីអាជីវកម្ម និងមុខជំនាញមួយនេះ ដោយការបិតស្គ្រីនទូរស័ព្ទជាតួនាទីរបស់ប្រពន្ធខ្ញុំ ហើយសម្រាប់ការជួសជុល និងបច្ចេកទេសទូរស័ព្ទវិញជាតួនាទីរបស់ខ្ញុំ ក្រៅពីនេះ ខ្ញុំក៏មានលក់គ្រឿងលម្អរទូរស័ព្ទ និងសម្ភារផ្សេងៗទៀតជាច្រើន»។
លោកបានបញ្ជាក់ថា «ខ្ញុំទើបតែផ្លាស់ប្ដូរមកទីតាំងថ្មីនៃផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនេះតែប៉ុណ្ណោះ ពីមុននៅទីតាំងចាស់មានសភាពស្ងាត់ មិនសូវមានភ្ញៀវមករកទិញ-លក់ ឬជួសជុលទូរស័ព្ទនោះទេ មានថ្ងៃខ្លះសូម្បីម្នាក់ក៏គ្មាន ប៉ុន្តែបន្ទាប់ពីបានផ្លាស់មកកាន់ទីតាំងថ្មីនេះឃើញថាមានមនុស្សឆ្លងកាត់ច្រើន ជាទីប្រជុំជន មានបណ្តុំបុរី និងរោងចក្រច្រើន ដែលអាចមានភ្ញៀវមកទិញទូរស័ព្ទ និងសម្ភារៈទូរស័ព្ទផ្សេងៗ ជាពិសេសអ្នកមកបិតស្គ្រីនគឺមានច្រើន ដែលអាចទទួលបានចំណូល និងចំណេញគួរសម»។
គួរបញ្ជាក់ផងដែរថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ជាផ្សាររៀបរយមានស្តង់ដាយ៉ាងត្រឹមត្រូវដែលយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ដល់គ្រប់អាជីវករ និងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញ ដែលចេញលិខិតអនុញ្ញាតកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕