(ភ្នំពេញ)៖ ដោយទ្រាំនឹងការអត់ធ្មត់លែងបាន ចំពោះអ្នកដែលជំពាក់ប្រាក់មិនព្រមសង និងបានរត់គេចខ្លួនមិនទទួលខុសត្រូវទៀតនោះ តារាចម្រៀងល្បីឈ្មោះគួរសមក្នុងផលិតកម្ម ថោន កញ្ញា រតនៈ ពិសី បានសម្រេចដាក់ពាក្យបណ្ដឹង ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលម្សិលមិញនេះ ប្ដឹងពីបទក្បត់សេចក្ដីទុកចិត្ត និងក្លែងបន្លំឯកសារ ខណៈដែលបុគ្គលម្នាក់ដែលបានជំពាក់ប្រាក់នាង ហើយមិនព្រមសងនោះ គឺមានចំនួនប្រមាណជិត ១០ម៉ឺនដុល្លារឯណោះ។
តារាចម្រៀងចូលចិត្តបញ្ចេញដើមទ្រូងទ្រលុកទ្រលន់ កញ្ញា រតនៈ ពិសី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ជាការពិតនៅថ្ងៃម្សិលមិញនេះ នាងពិតជាបាននាំយកនូវពាក្យបណ្ដឹង ដាក់ចូលទៅកាន់លាសាដំបូងរាជធានីភ្នំពេញពិតមែន ដើម្បីដាក់ពាក្យបណ្ដឹងដល់អ្នកដែលមិនព្រមសងបំណុលដល់រូបនាង និងមិនព្រមចូលខ្លួនមកដោះស្រាយ ហើយថែមទាំងរត់គេចខ្លួនមិនទទួលខុសត្រូវទៀត។ យ៉ាងណាមិញ រតនៈ ពិសី សុំមិនទាន់បង្ហាញអត្តសញ្ញាណរបស់បុគ្គលម្នាក់នោះឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងតែតាមស្វែងរក។
តារាចម្រៀងសំឡេងស្រទន់ កញ្ញា រតនៈ ពិសី បានបន្ថែមទៀតថា នៅក្នុងពាក្យបណ្ដឹង គឺនាងគ្រាន់តែទាមទារឲ្យបុគ្គលម្នាក់នោះ ចូលខ្លួនមកដោះស្រាយសងលុយដែលជំពាក់ប្រមាណជិត ១០ម៉ឺនដុល្លារ ក្នុងការងារជំនួញរកស៊ីជាមួយគ្នាកន្លងមក ជាពិសេសគឺបញ្ហារបស់បញ្ចាំ។ រតនៈ ពិសី បានបន្តថា បុគ្គលដែលបានជំពាក់លុយនាងនោះ គឺបានរត់គេចខ្លួនអស់រយៈពេលជិត១ឆ្នាំមកហើយ ដោយនាងបានព្យាយាមទំនាក់ទំនង ដើម្បីឲ្យចូលខ្លួនមកសម្របសម្រួលជាមួយគ្នា ក្រៅប្រព័ន្ធច្បាប់ ប៉ុន្តែមិនអាចទាក់ទងបានឡើយ ទើបនាងសម្រេចប្ដឹងតែម្ដង។
រតនៈ ពិសី និយាយថា «ចា៎បង..! អ្នកជំពាក់លុយខ្ញុំហ្នឹង គឺជិត១ឆ្នាំហើយបង.. ហើយគាត់រត់គេចហ្នឹង គឺកាលពីអំឡុងខែមករា ហើយអត់បានចូលខ្លួនមកដោះស្រាយទេ ទាក់ទងក៏អត់បានទាំងអស់។ ពាក់ព័ន្ធជាមួយនឹងរឿងក្លែងបន្លំឯកសារ ការរកស៊ី និងពាក់ព័ន្ធជាមួយនឹងរបស់បញ្ចាំ..!»។
តារាចម្រៀងរាងតូចច្រឡឹងចូលចិត្តបញ្ចេញភាពសិចស៊ី កញ្ញា រតនៈ ពិសី បានបញ្ជាក់ទៀតថា បុគ្គលដែលនាងបានដាក់ពាក្យប្ដឹង ចូលទៅកាន់តុលាការនោះ គឺមិនមែនជាអ្នករស់នៅក្នុងរង្វង់សិល្បៈដូចគ្នាទេ ពោលគឺជាអ្នករកស៊ីជំនួញធម្មតា ប៉ុន្តែអ្វីដែលនាងនឹកស្មានមិនដល់នោះ គឺបុគ្គលរូបនោះបែរជារកស៊ីបោកប្រាស់នាង ហើយថែមទាំងគេចខ្លួនមិនទទួលខុសត្រូវទៀតផង។
សូមបញ្ជាក់ថា ថ្មីៗនេះ តារាចម្រៀងស្រីបែបយុវវ័យ ចូលចិត្តបញ្ចេញស្ទីលសិចស៊ី និងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ប្រចាំក្នុងផលិតកម្ម ថោន កញ្ញា រតនៈ ពិសី បានសម្រេចចិត្តបោះទុនប្រមាណជាង ២០ម៉ឺនដុល្លារ ដើម្បីបើកជំនួញរកស៊ីថ្មីមួយបន្ថែមទៀត បន្ទាប់ពីការងារសិល្បៈត្រូវបានប្រកាសផ្អាកមួយរយៈធំ និងការបើកហាងស្ប៉ារបស់នាង ក៏កំពុងតែដំណើរការយ៉ាងរលូនផងដែរ៕