(ភ្នំពេញ)៖ បើកការប្រកួតបាល់ទាត់ពានរង្វាន់ពាក់កណ្តាលអាជីព Keller Williams Cambodia League ឆ្នាំ២០២២ រដូវកាលទី១០ ត្រូវបានប្រកាសបើកជាផ្លូវការហើយ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។
ពិធីបើកការប្រកួតនេះ ធ្វើឡើងនៅទីលានបាត់ទាត់វិទ្យាល័យបឹងត្របែក ដោយមានការចូលរួមពី ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព Keller Williams Cambodia League និងលោក ថុល នាង។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ដែលជាថ្ងៃប្រកាសបើកការប្រកួតពានរង្វាន់ពាក់កណ្តាលអាជីព Keller Williams Cambodia Leagueនេះ មានការប្រកួតសប្បុរសធម៌រវាង Khmer United និង TN Kandal ដោយ Khmer United យកឈ្នះលើក្រុម TN Kandal ដោយលទ្ធផល២ទល់០។
ការប្រកួតបាល់ទាត់ពានរង្វាន់ពាក់កណ្តាលអាជីព Keller Williams Cambodia League ឆ្នាំ២០២២នេះ មានការចូលរួមពីក្រុមកីឡាបាតល់ទាត់ចំនួន១៨ក្រុមហ៊ុន ដែលក្រុមទាំងអស់ចូលរួមឧបត្ថម្ភថវិកា ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
សូមជម្រាបថា ការប្រកួតពានរង្វាន់ KW Cambodia League 2022 រដូវកាលទី១០ នឹងចាប់ផ្តើមការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២២តទៅ ដែលការប្រកួតត្រូវបានបែងចែកជាពីរពូលគឺ ពូល A មាន៩ក្រុម និងពូល B មាន៩ក្រុម។ សម្រាប់ឆ្នាំ២០២២នេះ ក្រុមដែលឈ្នះពាន KW Cambodia League 2022 នឹងទទួលបានប្រាក់រង្វាន់ប្រមាណ១ម៉ឺនដុល្លារ រួមជាមួយមេដាយមាស និងពានរង្វាន់។
គួរដឹងថា ពានរង្វាន់ពាក់កណ្ដាលអាជីពនេះ បង្កើតឡើងដំបូង នៅឆ្នាំ២០១២ ដោយប្រើពាក្យថា Khmer Real Estate League ដែលពេលនោះ មានត្រឹម ១២ក្រុមចូលរួម។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ នៅតែប្រើ ឈ្មោះថា Khmer Real Estate League ដែលជាក្រុមហ៊ុនរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដដែល។ រីឯចាប់ពីឆ្នាំ២០១៩ មកពាននេះ ត្រូវបានប្តូរឈ្មោះមក KW Cambodia League រហូតមកដល់បច្ចុប្បន្ន លើកលែងឆ្នាំ ២០២១ ដែលពុំបានរៀបចំការប្រកួត ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕