(កូរ៉េ)៖ តារាសម្តែងស្រីរបស់កូរ៉េខាងត្បូង កញ្ញា Yoo Ju-eun បានស្លាប់ក្នុងវ័យ២៧ឆ្នាំ ដោយសារការធ្វើអត្តឃាតសម្លាប់ខ្លួនឯង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times។

បើតាមបងប្រុសរបស់នាងបានសរសេរសារនៅលើ Instagram នៅថ្ងៃច័ន្ទទី២៩ថា នាងបានធ្វើអត្តឃាតនៅថ្ងៃទី២៩ដដែលនេះ ខណៈពិធីបុណ្យសពរបស់នាង នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។ បងប្រុសរបស់តារារូបនេះ បាននិយាយថា នាងកំពុងចែករំលែកកំណត់ត្រាចុងក្រោយរបស់នាងនៅលើ Instagram ផ្ទាល់ខ្លួននាង តាមបំណងប្រាថ្នាចុងក្រោយដែលនាងចង់បាន។

ក្នុងកំណត់ត្រារបស់តារាស្រីរូបនេះ គឺនាងបានសុំទោសទៅកាន់ជីដូន ឪពុកម្តាយ និងបងប្រុសរបស់នាងសម្រាប់ការចាកចេញរបស់នាង។ Yoo បាននិយាយថា នាងមានបញ្ហាជាប់គាំងក្នុងជីវិត ដោយនាងចង់ចាប់អាជីពសម្តែងឲ្យបានល្អ ប៉ុន្តែការពិតវាបានបំផ្លាញក្តីស្រមៃនិងជំនឿចិត្តរបស់នាង។ បន្ទាប់ពីបានបង្ហោះសារចុងក្រោយនាងហើយ Instagram របស់នាងក៏ត្រូវបានកំណត់ឲ្យជាលក្ខណៈឯកជនវិញ។

គួរជម្រាបថា តារាសម្តែងស្រីកូរ៉េខាងត្បូង Yoo Ju-eun ត្រូវបានគេដឹងថា បានចូលសម្តែងជាលើកដំបូងក្នុងឆ្នាំ២០១៨ នៅក្នុង tvN K-Drama រឿង Big Forest។ បន្ទាប់មកនាងមានតួនាទីក្នុងរឿង Joseon Survival Period របស់ទូរទស្សន៍ CHOSUN ដែលសម្តែងជាមួយតារាល្បីៗជាច្រើន៕