(ប៉ារ៉ាម៉ារីបូ)៖ អតីតខ្សែបម្រើក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ លោក Aron Winter ត្រូវបានតែងតាំងជាគ្រូបង្វឹក ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសស៊ូរីណាម, ដោយបានជំនួសតំណែង ពីអតីតមិត្តរួមក្លិប Ajax Amsterdam របស់លោក គឺលោក Stanley Menzo, នេះបើតាមការប្រកាស ពីសហព័ន្ធបាល់ទាត់ស៊ូរីណាម ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក Winter វ័យ៥៥ឆ្នាំ នឹងទទួលបន្ទុកដឹកនាំការប្រកួតលក្ខណៈមិត្តភាព ប៉ះនឹងក្រុមនីការ៉ាហ្គា នៅឯទីក្រុង Almere ប្រទេសហូឡង់ នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ។

លោក Menzo បានលាលែងពីតំណែង បន្ទាប់ដឹកនាំបានរយៈពេល៧ខែ ដើម្បីទៅបំពេញការងារ នៅឯក្លិប Beijing Guoan ស្ថិតក្នុងប្រទេសចិន។

Winter, ដែលធ្លាប់លេងនៅឯក្លិប Lazio និង Inter Milan និងបានជាប់លេង៨៤លើក សម្រាប់ក្រុមជម្រើសជាតិនោះ, បានកើតនៅទឹកដីប្រទេសស៊ូរីណាម។ លោកមានបទពិសោធន៍ជាគ្រូបង្វឹក នៅឯក្លិប Toronto របស់ប្រទេសកាណាដា ដែលលេងនៅលីគ Major League Soccer៕