(ភ្នំពេញ)៖ បណ្តាញសហគមន៍ NEAR កម្ពុជា (ហៅកាត់ថា KH NEAR) ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ដោយជោគជ័យ ដើម្បីបង្កើនការយល់ដឹង និងគាំទ្រការពង្រឹងជំនាញ និងអភិវឌ្ឍអ្នកមានទេពកោសល្យក្នុងសហគមន៍បច្ចេកវិទ្យា Blockchain នៅកម្ពុជា។

កម្មវិធីសម្ពោធនេះមានអ្នកចូលរួមជាង១៥០ នាក់ ដែលជាអ្នកមានចំណាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យា Blockchain និងបច្ចេកវិទ្យាទូទៅ អ្នកដឹកនាំក្នុងវិស័យសំខាន់ៗ សមាជិកសមាគមបច្ចេកវិទ្យា និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងសិស្សនិស្សិតផងដែរ។ ក្នុងកម្មវិធីនេះក៏មាន វត្តមានចូលរួម ពី លោក Remi Pell ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) និង លោក Jack Lee អនុប្រធាន សមាគមធុរកិច្ចថ្មីអ៊ីនធើណែតកម្ពុជា (CISA) , លោក Antonio សហស្ថាបនិក NEAR Malaysia ,លោក Kelson អ្នកតំណាងក្រុមហ៊ុន Octopus, លោក Beryn អ្នកតំណាងក្រុមហ៊ុន NFT 369 និង លោក Joey Tan អ្នកតំណាងក្រុមហ៊ុន OG ដែលបានធ្វើបទបង្ហាញ និងផ្ដល់ជាសារគាំទ្រដល់ KH NEAR តាមរយៈប្រព័ន្ធបញ្ជូនរូបភាពអនឡាញ ។

ថ្លែងក្នុងពិធីដាក់ដំណើរការ KH NEAR កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ នៅអគារ Factory Phnom Penh លោក Yanzer Lee អគ្គនាយកក្រុមហ៊ុន Fireworks បានមានប្រសាសន៍ថា កម្ពុជាពោរពេញទៅដោយអ្នកដែលមានទេពកោសល្យប្រកបដោយការតាំងចិត្តខ្ពស់ ដែលជាធនធានសំខាន់ចាំបាច់សម្រាប់ការរីកលូតលាស់នៃបច្ចេកវិទ្យា Blockchain។

ផ្អែកលើសសរស្តម្ភទាំង៣របស់ខ្លួន សហគមន៍ NEAR កម្ពុជា បង្កើតឡើងក្នុងគោលបំណងបង្កើនការ យល់ដឹងអំពីបច្ចេកវិទ្យា Web 3.0 និងក្លាយជាថ្នាលបណ្តុះបណ្ដាលប្រជាជនខ្មែរ ដែលមានទេពកោសល្យឲ្យអាចបង្កើតគម្រោង Web 3.០ ដោយខ្លួនឯង ព្រមទាំងបង្កើតបណ្តាញក្រុមអ្នកអភិវឌ្ឍន៍បច្ចេវិទ្យាជាតិ និងអន្តរជាតិ។ ការបង្កើតសហគមន៍បែបបើកចំហនេះ ត្រូវបានដឹកនាំដោយលោក Yanzer Lee ជាមួយនឹងសមាជិកក្រុមការងារស្នូលមួយចំនួនទៀត ដោយមានការគាំទ្រពី មូលនិធិ NEAR (Near Foundation)។

ផ្នែកសំខាន់មួយនៃកម្មវិធីសម្ពោធនេះគឺកិច្ចពិភាក្សានៃក្រុមការងារស្នូលរបស់ KH NEAR ស្តីពីបច្ចេកវិទ្យា Blockchain ដែលកិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយ លោក Tomas Pokorny អ្នកតំណាង KH NEAR ផ្នែកទំនាក់ទំនងសាធារណៈ និងរដ្ឋាភិបាល និងចូលរួមដោយវាគ្មិនលោក Jim Ko អ្នកតំណាង KH NEAR ផ្នែកសហគ្រិនភាព, លោក Kayel Lee អ្នកតំណាង KH NEAR ផ្នែករៀបចំកម្មវិធី និងទីផ្សារ , លោក Saing Sab អ្នកតំណាង KH NEAR ផ្នែក DevX និង លោក Yanzer Lee ដែលជាអ្នកតំណាង និងទូតសុឆន្ទៈ KH NEAR។

 

កម្មវិធីនេះត្រូវបានសហការរៀបចំដោយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យា (CAFT) ក្រុមហ៊ុន Fireworks Digital ក្រុមហ៊ុន IG Tech Group ក្រុមហ៊ុន D.Q.D Consulting និង សមាគមធុរកិច្ចថ្មីអ៊ីនធើណែតកម្ពុជា (CISA) ព្រមទាំងគម្រោង Blockchain សំខាន់ៗមួយចំនួនដូចជា Togethër ដែលជាធុរកិច្ចថ្មីជួយបង្កើតប្រាក់ចំណូលក្នុងការរស់នៅ Brixie ដែលជាធុរកិច្ចថ្មីផ្នែកកម្មសិទ្ធិប្រភាគទ្រព្យ 369 ដែលជាទីផ្សារ NFT សម្រាប់សិល្បករ Octopus ដែលជាបណ្តាញ Appchain អន្តរប្រតិបត្តិការ និង OG ដែលជា ទីផ្សារអ្នកមានទេពកោសល្យផ្នែក Web3។

ការសម្ពោធដាក់ឲ្យដំណើរការនេះគ្រាន់តែជាការចាប់ផ្ដើមនៃការប្តេជ្ញាចិត្តរបស់ KH Near ក្នុងការបង្កើនការយល់ដឹង និងគាំទ្រការពង្រឹងជំនាញ និងអភិវឌ្ឍអ្នកមានទេពកោសល្យក្នុងសហគមន៍បច្ចេកវិទ្យា Blockchain នៅកម្ពុជា។

លោក គឹម ពុធគីរី ប្រធានក្រុមហ៊ុន IG Tech Group ដែលនឹងមានគម្រោងបណ្តុះបណ្តាលបច្ចេកវិទ្យា Blockchain នាពេលខាងមុខ បានលើកឡើងថា៖«គោលដៅមួយរបស់យើងគឺពង្រីកបណ្តាញអ្នកមានទេពកោសល្យនៅកម្ពុជាឲ្យក្លាយជាអ្នកឈានមុខគេក្នុងបច្ចេកវិទ្យា Blockchain តាមរយៈការអប់រំបណ្តុះបណ្តាល សហគមន៍ និងការនែនាំនានា។»

បើលោកអ្នកចង់ចូលជាសមាជិករបស់ KH NEAR Guild សូមចុចចូលតំណរភ្ជាប់ខាងក្រោមនេះ:
https://t.me/khnear