(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកស្រីឧកញ៉ា គង់ សំណាង ម្ចាស់គម្រោងបុរី វិមានសំណាង នារៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងបុរី វិមានសំណាង និងធនាគារ សហពាណិជ្ជ ក.អ (UCB) ដើម្បីសម្រួលលក្ខខណ្ឌផ្ដល់កម្ចី និងលក្ខខណ្ឌបង់ប្រាក់ ដល់អតិថិជនឱ្យកាន់តែមានភាពងាយស្រួល។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់បុរី វិមានសំណាង បានថ្លែងថា ការចុះ MOU ជាមួយធនាគារ UCB នឹងរួមចំណែកសម្រួលលក្ខខណ្ឌស្នើកម្ចីបានកាន់តែច្រើន និងកាន់តែងាយស្រួល ដល់អតិថិជនដែលមានបំណងទិញលំនៅឋានពីបុរី វិមានសំណាង ព្រោះថា UCB គឺជាធនាគារ ដែលមានទំហំទុនបម្រុងកម្ចីយ៉ាងធំ ស័ក្តិសមជាធនាគារដៃគូសហការដ៏យូរអង្វែង និង រឹងមាំជាមួយបុរី វិមានសំណាង។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្ដថា គិតមកទល់ពេលនេះ បុរី វិមានសំណាង បានចាប់ដៃគូសហការលើការផ្ដល់ប្រាក់កម្ចីទិញលំនៅឋាន ជាមួយធនាគារធំៗចំនួន២ ហើយទៅថ្ងៃមុខលោកនឹងបន្តស្វែងរកកិច្ចសហការជាមួយធនាគារជាដៃគូ ឱ្យបានកាន់តែច្រើនថែមទៀតផងដែរ។

លោក ហុង ស៊ុនឈិ (Huang Shun Chieh) ប្រធាននាយកដ្ឋានគ្រប់គ្រងសាខាធនាគារ សហពាណិជ្ជ ក.អ (UCB) បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យធនាគារ UCB សហការជាដៃគូផ្ដល់ប្រាក់កម្ចីទិញផ្ទះជូនអតិថិជន ដែលមានបំណងទិញបុរី វិមានសំណាង ដោយសារតែ ទី១ ខាងធនាគារមានទំនុកចិត្តខ្ពស់ទៅលើឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យដ៏ល្បីមួយរូបនៅកម្ពុជា ទី២ ទំនុកចិត្តទៅលើគម្រោងរបស់បុរី វិមានសំណាង ដែលកំពុងតែបន្តវឌ្ឍនភាព និងសម្រុកសាងសង់ឥតឈប់ ជូនអតិថិជនរបស់ខ្លួន និងទី៣ គឺធនាគារ ក៏បានសិក្សាយ៉ាងលម្អិតពីសន្ទុះនៃការលក់ផ្ទះ ជូនអតិថិជនក្នុងបុរី វិមានសំណាង ឃើញថា លក់ដាច់ជាហូរហែ គួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថា បុរី វិមានសំណាង គឺជាលំនៅឋានប្រណីតលំដាប់អភិជន សាងសង់ឡើងលើផ្ទៃដីជាង២៥ហិចតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខាងជើងក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់ ប្រមាណ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ ក្នុងគម្រោងបុរី វិមានសំណាង បណ្ដុំទៅដោយផ្ទះ វីឡាលំដាប់អភិជន សរុបមានជាង ៤៥០វីឡា រួមមានប្រភេទ Royal Villa, King Villa Queen Villa និង Prince Villa ជាដើម។

បន្ថែមពីនេះ អ្វីដែលចងចិត្តអតិថិជន ឱ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺទីតាំងរបស់វីឡាទាំងអស់ ក្នុងបុរី វិមានសំណាង សុទ្ធតែបែរទៅរកបឹងធម្មជាតិ មានសួនសាធារណៈពោពេញដោយផ្ទៃបៃតង ផ្លូវក្នុងបុរី ធំទូលាយ រំលេចនូវសោភណ្ឌភាព ផ្ដល់ឯកជនភាព សុវត្ថិភាពពិតៗ។ បុរី វិមានសំណាង ពិតជាស័ក្តិសមឥតខ្ចោះសម្រាប់ គ្រួសារអភិជននៅកម្ពុជា ដែលប្រាថ្នាចង់បានភូមិគ្រឹះប្រកបដោយផាសុខភាព និងមានហុងស៊ុយពេញលេញ ជូនម្ចាស់ផ្ទះ។

កាន់តែពិសេស ដើម្បីអបអរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បុរី វិមានសំណាង បានផ្តល់ជូនលោកអ្នកនូវប្រម៉ូសិនជាច្រើនដូចជា៖ ថែមម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ សាទែនទឹកចំណុះ 1500L ទទួលបានថ្នាំការពារសត្វកណ្តៀរ និងមានឱកាសទទួលបានការចាប់រង្វាន់ធំគឺរថយន្ត Lexus 600 ឆ្នាំ២០២២៕