(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់ការអប់រំសម្រាប់អ្នកមានភ្នែកនៅកម្ពុជា វិទ្យាស្ថានជាតិអប់រំពិសេស និងក្រុមហ៊ុន Overflow Biz, Inc បានសហការគ្នាចូលរួមលើកកម្ពស់ការមើលដល់សិស្សានុសិស្សដែលមានបញ្ហាភ្នែកឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាលើកកម្ពស់ការមើលរបស់អ្នកដែលមានបញ្ហាភ្នែកផងដែរ។

កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោង KOICA CTS SEED 2 កាលពីខែសីហា ឆ្នាំ២០២២។

លោក Autumn Moon នាយកផ្នែកលក់នៃក្រុមហ៊ុន Overflow បានឱ្យដឹងថា «រហូតមកដល់បច្ចុប្បន្ននេះក្រុមហ៊ុន Overflow បាននិងកំពុងផ្តល់ឧបករណ៍ជំនួយបច្ចេកវិទ្យាជាច្រើនសម្រាប់អ្នកដែលខ្សោយភ្នែកនៅក្នុងប្រទេសកូរ៉េ និងបណ្តាប្រទេសផ្សេងៗទៀតក្នុងពិភពលោក។

លោក Autumn Moon បានបន្តថា ជាមួយនឹងបទពិសោធន៍កន្លងមក ក្រុមហ៊ុន Overflow នឹងព្យាយាមរហូតដល់ជនមានពិការភាពអាចរស់នៅដោយគ្មានឧបសគ្គ។ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹង Versa Slate និង Versa Printer លោកសង្ឃឹមថាសិស្សដែលមានបញ្ហាក្នុងការមើល នឹងទទួលបានព័ត៌មានកាន់តែមានប្រសិទ្ធភាព។

លោក វន វី នាយករងវិទ្យាស្ថានជាតិអប់រំពិសេ បានលើកឡើងថា «ឧបករណ៍ Versa Slate និង Versa Printer ពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់សិស្សដែលមានបញ្ហាក្នុងការមើល ប្រើប្រាស់ក្នុងការសិក្សាលើគ្រប់មុខវិជ្ជា ជាពិសេសគណិតវិទ្យា និងការសរសេរតាមអាន លើសពីនោះធ្វើឱ្យសិស្សកាត់បន្ថយការប្រើប្រាស់ក្រដាស់»

តំណាងវិទ្យាស្ថានជាតិអប់រំពិសេស និងក្រុមហ៊ុន Overflow បានប្ដេជ្ញាថា តាមរយៈការធ្វើការរួមគ្នានេះ ភាគីទាំងពីរនឹងចូលរួមលើកកម្ពស់ការសិក្សាសម្រាប់សិស្សដែលមានពិការភាពភ្នែកនៅកម្ពុជា បង្កើនសមត្ថភាពប្រើប្រាស់ការមើលឱ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងបន្តគោលដៅអភិវឌ្ឍន៍រួមគ្នាក្នុងការលើកកម្ពស់ការទទួលបាននូវព័ត៌មាន និងឱកាសសិក្សាស្មើៗគ្នាសម្រាប់ជនមានពិការភាពភ្នែក៕