(ភ្នំពេញ)៖ ក្រុមហ៊ុន Startec Dynamics Cambodia នឹងបង្ហាញរូបរាងម៉ូតូដ៏ទំនើប តាមស្តង់ដារអន្តរជាតិនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ។ យីហោម៉ាក «Calypso» នឹងក្លាយទៅជាម៉ូតូដែលក្រុមហ៊ុនផលិតមុនដំបូងគេបង្អស់ ហើយម៉ូឌែលពីរប្រភេទដែលនឹងចេញជាផ្លូវការក្នុងខែមករា ឆ្នាំ២០២៣នេះគឺ Nijia 110 និង Xplorer 150។
Startec Dynamics Cambodia គឺជាសាខារបស់ Startec Dynamics Incorporation ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ មានឯកទេសទៅលើផ្នែក R&D សម្រាប់វិស័យឧស្សាហកម្មម៉ូតូ។
ថ្មីៗនេះក្រុមហ៊ុនបានសាកល្បងដំណើរការម៉ាស៊ីន បច្ចេកវិទ្យា ព្រមទាំងភាពធន់នៃម៉ូតូថ្មីយីហោ Calypso នេះផងដែរ ដែលត្រូវបានបង្កើតឡើង តាមស្តង់ដារអន្តរជាតិ បំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ និងមានគោលបំណងបង្កើតខ្លួន ជាម៉ាកយីហោថ្មីនៅក្នុងវិស័យម៉ូតូកង់២។
លោក Ivan Ting នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Startec Dynamics Cambodia បានថ្លែងថា ក្រុមហ៊ុនបានធ្វើតេស្តសាកល្បងសមត្ថភាពរបស់ម៉ូតូ Calypso ទាំងពីរម៉ូឌែល ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃម៉ាស៊ីន នៅគ្រប់សភាពផ្លូវ និងភាពធន់នៃម៉ូតូ ដើម្បីជំរុញម៉ាស៊ីនទាំងពីរប្រភេទនេះឲ្យដល់គោលដៅ ដែលបានកំណត់ ក្រុមហ៊ុនក៏បានសហការជាមួយ Yamamoto Circuit Cambodia របស់អ្នកឧញ៉ា ម៉ុង ឫទ្ធីផងដែរ។
លោកបានបន្ដថា ម៉ូតូ Calypso ជាម៉ូតូដែលធ្វើការបានយ៉ាងល្អ ម៉ាសមានកម្លាំងខ្លាំងរុញទៅដល់កម្រិតអតិបរមា ដើម្បីធានាបាននូវភាពធន់ និងការដំណើរការរបស់វា នៅក្រោមអាកាសធាតុក្តៅ ប្រព័ន្ធទឹកត្រជាក់បានបង្ហាញពីប្រសិទ្ធភាព ម៉ូតូទាំងពីរប្រភេទនេះអាចធន់ នឹងអាកាសធាតុគ្រប់យ៉ាង និងធន់នឹងកម្តៅបានយ៉ាងល្អ។
ម៉ូតូ Calypso អាចបត់បែនគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវកោងខ្លាំង ឬផ្លូវរដិបរដុប ម៉ូតូនេះនៅតែអាចរក្សាលំនឹងបានយ៉ាងល្អ ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ EFI (Electronic Fuel Injection) ម៉ាស៊ីនអនុលោមតាមស្តង់ដារ Euro 5 ដែលស៊ីប្រេងតិច និងកាត់បន្ថយការបំពុលដោយឧស្ម័ន។
លោកបានបញ្ជាក់ថា ជាងនេះទៅទៀតម៉ូតូ Calypso បំពាក់ទៅដោយអំពូល LED ដែលមានមុខងារខ្ពស់ ស្រស់ស្អាត និងបំភ្លឺផ្លូវបានយ៉ាងល្អ ធ្វើឲ្យមើលឃើញយ៉ាងច្បាស់នៅពេលយប់ និងមិនបង្ករផលរំខាន ដល់អ្នកដំណើរដទៃទៀតឡើយ។
លើសពីនេះការប្រើប្រាស់សន្សំសំចៃ ជាមួយនឹងសាំងចំនួន១៤.៥លីត្រ ក្នុងកម្រិតប្រើប្រាស់ជាមធ្យម៥០គីឡូម៉ែត្រក្នុងមួយថ្ងៃ លោកអ្នកអាចជិះបានរហូតដល់ទៅមួយខែ ដោយមិនចាំបាច់ចាក់សាំង ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការពិនិត្យអេក្រង់ LED យ៉ាងស្រស់ស្អាតរបស់ម៉ូឌែល Xplorer។
កាន់តែពិសេសរាល់ការជាវម៉ូតូ នឹងទទួលបានកញ្ចប់ដ៏ទាក់ទាញមួយ ដោយផ្ដល់ជូនការធានារយៈពេល២ឆ្នាំ, ការថែទាំដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ, ការទទួលទិញត្រលប់មកវិញក្នុងឆ្នាំដំបូង និងការធានារ៉ាប់រងរយៈពេលពេញ១ឆ្នាំ៕