(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៉ី ឡាយហ្វ៍ អ៉ីនសួរេន ម.ក (GC Life Insurance PLC) និងស្ថាប័នអប់រំ អេ ជី (AG Education) ដែលមានសាលារៀន អារីហ្សូន (Arizon School) និងសាលាអន្តរជាតិ ហ្គ្រេនម៉ោន (Grand Mount International School) ជាបុត្រសម្ព័ន្ធ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីប្រកាសពីការប្តេជ្ញាចិត្ត ក្នុងការលើកស្ទួយវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

អនុស្សរណៈយោគយល់គ្នាមួយនេះ ត្រូវបានចុះដោយលោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life និងលោកឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័ន្ធអប់រំ AG នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life ។

អត្ថប្រយោជន៍ដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការមួយនេះគឺ បើខាងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បញ្ជូនបុត្រធីតា ទៅរៀននៅស្ថាប័នអប់រំ AG នឹងទទួលបានការបញ្ចុះតម្លៃ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិក នៃស្ថាប័នអប់រំ AG នឹងទទួលបានការបញ្ចុះតម្លៃ ក្នុងការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life។

ក្នុងពិធីនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំផ្តល់សេវាអប់រំនេះ ទៅដល់បុគ្គលិក ឬកូនរបស់បុគ្គលិក គណៈគ្រប់គ្រង GC Life ហើយយើងខ្ញុំទទួលបានមកវិញ នូវការធានារ៉ាប់រងអាយុជីវិតសម្រាប់គណៈគ្រប់គ្រង បុគ្គលិកគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអតិថិជន របស់ស្ថាប័ន AG។ បើកូន ឬគណៈគ្រប់គ្រង ឬបុគ្គលិក របស់ GC Life មកសិក្សាកន្លែងយើងខ្ញុំ យើងខ្ញុំផ្តល់ការបញ្ចុះតម្លៃ ៤០% ចាប់ពីថ្ងៃចូលរៀន រហូតដល់ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ចំណែកឯកូន អតិថិជន របស់ក្រុមហ៊ុន GC Life ដែលបញ្ជូនមករៀននៅខាងយើងខ្ញុំ យើងខ្ញុំបញ្ចុះតម្លៃ ២០%។ ត្រលប់មកវិញ GC Life ផ្តល់ការបញ្ចុះតម្លៃលើសេវាធានារ៉ាប់រងអាយុជីវិត សម្រាប់គណៈគ្រប់គ្រង បុគ្គលិក និងអតិថិជន របស់យើងខ្ញុំ ១៥%។ អញ្ចឹងហើយ នេះជាគោលបំណងចម្បង នៃភាពជាដៃគូ»

លោកឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង បានបន្តថា ចាប់ពីថ្ងៃនេះតទៅ ភាគីទាំងពីរមានភារកិច្ច និងទំនួលខុសត្រូវ គឺថាជួយផ្សព្វផ្សាយផលិតផល របស់ភាគីម្ខាងៗ ក្នុងប្រយោជន៍ជំរុញកំណើនចំណេះដឹង ការស្វែងយល់ពីអត្ថប្រយោជន៍ នៃវិស័យអប់រំ ឲ្យកាន់តែស៉ីជម្រៅ។ លើសពីនេះទៀត ដើម្បីឲ្យប្រជាជន ស្វែងយល់ពីសេវាធានារ៉ាប់រងអាយុជីវិត ឲ្យកាន់តែប្រសើរនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ខណៈកន្លងមកនេះ វិស័យធានារ៉ាប់រងអាយុជីវិតនេះ មានច្រើនក្រុមហ៊ុន ប៉ុន្តែប្រជាពលរដ្ឋយើងមួយចំនួន មិនទាន់មានការយល់ដឹងនៅឡើយ។

លោកឧកញ៉ា វេជ្ជបណ្ឌិត បានលើកឡើងពីសម្តីរបស់បិតាស្ថាបនិក របស់សហរដ្ឋអាមេរិក លោក Benjamin Franklin មួយឃ្លាថា «An investment in education gives the best returns» ឬមានន័យថា ការវិនិយោគក្នុងវិស័យអប់រំផ្តល់ផលចំណេញល្អបំផុត។ លោកឧកញ៉ា ក៏បានថ្លែងទស្សនៈផ្ទាល់ខ្លួនបន្ថែមដែរថា ការធានារ៉ាបរងអាយុជីវិត គឺជាទំនួលខុសត្រូវរបស់បុគ្គលដល់គ្រួសារ និងសហគមន៍ ជាពិសេសដល់សង្គមជាតិទាំងមូល។

ការចុះអនុស្សរណៈយោគយល់គ្នា ជាមួយស្ថាប័នអប់រំ AG គឺសម្រាប់កិច្ចសហប្រតិបត្តិការ ដែលនឹងនាំមកនូវអត្ថប្រយោជន៍ជារួមដល់ បុគ្គលិក អតិថិជន គ្រូបង្រៀន សិស្សានុសិស្ស និងសាច់ញាតិរបស់ពួកគេ។

ស្របពេលជាមួយគ្នានេះ លោក Michael Tee បានលើកឡើងដែរថា «នៅឆ្នាំ២០២៣ ក្រុមហ៊ុនរបស់យើងបានរៀបចំផែនការយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន សម្រាប់ការអភិវឌ្ឍ និងពង្រីកអាជីវកម្ម។ បន្ទាប់ពីពិចារណាយុទ្ធសាស្ត្រទាំងអស់នេះ យើងសង្កេតឃើញថាវាភាគច្រើនទាក់ទងនឹងការអប់រំ ដូច្នេះហើយ យើងបានសម្រេច ដាក់ឈ្មោះឆ្នាំ២០២៣ ជាឆ្នាំនៃការអប់រំ «GC Education Year»

លោកនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានបន្តថា សម្រាប់ឆ្នាំនៃការអប់រំ «GC Education Year» ក្រុមហ៊ុននឹងធ្វើសិក្ខាសាលាអប់រំបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹងជាសាធារណៈលើការធ្វើផែនការហិរញ្ញវត្ថុ និងផ្តល់ការឧបត្ថម្ភមួយចំនួន ដល់សាកលវិទ្យាល័យដើម្បីគាំទ្រសកម្មភាពនៃសមាគមនិស្សិត។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life ក៏នឹងផ្តល់អាហារូបករណ៍ ដល់និស្សិតសាកលវិទ្យាល័យ និងធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល មួយចំនួនផងដែរ ដើម្បីអប់រំសាធារណជន អំពីសារៈសំខាន់នៃនិរន្តរភាពបរិស្ថាន៕