(ភ្នំពេញ)៖ ភាពយន្ដបែបវិទ្យាសាស្ត្រ ប្រឌិតដំបូងគេបង្អស់របស់ប្រទេសកម្ពុជា មានចំណងជើងថា «ជាតិក្រោយ» ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននាពេលអនាគត ដោយប្រើបច្ចេកវិទ្យាបែប AR ប្រកបជាមួយនឹងឈុតឆាក ដែលមានបច្ចេកវិទ្យាទំនើបៗផ្សេងទៀត បានរៀបចំពិធីបើកសម្ពោធចាក់បញ្ចាំងសម្រាប់ទស្សនិកជនកម្ពុជា នៅតាមបណ្តារោង ភាពយន្តនានា នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ភាពយន្តខ្នាតធំ រឿង «ជាតិក្រោយ» គឺជាភាពយន្តដែលថតនៅប្រទេសកម្ពុជា ដោយជនជាតិអាមេរិកលោក Jake Wachtel។ កាលពីឆ្នាំ ២០២១ ភាពយន្តនេះ គឺជាភាពយន្តដែលបានចាក់បញ្ចាំង នៅពិធីបើកកម្មវិធីវាយតម្លៃភាពយន្តអន្តរជាតិក្រុង Venice លើកទី ៣៦។ ចាប់តាំងពីពេលនោះមក ខ្សែភាពយន្តនេះបានក្លាយជាផ្នែកមួយ ក្នុងកម្មវិធីមហោស្រពភាពយន្តនានាទូទាំងពិភពលោក ព្រមទាំងបានឈ្នះពានរង្វាន់កំពូលជាច្រើនផងដែរ មុនពេលភាពយន្តនេះចាក់បញ្ចាំងជាផ្លូវការ នៅអាមេរិកខាងជើង។ ភាពយន្ត «ជាតិក្រោយ» នឹងចាប់ផ្តើមចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex Cambodia និង Legend ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ដោយការចាក់បញ្ចាំងលើកដំបូងនឹងធ្វើឡើង នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
អ្នកដឹកនាំរឿង «ជាតិក្រោយ» លោក Jake Wachtel បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ភាពយន្តនេះពិតជារឿងបែបវិទ្យាសាស្ត្រដំបូងគេ សម្រាប់ភាពយន្តខ្មែរ ដែលថតក្នុងប្រទេសកម្ពុជា ដោយមានតួសម្តែង និងក្រុមការងារជាជនជាតិខ្មែរ។ វប្បធម៌ខ្មែរបានជំរុញចិត្តរបស់លោកយ៉ាងខ្លាំង ក្នុងការផលិតភាពយន្តនេះ។ លោកសង្ឃឹមថា ប្រជាជនកម្ពុជានឹងមានមោទនភាព ដែលបានឃើញទីក្រុងរបស់ពួកគេ វប្បធម៌របស់ពួកគេឆ្លុះបញ្ចាំង នៅក្នុងភាពយន្តវិទ្យាសាស្ត្រ ជាមួយនឹងចក្ខុវិស័យនៃទីក្រុងភ្នំពេញនាពេលអនាគត ដែលជារឿងមួយដែលពាក់ព័ន្ធនឹងប្រពៃណី និងជំនឿរបស់ប្រទេសកម្ពុជាផងដែរ។
លោក Wachtel បានបន្តទៀតថា បន្ថែមពីលើភាពគួរឲ្យចាប់អារម្មណ៍សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា ការផលិតខ្សែភាពយន្តនេះ គឺដើម្បីនាំយករឿងខ្មែរដ៏ប្លែក និងគួរឲ្យរំភើបទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ សហផលិតករភាពយន្ត «ជាតិក្រោយ» លោក សុខ វិសាល ដែលជាស្ថាបនិកនៃ 802 Films និងលោក Wachtel បានបង្ហើបឲ្យដឹងថាភាពយន្ត «ជាតិក្រោយ» នេះគឺជាការងើបចេញពីស្តង់ដារភាពយន្តរបស់ប្រទេសកម្ពុជា។
លោក សុខ វិសាល បានថ្លែងថា «ទោះបីជារោងភាពយន្តខ្មែរ កាន់តែមានភាពទំនើបក៏ដោយ ប៉ុន្តែសាច់រឿងខ្សែភាពយន្តនៅ ប្រទេសកម្ពុជានៅតែមានភាពសាមញ្ញ ដែលមើលទៅភាគច្រើនជាភាពយន្តបែបស្នេហាត្រីកោណ និងកំប្លុកកំប្លែង។ រឿង «ជាតិក្រោយ» មានភាពខុសប្លែកពីភាពយន្តដទៃ ព្រោះភាពយន្តនេះបង្ហាញពីជំនឿ និងទំនៀមទម្លាប់ប្រទេសកម្ពុជា ដែលទាក់ទងនឹងការចាប់បដិសន្ធិឡើងវិញ រួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យានាពេលអនាគតដូចជា វិទ្យាសាស្រ្តប្រព័ន្ធប្រសាទ និងបច្ចេកវិទ្យា AR»។
តាមរយៈការក្រឡេកមើលទៅអនាគតនៃប្រទេសកម្ពុជា ផលិតករភាពយន្ត «ជាតិក្រោយ» សង្ឃឹមថា នឹងបង្ហាញពីរបៀបដែលជំនឿប្រពៃណីរបស់ប្រទេសមួយ អាចរួមរស់ជាមួយបច្ចេកវិទ្យាសម័យទំនើប និងធ្វើឲ្យមានការពិភាក្សាអំពីចំណុចប្រសព្វនៃបច្ចេកវិទ្យា កម្មផល និងស្វែងរកការត្រាស់ដឹង។
«ជាតិក្រោយ» នឹងចាប់ផ្តើមចាក់បញ្ចាំងនៅប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែកុម្ភៈ នៅរោងភាពយន្ត Major Cineplex Cambodia និង Legend៕