(ភ្នំពេញ)៖ កីឡាករ វឿន វាសនា នឹងត្រូវចេញទៅលេងឲ្យក្លិប Lavie Long An របស់ប្រទេសវៀតណាម ក្នុងពេលឆាប់ៗ ជាមួយតម្លៃខ្លួនទ្វេដង ។ នេះបើតាមការបង្ហើបឲ្យដឹងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បន្ទាប់ពីកីឡាកររូបនេះ បានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមជម្រើសជាតិ U19 បារាំង ៣-១សិត ក្នុងជំនួបមិត្តភាពអន្ដរជាតិ លើកទី២ កាលពីយប់មិញ ។

នេះគឺជាលើកទី២ ហើយ ដែល វឿន វាសនា ត្រូវបានព្រមព្រៀងលេងឲ្យក្លិបលីគកំពូលវៀតណាមខាងលើ បន្ទាប់ពីធ្លាប់ទៅលេងលើកដំបូង កាលពីកំឡុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក្នុងតម្លៃខ្លួនជាង ១ម៉ឺនដុល្លារ សម្រាប់រយៈពេល ២សប្ដាហ៍ ។ ប៉ុន្ដែបេសកកម្មរបស់សមាជិកក្រុមវិសាខាលើកនេះ គឺទទួលបានតម្លៃខ្លួនទ្វេដង មានន័យថា ប្រមាណជាង ២ម៉ឺនដុល្លារ សម្រាប់ការលេងចំនួន ៦ប្រកួតប៉ុណ្ណោះឲ្យក្លិប Lavie Long An ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានអះអាងថា «វឿន វាសនា គឺជាកីឡាករខ្មែរទី១ ដែលមានតម្លៃខ្លួនខ្ពស់បំផុត ក្នុងទីផ្សារដោះដូរទីផ្សារកីឡាករនេះ ដោយបានឆ្លងកាត់សហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយសហព័ន្ធកីឡាបាល់ទះអាស៊ី ក៏ដូចជាសហព័ន្ធកីឡាបាល់ទះអន្ដរជាតិផងដែរ»

តាមរយៈនេះ លោកបានដាស់តឿន និងជំរុញឲ្យកីឡាករទាំងអស់ ត្រូវខិតខំហ្វឹកហាត់ ដ្បិតទីផ្សារកីឡាបាល់ទះកម្ពុជាបច្ចុប្បន្ន កំពុងលេចមុខមាត់ខ្លាំងក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ពិសេសក្នុងដំណាក់កាលកម្ពុជាត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលមានបណ្ដាប្រទេសជាច្រើន បានបាញ់ក្រសែភ្នែកមើលកីឡាករកម្ពុជា ។ សហព័ន្ធបានប្ដេជ្ញានឹងធ្វើឲ្យតម្លៃខ្លួនកីឡាករទាំងអស់ខ្ពស់ដូចគ្នា ប្រសិនបើជាឈ្នះមេដាយមាស ឬប្រាក់ស៊ីហ្គេមទៀតនោះ ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ខ្ញុំជឿជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងយុគសម័យកំណែទម្រង់ស៊ីជម្រៅនេះ យើងនឹងធ្វើឲ្យតម្លៃខ្លួនកីឡាកររបស់យើងឲ្យកាន់តែថ្លៃថែមទៀត ជាក់ស្ដែងឆ្នាំមុន ម៉ាឡេស៊ី ក៏បានទាក់ទងទិញកីឡាករយើង ៥-៦នាក់ដែរ តែសួរថា ហេតុអ្វីក្នុងនាមអគ្គលេខាធិការមិនជំរុញកីឡាករឲ្យទៅ? ព្រោះយើងចង់បញ្ជូនកីឡាករមានគុណផលខ្ពស់ ហើយបើរាមច្បងទៅជួយក្លិបគេរីកចម្រើន ដល់ពេលប្អូនៗទៅក្រោយ ក៏ទទួលបានតម្លៃខ្ពស់ដែរ»

ស្របពេលវិស័យកីឡាបាល់ទះកម្ពុជា កំពុងរីកចម្រើន និងមានទីផ្សារលើឆាកអន្ដរជាតិនេះ ក្នុងនាមសហព័ន្ធ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ក៏បានអំពាវនាវដល់កីឡាករលេងក្រៅប្រព័ន្ធទាំងអស់ ត្រូវកែទម្លាប់លេងអាក្រក់ មកលេងតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីជាគំរូល្អដល់យុវជនបន្ដវេន ចៀសវាងប៉ះពាល់ដល់កិត្យានុភាពជាតិលើវិស័យកីឡាបាល់ទះកម្ពុជា ។ សម្រាប់អ្នកមានសមត្ថភាពល្អ ក៏នឹងទទួលបានឱកាសមាសដូចកីឡាករ វឿន វាសនា នាពេលអនាគតផងដែរ ៕