(ភ្នំពេញ)៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ «ល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះជាសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងពីបណ្តាភាគីពាក់ព័ន្ធរបស់ខ្មែរ ក្រោយការស្រាវជ្រាវ និងរៀបចំអស់ប្រមាណ ១ទសវត្សរ៍ ក្នុងនោះក៏មានលោកព្រឹទ្ធាចារ្យក្រមាស សាន គឹមស៊ាន មួយរូបផងដែរ។

ក្នុងបទសម្ភាសជាមួយ Fresh News នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បានឲ្យដឹងថា «ល្បុក្កតោ» ត្រូវបានបែងចែកជា២ ដែលមួយគេហៅថា «ក្បាច់គុនមនុស្សលោក» និងមួយទៀត គេហៅថា «ក្បាច់គុនអាទិទេព» ហើយនៅលើពិភពលោកអត់មានដូចខ្មែរទេ។ «ក្បាច់គុនអាទិទេព» សម្តៅដល់ សាក់យ័ន្ត បាលី គាថា កាប់មិនមុតដុតមិនឆេះ ស្បែកគង់ មហាទម្ងន់ មហាសម្រាល មហារំអិល ជាដើម។ ចំណែក​ឯ «ក្បាច់គុនមនុស្សលោក» សម្តៅដល់យុទ្ធគុន ដែលមានគុនដំបង គុនដាវ គុនលំពែង ក៏ដូចជាសិល្បៈប្រដាល់ជាដើម។

លោកព្រឹទ្ធាចារ្យ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្បាច់គុនជាច្រើន លើពិភពលោកគេមានតែមួយទេ ដូចជា ការ៉ាត់តេ តេខ្វាន់ដូ យូដូ កុងហ្វូ និងក្បាច់គុននានា។ ប៉ុន្តែ ខ្មែរយើងមានក្បាច់គុនអាទិទេពមួយទៀត នៅក្នុងក្បាច់គុនល្បុក្កតោ ដែលចាស់ៗនិយាយថា កាប់មិនមុតដុតមិនឆេះ ប្រឡាក់ផេះមិនស្អុយ។ យើងឃើញសាក់យ័ន្ត ឬបាលី សុទ្ធតែសម្តៅលើក្បាច់គុនអាទិទេព ព្រោះនៅក្នុងទាំងអស់ហ្នឹង សុទ្ធតែបាលី និងគាថារបស់អាទិទេព»

លោកបានបន្តថា «នេះជាជំនឿពិតរបស់ដូនតា។ ខ្ញុំមិនដឹងថា ខ្ញុំពូកែ ឬមិនពូកែទេ តែខ្ញុំអភិរក្សរបស់ទាំងអស់នេះ។ ខ្ញុំចេះមិនអស់ទេ គឺចេះប្រមាណ ២០ទៅ ៣០ភាគរយ នៃក្បាច់គុនល្បុក្កតោតែប៉ុណ្ណោះ។ ក៏មានអ្នកចេះដទៃទៀតជាច្រើនដែរ។ ដូនតាយើង ចេះក្បាច់បំបាំងខ្លួន បែងភាគ សុទ្ធតែជារឿងពិត ដែលខ្ញុំធ្លាប់ឃើញ ធ្លាប់ដឹង។ និយាយទៅ គេមិនជឿទេ ព្រោះគេមិនដែលឃើញ។ គ្រូខ្ញុំគេវាយគាត់ គេមានគ្នា ៤០នាក់ កាប់គាត់តែមិនមុត គ្រាន់តែពកគ្រប់កន្លែង ព្រលឹមឡើងបាត់អស់រលីង។ ខ្ញុំមិនដែលឃើញគេដុតគាត់ទេ​ តែគេកាប់គាត់ ខ្ញុំឃើញ។ ខ្ញុំអត់មានអីថតទុក តែខ្ញុំថតទុកក្នុងភ្នែករាល់ថ្ងៃហ្នឹង។ គាត់ផឹកថ្នាំខ្មែរ ហើយដេកត្រាំថ្នាំខ្មែរផង បូកជាមួយការរៀនបាលី ដើម្បីធ្វើឲ្យស្បែកគង់។ គាត់ឲ្យបាលីខ្ញុំ តែពេលអាពត ចូលមកធ្វើឲ្យបាត់ បើនៅខ្ញុំបោះពុម្ភទុកចែកឲ្យបានដឹង ឲ្យកូនខ្មែរ ខ្លាំងពូកែដូចជំនាន់មហានគរ»

បើតាមព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដើម្បីរៀនល្បុក្កតោ គេត្រូវរៀនទាំងអស់ កាលពីជំនាន់ដើម។ លោកបន្ថែមថា ព្រះបាទជ័យវរ្ម័នទី៧ ពេលលោកទៅច្បាំង លោកប្រើយុទ្ធសាស្ត្រដ៏អស្ចារ្យ គឺលោកប្រើទាំងយុទ្ធសិល្ប៍ យុទ្ធគុន និងសិល្បៈ។ យុទ្ធសិល្ប៍ សម្តៅដល់បាលី គាថា។ យុទ្ធគុន សម្តៅដល់ការប្រយុទ្ធដោយប្រើអាវុធ។ សិល្បៈ សម្តៅដល់ល្បិច ល្បួង ល្បោះ ហើយវាយប្រហារ។

បើតាមព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បានលើកឡើងដែរថា «ប្រដាល់» ឬត្រូវបានគេហៅជាទូទៅថា «គុនខ្មែរ» គ្រាន់តែជាផ្នែកតូចមួយនៃក្បាច់គុន «ល្បុក្កតោ» ប៉ុណ្ណោះ។ លោកព្រឹទ្ធាចារ្យ បានអះអាងថា «ល្បុក្កតោ» គឺជាមេនៃក្បាច់គុនរបស់ខ្មែរ។ គុនខ្មែរ ឬ ប្រដាល់ ជាការចែកចេញពីក្បាច់គុនដៃនៃល្បុក្កតោ។ គុនដៃ អត់មានប្រើអាវុធ អត់មានប្រើសិល្ប៍អ្វីទេ គេប្រើតែដៃ និងជើង។

ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ចង់ឲ្យមហាជនស្គាល់ «ល្បុក្កតោ» ជាមេនៃក្បាច់គុនទាំងឡាយរបស់ខ្មែរ។ មានន័យថា បើនិយាយពី «ក្បាច់គុនខ្មែរ» គឺសម្តៅដល់ «ល្បុក្កតោ» ពោលមិនមែនស្គាល់តែពាក្យថា «ប្រដាល់» «គុនខ្មែរ» ដែលជាផ្នែកតូចមួយរបស់ «ល្បុក្កតោ» នោះឡើយ ខណៈវាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។

«ក្បាច់គុនរបស់ខ្មែរ មានតែមួយគត់ គឺ ''ល្បុក្កតោ"»។ នេះបើតាមការសង្កត់ធ្ងន់ ពីលោកព្រឹទ្ធាចារ្យ។

សូមជម្រាបថា «ល្បុក្កតោ» ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ន។

ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ។

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានលើកឡើងថា អត្ថន័យពាក្យ «ល្បុក្កតោ» គឺ «ល្បុក្ក» សំដៅបុកឬវាយ និង «តោ» សំដៅកម្លាំងខ្លាំង។ ដូចនេះក្បាច់គុនល្បុក្កតោ ជាសិល្បៈក្បាច់គុនដែលមានកម្លាំងខ្លាំង មានក្បាច់និងស្នៀតច្រើន ទន់ភ្លន់ រហ័សរហួន និងរឹងមាំ ក្នុងកល់ប្រយទ្ធទៅតាមយុទ្ធវិធីប្រើល្បិច មានកាច់ បុក និងសិល្ប:នៃការប្រយុទ្ធបញ្ជោតដោយដៃ និងឧបករណ៍ប្រយុទ្ធមានដាវ ដំបង និងខែលជាឬស្ស៊ី ត្រាប់តាមសត្វតោ ។

លោកបន្តថា «បើពោលឲ្យខ្លី ក្បាច់គុនល្បុក្កតោ ជាក្បាច់គុនយកតម្រាប់តាមទម្រង់សត្វតោ សម្លាប់តោហ្នឹងឯង»

«គុនល្បុក្កតោ» ត្រូវបានអង្គការយូណេស្កូ សរសេរជាអង់គ្លេសថា «Kun Labokator»។ ប៉ុន្តែ មានការសរសេរខុសជាច្រើន ពេលសរសេរជាអង់គ្លេស ដោយសារដាក់ត្រឹមតែ «Bokator» ដែលហាក់ធ្វើឲ្យខុសពីខ្លឹមសារដើម។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គួរតែមានការសរសេរឲ្យត្រឹមត្រូវ និងមានស្តង់ដារមួយជាក់លាក់លើពាក្យ «គុនល្បុក្កតោ» ពេលសរសេរជាភាសាអង់គ្លេស។ លោកចង់ឲ្យសរសេរពាក្យនេះថា «Kun Labokator» ដូចអង្គការយូណេស្កូ បានកត់ត្រាទុក។

បើតាមសៀវភៅ គុនល្បុក្កតោ សាន គឹមសាន បានឲ្យដឹងថា គុនល្បុក្កតោចែកចេញជា១២ទ្វារ ដែលទ្វារទី១ដល់ទី៨ប្រើប្រាស់កាយសម្បទា ហើយទ្វារទី៩ដល់ទី១២ប្រើប្រាស់អាវុធ ដែលរួមមានអាវុធគ្រោះថ្នាក់ និងអាវុធគ្មានគ្រោះថ្នាក់។ អាវុធគ្រោះថ្នាក់រួមមានកាំបិត ដាវ លំពែង ព្រួញ និងស្នា។ អាវុធគ្មានគ្រោះថ្នាក់រួមមានតម្បៀតបោកស្រូវ ដំបងខ្លី ដំបងវែង ខែល និងដំបងផ្កាឈូក។

ជាងនេះទៅទៀត គុនល្បុក្កតោក៏អាចប្រើក្រមាធ្វើជាអាវុធបានដែរ។ និយាយរួមទៅក្បាច់នេះមានភាពបត់បែនអាចការពារខ្លួនទប់ទល់នឹងការវាយប្រហារពីទិសទាំង៨ ហើយអ្វីៗដែលនៅជុំវិញខ្លួនសុទ្ធតែអាចយកមកប្រើជាអាវុធបានទាំងអស់។

ខុសពីក្បាច់គុននៅប្រទេសផ្សេងៗដូចជាការ៉ាតេដូ យូដូ ឬហាប់គីដូ កម្រិតនៃគុនល្បុក្កតោត្រូវបានបែងចែកជា៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ដោយពណ៌នៃក្រមាដែលរួមមាន ក្រមា«ស», បៃតង, ក្រហម, ត្នោត, ខៀវ, និងក្រមាខ្មៅ ហើយកម្រិតចុងក្រោយគេបង្អស់គឺកម្រិតក្រមាមាស។ ក្រមាខ្មៅមានចាប់ពីកម្រិតទី១ជាន់រហូតដល់កម្រិត១០ជាន់ ដែលសិស្សគុនទាំងអស់ត្រូវហាត់យ៉ាងតិច១០ឆ្នាំ និងចេះយ៉ាងហោចណាស់ចំនួនមួយពាន់ក្បាច់។ កម្រិតខ្ពស់បង្អស់់នៃគុនល្បុក្កតោ គឺកម្រិតក្រមាមាស ដែលអ្នកទទួលបានកម្រិតនេះត្រូវចេះគុនល្បុក្កតោស្ទើរគ្រប់សព្វទាំងអស់។

អ្នកហាត់គុនល្បុក្កតោមានឯកសណ្ឋានស្រដៀងនឹងទាហានខ្មែរនាសម័យបុរាណ។ សិស្សគុនត្រូវយកក្រមាមកចងជុំវិញចង្កេះ ហើយយករង្វេលសូត្រពណ៌ក្រហម «ថ្ងៃសង្វារ» មកចងជុំវិញក្បាលដែលជានិមិត្តរូបនៃពលានុភាព៕