(បរទេស)៖ នាពេលថ្មីនេះ BLACKPINK បានបង្កើតប្រវត្តិសាស្ត្រថ្មី ជាក្រុម K-pop ដំបូងជាប់ឈ្មោះសិល្បករជួរមុខ នៃកម្មវិធី Coachella ខណៈកាលពីឆ្នាំ២០១៩ ក្រុមនេះធ្លាប់បានសម្តែងនៅព្រឹត្តិការណ៍ Caochella នេះម្តង ប៉ុន្តែមិនមែនស្ថិតក្នុងក្រុមចម្រៀងជួរមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

សមាជិកក្នុងក្រុមចម្រៀង BLACKPINK គឺ Jennie, Lisa, Jisoo និង Rose បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលជាមួយនឹងបញ្ជីបទចម្រៀងចំនួន ១៨បទ ដែលគុយភាពខ្ពស់ រួមមានបទល្បីៗ ដូចជា Boombayah, Whistle, Kill This Love និង How You Like That ក៏ដូចជាបទចម្រៀងទោលថ្មីៗដូចជា Flower and Gone ជាដើម។ ទោះបីជា Coachella និង YG Entertainment មិនទាន់បញ្ចេញតួលេខអ្នកទស្សនាជាផ្លូវការក៏ដោយ ក៏ Rolling Stone បានរាយការណ៍ថា ការផ្សាយផ្ទាល់របស់ Blackpink នៅលើ YouTube ត្រូវបានគេរំពឹងថា នឹងនាំមកនូវអ្នកទស្សនាចំនួន ២៥០លាននាក់។

គួរជម្រាបថា ក្រុម BLACKPINK គ្រោងនឹងសម្តែងម្តងទៀតនៅកម្មវិធី Coachella នៅថ្ងៃទី២២ ខែមេសា បន្ទាប់ពីនោះពួកគេនឹងបន្តដំណើរទេសចរណ៍ពិភពលោក Born Pink និងការប្រគុំតន្ត្រី «Summer Time Hyde Park»៕