(ភ្នំពេញ)៖ ប្រជាជនទូទៅតែងតែរមែងចង់បាននូវសម្ភារៈប្រើប្រាស់ទំនើបៗ និងមានផ្ទះសមរម្យសម្រាប់ខ្លួន ព្រមទាំងគ្រួសារ ដែលបុគ្គលម្នាក់ៗខិតខំស្វែងរកប្រាក់ចំណូល តាមរយៈការបំពេញការងារពេញម៉ោង ឬក្រៅម៉ោង តាមបណ្តាសហគ្រាស ភោជនីយដ្ឋាន និងក្លឹបកម្សាន្ត ។ បច្ចុប្បន្នការងារមួយចំនួនមានតម្រូវការស្វែងរកបុគ្គលិកឱ្យបំពេញការងារនៅពេលយប់ផងដែរ។

ដូចនេះដើម្បីឱ្យយល់កាន់តែច្បាស់ថា តើអ្វីទៅជាការងារនៅពេលយប់? ហើយការងារនៅពេលយប់ទទួលបានអត្ថប្រយោជន៍ដូចម្តេចខ្លះ?

សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី ការងារនៅពេលយប់ មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។

ពាក្យថា ពេលយប់ នៅក្នុងច្បាប់ស្តីពីការងារ គឺជារយៈពេលដប់មួយម៉ោងបន្តបន្ទាប់គ្នាយ៉ាងតិច ដោយក្នុងនោះ ត្រូវមានពេលពីម៉ោង ២២ (ម្ភៃពីរ) ទៅម៉ោង ៥ (ប្រាំ) ភ្លឺផង ។ ការងារពេលយប់គិតពីម៉ោង ២២ (ម្ភៃពីរ) ទៅម៉ោង ៥ (ប្រាំ) ភ្លឺ (មាត្រា១៤៤ថ្មី) ។ ការងារពេលយប់ ត្រូវឱ្យប្រាក់ឈ្នួលតាមអត្រា ១៣០% (មួយរយសាមសិបភាគរយ) នៃប្រាក់ឈ្នួលការងារពេលថ្ងៃ។

ឧទាហរណ៍៖ ឱសថស្ថានមួយកន្លែងបើកបម្រើការ ២៤ ម៉ោង ហើយរដ្ឋា គឺជាឱសថការី ដែលកំពុងបំពេញការងារពេញម៉ោង នៅឱសថស្ថាននោះ ដោយទទួលបានប្រាក់ឈ្នួលគោល ចំនួន ២០០USD (ពីររយដុល្លារអាមេរិក) ក្នុងមួយខែ និងត្រូវឈប់សម្រាកនៅរៀងរាល់ថ្ងៃអាទិត្យ ។ ដោយសារតែបញ្ហាផ្ទាល់ខ្លួន រដ្ឋាបានស្នើសុំបំពេញការងារនៅពេលយប់វិញ ។ រដ្ឋានឹងទទួលបានប្រាក់ឈ្នួលសម្រាប់ការបំពេញការងារនៅពេលយប់ ដែលត្រូវបានគណនាដូចតទៅ៖ អត្រាប្រាក់ឈ្នួល x អត្រាភាគរយតាមច្បាប់កំណត់ ដូចនេះប្រាក់ខែសម្រាប់ការងារនៅពេលយប់របស់រដ្ឋាគឺ (២០០$ x ១៣០%) = ២៦០USD (ពីររយហុកសិបដុល្លារអាមេរិក)។

បន្ថែមពីនេះ ក្នុងករណីមានការងារប្រញាប់ខុសធម្មតា តម្រូវឱ្យកម្មករនិយោជិតធ្វើការបន្ថែមក្រៅម៉ោងពេលធម្មតា ម៉ោងពេលបន្ថែមទាំងនេះ ត្រូវឱ្យឈ្នួលតាមអត្រាតម្លើង ៥០% (ហាសិបភាគរយ) ។ ប្រសិនបើធ្វើការបន្ថែមនៅពេលយប់ចន្លោះពីម៉ោង ២២ (ម្ភៃពីរ) ទៅម៉ោង ៥ (ប្រាំ) ភ្លឺ ឬនៅក្នុងថ្ងៃឈប់សំរាកប្រចាំសប្តាហ៍ ត្រូវផ្តល់ប្រាក់បន្ថែមតាមអត្រាតម្លើង ១០០% (មួយរយភាគរយ)។

ឧទាហរណ៍៖ ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យមានអ្នកជំងឺជាច្រើនមកទិញថ្នាំនៅឱសថស្ថានខាងលើ ហើយម្ចាស់ឱសថស្ថានបានស្នើសុំឱ្យរដ្ឋាជួយមកបំពេញការងារនៅថ្ងៃអាទិត្យផងដែរ ដូចនេះប្រាក់ឈ្នួលរបស់រដ្ឋាដែលត្រូវទទួលបានពីការងារបន្ថែមម៉ោង ត្រូវបានគណនាដូចតទៅ៖ អត្រាប្រាក់ឈ្នួលក្នុងមួយម៉ោង x អត្រាភាគរយតាមច្បាប់កំណត់ x ម៉ោងបន្ថែម ដូចនេះប្រាក់ឈ្នួលសម្រាប់ការបំពេញការងារថែមម៉ោងនៅពេលយប់ ថ្ងៃអាទិត្យ របស់រដ្ឋាគឺ  (១,០៨$ x ២០០% x ៨ម៉ោង) = ១៧,២៨USD (ដប់ប្រាំពីរដុល្លារអាមេរិក និងម្ភៃប្រាំបីសេន)។

សរុបសេចក្តីមក ការងារនៅពេលយប់ គឺជាការងារដែលមានរយៈពេល ១១ (ដប់មួយ) ម៉ោង បន្តបន្ទាប់គ្នាយ៉ាងតិច ដោយក្នុងនោះត្រូវមានពេលពីម៉ោង ២២ (ម្ភៃពីរ) ទៅម៉ោង ៥ (ប្រាំ) ភ្លឺផង ។ ការងារពេលយប់គិតពីម៉ោង ២២ (ម្ភៃពីរ) ទៅម៉ោង ៥ (ប្រាំ) ភ្លឺ ។ ចំពោះការងារពេលយប់នេះ កម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួល ១៣០% (មួយរយសាមសិបភាគរយ) នៃប្រាក់ឈ្នួលធម្មតា ហើយប្រាក់ឈ្នួលសម្រាប់ការធ្វើការបន្ថែមនៅពេលយប់ចន្លោះពីម៉ោង ២២ (ម្ភៃពីរ) ទៅដល់ម៉ោង ៥ (ប្រាំ) ភ្លឺ ឬនៅក្នុងថ្ងៃឈប់សំរាកប្រចាំសប្តាហ៍ ត្រូវផ្តល់ប្រាក់បន្ថែមតាមអត្រាតម្លើង ១០០% (មួយរយភាគរយ) ពោលគឺស្មើនឹងអត្រា ២០០% (ពីររយភាគរយ)។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង  និងកញ្ញា ម៉េង សៀវយី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ៖ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com (http://www.ciclf.com/), (http://www.ciclf.com/) ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm៕