(បរទេស)៖ តារាភាពយន្ត «Titanic» លោក Lew Palter បានទទួលមរណភាពក្នុងអាយុ ៩៤ឆ្នាំ បន្ទាប់ពីប្រយុទ្ធប្រឆាំងនៃជំងឺមហារីកសួត។ លោក Lew ដែលមិនត្រឹមតែជាតារាសម្តែងដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រូបង្រៀនល្ខោនដ៏គួរឲ្យគោរព និងជាទីស្រឡាញ់ផងដែរនោះ ខណៈលោកបានស្លាប់នៅផ្ទះរបស់លោកក្នុងទីក្រុង Los Angeles។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

យោងតាម Entertainment Tonight តារាសម្តែងរូបនេះ បានទទួលមរណភាពនៅថ្ងៃទី២១ ខែឧសភា ប៉ុន្តែទើបទទួលការបញ្ជាក់ផ្លូវការពីកូនស្រីរបស់លោកឈ្មោះ Catherine Palter កាលពីថ្ងៃចន្ទទី២៦ ខែមិថុនា។ Lew អាយុ ៩៤ឆ្នាំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ សម្រាប់តួនាទីរបស់លោកនៅក្នុងខ្សែភាពយន្ត ដែលមានអ្នកមើលច្រើនបំផុតគឺ «Titanic» ដែលលោកដើរតួជាមហាសេដ្ឋីជំនួញម្នាក់។ នៅក្នុងខ្សែភាពយន្តនេះ តួអង្គរបស់លោក បានស្លាប់នៅលើកប៉ាល់ជាមួយប្រពន្ធរបស់លោកឈ្មោះ Ida ដែលសម្តែងដោយតារាសម្តែងស្រី Elsa Raven។ ក្រៅពីដើរតួសំខាន់ក្នុងរឿង Titanic តារាសម្ដែងលោក Lew Palter ក៏បានចូលរួមក្នុងកម្មវិធីទូរទស្សន៍ និងភាពយន្តជាច្រើនផងដែរ។

បន្ទាប់ពីបានសម្តែង ក្នុងខ្សែភាពយន្តដែលដឹកនាំដោយលោក James Camron ក្នុងឆ្នាំ១៩៩៧ «Titanic» លោក Lew Palter បានលាឈប់ពីអាជីពភាពយន្តរបស់ខ្លួន ហើយបានក្លាយជាគ្រូបង្រៀនសម្តែងនៅសាលា CalArts of Theatre ជាកន្លែងដែលលោកបានធ្វើការ រហូតដល់ឆ្នាំ២០១៣៕