(ឡុងដ៍)៖ ក្លិប Bournemouth បានចុះកិច្ចសន្យា នាំយកខ្សែការពារឆ្វេងសញ្ជាតហុងគ្រី Milos Kerkez មកពីក្លិបហូឡង់ AZ Alkmaar ជាមួយនឹងតម្លៃផ្ទេរមិនត្រូវបានបង្ហាញ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

បើតាមកាបញ្ជាក់ពីក្លិប ខ្សែការពារវ័យ ១៩ឆ្នាំរូបនេះ បានព្រមព្រៀងលើកិច្ចសន្យារយៈពេលវែង ហើហើយការទៅដល់របស់កីឡាករ Kerkez បានធ្វើឡើង បន្ទាប់ពីក្លិបបានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Justin Kluivert មានវ័យ ២៤ឆ្នាំ មកពីក្លិប Roma និងខ្សែបម្រើក្លិប Lyon កីឡាករ Romain Faivre ដែលមានវ័យ ២៤ឆ្នាំដូចគ្នា។

Kerkez បានចូលរួមជាមួយក្លិប AZ Alkmaar កាលពីខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានចាប់ផ្តើមអាជីពរបស់លោក នៅឯថ្នាលយុវជនរបស់ក្លិប AC Milan។

រូបគេបានបង្ហាញខ្លួន ៥២លើក នៅពេញមួយរដូវកាលដំបូងរបស់លោក នៅឯក្លិប AZ Alkmaar ដោយបានជួយឲ្យក្លិបបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងលីគកំពូលហូឡង់ Eredivisie ដោយរកគ្រាប់បាល់បាន ៥គ្រាប់ និងបង្កើតឳកាសបញ្ជូនបាល់ ឲ្យរកគ្រាប់បាល់បាន ៧គ្រាប់។

សូមជម្រាបថា ក្លិប Bournemouth ដែលស្ថិតក្រោមការដឹកនាំ របស់អ្នកចាត់ការថ្មី Andoni Iraola ជួបក្រុម Southampton នៃប្រកួតមិត្តភាព នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ខណៈការប្រកួតបើករដូវកាល Premier League 2023-24 នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham United នៅថ្ងៃទី១២ ខែសីហាខាងមុខ៕